ក្រុ​មឈ្មួ​ញធំៗ​ធ្វើអា​ជីវកម្ម​បូមខ្សា​ច់ខុ​សច្បាប់៣​កន្លែង​ជាឆ្នាំង​បាយ​អាជ្ញា​ធរស្រុ​កមង្គលបុ​រី

ប្រជាពលរដ្ឋ​ស្រុក​មង្គលបុរី បាន​រាយការណ៍​មក​ថា ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ខុសច្បាប់​ខាងលើនេះ បានធ្វើ​សកម្មភាព ជា​យូរ​ឆ្នាំ​មកហើយ តែ​គេ​មិនដែល​ឃើញ មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ ចុះទៅ​បង្ក្រាប និង​ទប់ស្កាត់​នោះឡើយ​។ ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ក្នុង​មួយថ្ងៃៗ ក្រុម​ឈ្មួញ បាន​បូម​ខ្សាច់​ចេញពី​ក្រោម​ដី​លុង​ជ្រៅ ក្លាយទៅជា​រណ្តៅ​ធំៗ រាប់សិប​កន្លែង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​បញ្ហា​សុវត្ថិភាព​ដល់​កូនតូចៗ​របស់​ពួកគាត់​ដើរ​ធ្លាក់​ក្នុង​រណ្តៅ​បូម​ខ្សាច់​លង់ទឹក​ស្លាប់ និង​ភ័យខ្លាច ដោយ​ការ​ប្រឈម​សត្វ​គោ ក្របី​ធ្លាក់ ក្នុង​រណ្តៅ ទាំងនោះ​ផងដែរ​។ ប្រជាពលរដ្ឋ ស្រុក​មង្គល​បុរី បញ្ជាក់ថា អាជីវកម្ម​បូម​ខ្សាច់​ខុសច្បាប់​ទាំង​៣​កន្លែង​ខាងលើ​មាន​ទីតាំង នៅ​ភូមិ​គោក​ទម្លាប់ ភូមិ​ពោធិ៍​រៀង ឃុំ​បន្ទាយ​នាង និង ភូមិ​អូរ អណ្តូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបុរី ខេត្តបន្ទាយ​មានជ័យ​។​

អភិបាលស្រុក​មង្គលបុរី លោក ឡុង ពុន បាននិយាយ ថា អាជីវកម្ម​បូម​ខ្សាច់​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបាន​លោក និង​ក្រុមការងារ ដឹកនាំ​កម្លាំង​ចុះទៅ​ទប់ស្កាត់ និង​ឲ្យ​ផ្អាក​សកម្មភាព​កន្លងមក​រួចមកហើយ តែ​សកម្មភាព​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ខុសច្បាប់​ទាំង​៣​កន្លែង​នៅតែ ធ្វើ​សកម្មភាព​បូម​ខ្សាច់​ទាំង​បំពាន​ដដែល​។ តែ​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​មង្គលបុរី បាន​រិះគន់ថា អាជីវកម្ម​បូម​ខ្សាច់ យ៉ាង​អនាធិបតេយ្យ​ចំនួន​៣​កន្លែង​ដែល​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​យ៉ាង​គគ្រឹក​គ្រេង​នេះ គឺ​ដោយសារ​មាន​មន្ត្រី​នៅ​ស្រុក​មង្គលបុរី ចេញមុខ​ការពារ​ជា​បន្តបន្ទាប់ បើទោះជា​ប្រជាពលរដ្ឋ បានស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​ក៏ដោយ​។​

​ចំពោះ​ក្រុម​ឈ្មួញ​ដែល​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ ៣​ទីតាំង​ខាងលើ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រាប់​ឱ្យដឹងថា មានឈ្មោះ អ៊ឹង វ៉ាន់​ម៉ៅ និង​ឈ្មោះ សៀវ ភឿង​។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​ក៏មាន​ការសង្ស័យថា ការមិន​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​បូម​ខ្សាច់​ខុសច្បាប់ ដែល​បានធ្វើ​សកម្មភាព​រាប់​ឆ្នាំ​មកនេះ ទំនងជា​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ទទួលបាន​ផលប្រយោជន៍​ពី​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុម ឈ្មួញ ទើប​ពុំ​បង្ក្រាប​យ៉ាង​ដូច្នេះ​។ ប្រជាពលរដ្ឋ​ស្រុក​មង្គលបុរី បាន​រិះគន់ថា បើ អាជ្ញាធរ​ចេះតែ​បណ្តែតបណ្តោយ​ឲ្យ​មាន សកម្មភាព​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម អនាធិបតេយ្យ​ជា​បន្តទៀត​ដោយ​គ្មាន​ការទប់ស្កាត់ និង​បង្ក្រាប នោះ​ផល​លំបាក​ពិតប្រាកដ​នឹង​ធ្លាក់​មកលើ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត៕

 

33 (1)