ប្រភពពត័មាន ពីប្រជាពលរដ្ឋ បានឲដឹងថា នៅតំបន់ដែលគេ កំពុង ជីកកកាយដីក្រោយ ផ្ទះតិចតួចវិញ មានមន្ត្រីមានអំណាច ថ្នាក់ធំៗ មកហាមឃាត់ មិនឱ្យជីកកកាយឡើយ ចំណែកអ្នកមានអំណាច និងមានលុយវិញ ជីកកកាយភ្នំ តាមអំពើចិត្ត រហូតរាបស្មើ និងស្ទើរលាយទៅហើយ ក៏មិនដែលឃើញមាន មន្ត្រីជំនាញនៅខេត្ត ប៉ៃលិនទៅហាម ឃាត់ដែរ ព្រោះតែការឃុបឃិតគ្នា។សកម្មជនបរិស្ថាននៅខេត្តប៉ៃលិន បានរាយការណ៍ឲ្យដឹងថា នៅតំបន់ជិតព្រំដែនស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ភ្នំជាច្រើនត្រូវបានឈ្មួញជីកកាយ និងចាក់គ្រឹះដើម្បីសាងសង់សំណង់ធំៗដោយអត់ច្បាប់ ហើយថែមទាំងជីកកកាយដីភ្នំនៅតំបន់ខាងលើកយកទៅលក់យ៉ាងអនាធិបតេយ្យ
ជុំវិញបញ្ហាខាងលើនេះ អភិបាលស្រុកសាលាក្រៅ លោកសំ សារ៉េត បាននិយាយ ថា បញ្ហានេះ ខាងមន្ត្រីជំនាញគេជាអ្នកអនុវត្តន៍លោកមិនអាចលូកដៃទៅជ្រៀតជ្រែកគេបានទេលោកឱ្យទៅសួរខាងមន្ត្រីជំនាញ និងអ្នកដែលចេញបង្កាន់ដៃ ។ ប្រជាពលរដ្ឋខេត្តប៉ៃលិនបានចាត់ទុកការលើកឡើងរបស់លោកសំ សារ៉េត អភិបាលស្រុកសាលាក្រៅ ថាជាការឆ្លើយដាក់គ្នារវាងមន្ត្រីមានអំណាច ដើម្បីគេចចេញពីបញ្ហាដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ប្រភពដដែលបានបញ្ជាក់ថា បើអភិបាលស្រុក និងប្រធានមន្ទីររ៉ែ និងថាមពល ខេត្តប៉ៃលិន នៅតែរុញបញ្ហាដាក់ឲ្យគ្នាបន្តទៀត នោះភ្នំនៅខេត្តប៉ៃលិនប្រាកដជាត្រូវឈ្មួញជីកដីលក់រលត់រលាយអស់នៅពេលអនាគត៕
ជុំវិញបញ្ហាខាងលើនេះ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន លោក អ៊ី ហឿន បានថ្លែងយ៉ាងខ្លីថាបញ្ហានេះ ខាងលោកមិនទាន់ទទួលបានព័ត៌មាននៅឡើយ ហើយលោកនឹងឱ្យមន្ត្រីរបស់លោក ចុះទៅពិនិត្យនៅចំណុចនោះសិន ទើបឆ្លើយប្រាប់បាន ។ ក្នុងពេលដែលប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន បានឆ្លើយការពារខ្លួនយ៉ាងដូច្នេះ ពលរដ្ឋខេត្តប៉ៃលិនបានរិះគន់ថា ភ្នំតូចធំជាច្រើនកន្លែង កំពុងរងការរលាយសាបសូន្យ និងរាបស្មើ ដោយសារការជីកកកាយ ដើម្បីធ្វើជាចំការ ពិសេសគឺសាងសង់ជាសំណង់ធំៗ ដែលធ្វើឱ្យបាត់បង់ធនធានធម្មជាតិ និងបង្កើតឱ្យមានគ្រោះធម្មជាតិជាបន្តបន្ទាប់។ ប្រភពដដែលបានបញ្ជាក់ថាមន្ត្រីជំនាញនៅខេត្តប៉ៃលិនមិនដែលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពនោះទេ គឺតែងតែដោះស្រាយក្រោយពីប្រជាពលរដ្ឋបានរិះគន់ ឬមានប្រតិកម្មខ្លាំងៗ ឲ្យដោះស្រាយបញ្ហាអសកម្មនៅក្នុងមូលដ្ឋាន៕