ខេត្តកណ្តាល ៖ ឧត្តមសេនីយ៍យោធាចំនួន ២ រូប ដែលជាម្ចាស់ក្រុមហ៊ុន នាគខៀវ និងក្រុមហ៊ុន ហង្ស កំពុងរកស៊ីនាំចូលនិងដឹកជញ្ជូន ទំនិញមិនបង់ប្រក្រតី ឬបង់ពន្ធមិនគ្រប់ ពីប្រទេសវៀតណាម តាមច្រកជ្រៃធំ នៃស្រុកកោះធំ ខេត្តកណ្តាល ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ប្រជាពលរដ្ឋបានអះអាងថា ជារៀងរាល់ថ្ងៃ មានកប៉ាល់និងសាឡង់ធំៗ ប្រហែល ១០ទៅ២០ គ្រឿង បានដឹកទំនិញ របស់ក្រុមហ៊ុនទាំងពីរនេះ នាំចូលពីប្រទេសវៀតណាម មកចតឈប់តាមច្រាំង ទន្លេបាសាក់ នៅក្នុងស្រុកស្អាង។ ចំណុចដែលគេចតទី១ នៅភូមិព្រែកប៉ាន ឃុំទឹកវិល ,ទី២ នៅភូមិព្រែកគយ ឃុំព្រែកគយ និងទី៣ នៅភូមិកោះគ ឃុំរកាខ្ពស់ គេមិនដែលឃើញមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅត្រួតពិនិត្យនោះទេ។ បញ្ជាក់ថា ការនាំចូលទំនិញប្រភេទគ្រឿងសំណង់ គ្រប់ប្រភេទរបស់ក្រុមហ៊ុនទាំងពីរនេះ មិនត្រឹមតែមិនបានចូលបង់ពន្ធ ជូនរដ្ឋប៉ុណ្ណោះទេ សូម្បីតែមន្ត្រីតូចតាច ក៏មិនហ៊ានទៅក្បែរផង គឺបណ្តែតបណ្តោយឲ្យ ក្រុមឈ្មួញដ៏មាន អំណាចទាំងពីរនាក់នេះ ធ្វើអ្វីៗតាមតែទំនើងចិត្ត ។
បើតាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅ ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល បានឱ្យដឹងថា បច្ចុប្បន្ននេះលោកផ្កាយ៣ ស៊ី ហ៊រហ៊ុយ ជាប្រធានក្រុមហ៊ុន នាគខៀវ កំពុងយកផ្លូវជាតិលេខ ២១បេ នៅចំណុចខាងលើនេះ ធ្វើជាទីតាំងចតរថយន្ដធំៗ ពេញលើផ្លូវនេះ សម្រាប់ឡើងទំនិញពីសាឡង់ធំៗ ដែលនាំមកពីប្រទេសវៀតណាម ដូចជា ឥដ្ឋការ៉ូ ដែក ស៊ីម៉ង់ត៍។ ករណីក្រុមហ៊ុននាគខៀវ ដែលបង្កភាពអនាធិបតេយ្យបែបននេះ តើលោក ផៃ ប៊ុនឈឿន អភិបាលខេត្ដកណ្ដាល គួរមានចំណាត់ការ ។ ដោយឡែកមន្ត្រីយោធាពាក់ផ្កាយ ២ ម្នាក់ទៀតគឺលោក ឡៅ តុងហាន ជាប្រធានក្រុមហ៊ុនហង្ស បានធ្វើសកម្មភាព នាំចូលគ្រឿងសំណង់ គ្រប់ប្រភេទមកពី វៀតណាមតាមច្រក ព្រំដែនទ្វេភាគីជ្រៃធំ រាប់សិបឆ្នាំមកហើយ គឺប្រើប្រាស់រថយន្ដដឹក ជញ្ជូនលើសទម្ងន់ធ្វើឱ្យខូចខាត ផ្លូវស្ពានតាមផ្លូវជាតិលេខ២១បេ ជាញឹកញាប់ដោយមិនខ្លាចញញើត ចំពោះបទបញ្ជារបស់ថ្នាក់លើណោះទេ ។ ការដឹកជញ្ជូនទំនិញគេចពន្ធ ឬគ្រឿងសំណង់បង់ពន្ធមិនគ្រប់ របស់លោក ឡៅ តុងហាន ធ្វើឱ្យខាតបង់ចំណូលថវិកាជាតិ ជាពិសេសការផ្ទុកលើសទម្ងន់ ធ្វើឱ្យខូចខាតផ្លូវស្ពាន តាមផ្លូវជាតិលេខ២១ បេ ដោយរដ្ឋត្រូវចំណាយប្រាក់ ជួសជុលអស់ច្រើនសន្ធឹកសន្ធាប់។
ប្រមុខរាជរដ្ឋាភិបាល បានព្រមានដាក់ទោស មន្ដ្រីយោធាខិលខូច មួយចំនួនដែលនៅតែ គឃ្លើនយកមុខនាទីរបស់ខ្លួន ទៅពាក់ព័ន្ធនឹងជំនួញឈើខុសច្បាប់ ឬការដឹកជញ្ជូនទំនិញគេចដើម្បី ផលប្រយោជន៍ផ្ទាល់ខ្លួន ៕