សម្តេច​តេជោ ហ៊ុន សែន គួរ​មាន​ចំណាត់ការ​ទៅលើ​មន្ត្រី​ខិលខូច​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ហើយ

ខេត្ត​កំពត​ ៖ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ណាស់​មកហើយ ទាំង​មន្ត្រីរាជការ​តូច​-​ធំ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត ជាពិសេស​ពលរដ្ឋ​ភូមិ​ព្រៃ​ពាយ និង​ភូមិៃ​ព្រ​ស្តៅ ឃុំ​ត្រពាំង​ភ្លាំង​ចាំ​មិន​ភ្លេច​នោះទេ គឺ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​កណ្តាប់ដៃ​ដែក​ចាត់កា​រលើ​មន្ត្រី​ខិលខូច​មួយចំនួន ក្នុង​ខេត្ត​កំពត ក្នុងនោះ​ក៏​មាន​អភិបាល​ខេត្ត​កំពត​ម្នាក់​ឈ្មោះ ពុធ ចាន់​ដា​រិទ្ធិ ជាប់ពន្ធនាគារ​ទៀតផង ព្រោះតែ​រឿង ដីធ្លី​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង​នេះ ហើយ​ក្រុមហ៊ុន​ដែល​ចំណាយ​លុយ​សម្រាប់​អភិវឌ្ឍន៍​នោះ ក៏​ខាតបង់​ច្រើន​ដែរ ។​

​ក្រោយមក​ក៏​មាន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជនពិការ​ខ្វះ​ដី បង្កបង្កើនផល​ចិញ្ចឹមជីវិត​ស្នើ​សុំ​ដី​ផងដែរ ។ ដោយ មើលឃើញ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​ការយកចិត្តទុកដាក់​ពី​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បានអនុញ្ញាត​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ទាំងអស់​រៀបចំ​ឯកសារ ដើម្បី​ចាត់ចែង​ដីធ្លី សាធារណៈ​របស់​រដ្ឋ​ឱ្យ​មក​ទី​ឯកជន​របស់​រដ្ឋ និង​ដាក់​ជា​ដី​សម្បទាន​សង្គមកិច្ច​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ដី​បង្ក បង្កើន​ផល ។ ហើយ​ក្នុង​ច្បាប់​ភូមិបាល​បាន​និយាយថា ពលរដ្ឋ​គ្រប់រូប ដែល​ទទួល​ដី​សង្គមកិច្ច​សម្រាប់​បង្ក​បង្កើន​ផល នោះ​ហាម​ធ្វើ​ការលក់ដូរ​ជួល​បញ្ចាំ ឬ​ធ្វើ​ប្លង់​កម្មសិទ្ធិ បើសិន​ពលរដ្ឋ​រស់នៅ​មិនបាន ៥​ឆ្នាំ ។ ហើយ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នោះ សម្តេច​ខ្លាច​ណាស់​ពលរដ្ឋ​អត់បាយ អត់​ដី​បង្ក បង្កើន​ផល សម្តេច​ដើរ​ព្រួយ​សម្រាក​ព្រួយ ព្រោះ​ប្រជាពលរដ្ឋ​ខ្វះ​ដី​ធ្វើស្រែ​ចំការ ទើប​សម្តេច​បង្កើតឱ្យមាន​របប​ដី សង្គមកិច្ច​នេះឡើយ ។​

​តែ​ដោយ​ឡែក ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពត​បាន​ទទួល​ដី​សង្គមកិច្ច​ហើយ បែរជា​មាន​ឈ្មួញ​មហាអំណាច​មក សំឡុត​គំរាមកំហែង វាយ​ធ្វើបាប​ដើម្បី​ឱ្យ​ពួក​គាត់​លក់​ដី​នេះ​ឱ្យទៅ​ក្រុមហ៊ុន អា​.​ម៉ា​.​វី​.​អូ ក្រុមហ៊ុន​របស់​ប្រទេស ជប៉ុន​ទៅ​វិញ ។

​តាម​ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចោ​ញ​ឈ្មោះ​បាន​ប្រាប់​ឱ្យ​សារព័ត៌មាន​យើង​ ដឹង​ថា អ្នក​ដែល​មាន​អំណាច​មក​ទី​ញ​ដី សង្គមកិច្ច​ដែល​សម្តេច​ចែក​ជូន​ពួកគាត់​នោះ គឺ​ឯកឧត្តម អាំ ផល្លី​ន និង​លោកជំទាវ ហ៊ាង គន្ធី ។ ហើយ​បើ​តាម​មន្ត្រី រាជការ ក្នុង​ខេត្ត​កំពត​បាន​បង្ហើប​ឱ្យដឹងថា ឯកឧត្តម អាំ ផល្លី​ន គ្រាន់តែ​ជា​អ្នក​ទទួល​ថវិកា​ពី​ក្រុមហ៊ុន​មក​ចាត់ចែង ទេ តែ​អ្នក​រៀបចំ​ដីធ្លី​នេះ គឺ​លោក ជឹង ផល្លា អភិបាលរង​ខេត្ត​កំពត និង​លោក ហុក ទ្រី អភិបាលរង​ស្រុក​ឈូក ព្រោះ​លោក​ទាំង​ពីរ​នេះ​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ម្នាក់ ថ្នាក់ដឹកនាំ​ស្រុក​ម្នាក់​ហើយ​ទទួល​បន្ទុក​ខាង​ដីធ្លី​ទៀត ដូច្នេះ​ទើប គេ​និយាយ​តៗ​គ្នា​ថា អ្នកដឹង​ច្បាប់​ទើប​ប្រព្រឹត្ត​ខុស​ច្បាប់​យ៉ាង​នេះ ហើ​ួ​លោក ជឹង ផល្លា បាន​ចេញ​លិខិត​មួយច្បាប់ ផ្ញើ​ជូន​គ្រប់​ឃុំ ដោយ​បំរាម​មិន​ឱ្យ​ជន​ណាមួយ​យកឈ្មោះ​លោក​មក​ប្រើ​ដើម្បី​ធ្វើឱ្យ​ខូច​ ផលប្រយោជន៍ និង​មុខមាត់​ថ្នាក់ដឹកនាំ​ខេត្ត តែ​លោក ជឹង ផល្លា ភ្លេច​បិទមាត់​ឈ្មោះ មាស ម៉ាតៈ (​ហៅ​ធឿន​, ហៅ​ឪ​អា​ដូច​)​ដែល​រស់នៅ​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត និង​ឈ្មោះ កែវ សេន មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី ដែល​ជា​សេនា​ស្លាប់​រស់​របស់​លោក​ឈ្មោះ មាស ម៉ាតៈ (​ហៅ​ធឿន​)​និង​ឈ្មោះ ទូច សា​រុម នោះ​ដើរ​អួត​ក្អេងក្អាង ដាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ព្រៃ​ថ្នង់ ឃុំ​ថ្មី ឃុំ​ស្ទឹង​កែវ និង​ប្រជាពលរដ្ឋ​ដែល​គ្រោះ​ដោយ​ការ​សំឡុត​គំរាម​វាយដំ ដុត​ចំការ គំរាម​ចាប់​ដាក់គុក​ថា “​ពួក​ឯង ធ្វើ​មិន​ឈ្នះ​មេ​អញ​ទេ ព្រោះ​មេ​អញ​ជា​ថ្នាក់ដឹកនាំ​ខេត្ត​បន្តិចទៀត ឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​ហើយ​មេ​អញចាប់​ពួក​ឯង និង​អ្នកកាសែត​ទាំងអស់​ដាក់គុក​ហើយ​ប្រយ័ត្ន​” ។​

​ទាក់ទង​នឹង​សំដី​ដ៏​សាហាវ​នេះ លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​មានប្រសាសន៍ថា ចំពោះ​ពាក្យ​គំរាម​នេះ គឺ​លោក​ធ្លាប់​ទទួល​ហើយ ព្រោះ​នៅ​ថ្ងៃទី ២៤ ខែ​មីនា ឆ្នាំ​២០១៥ លោក​បាន​ដឹកនាំ​ក្រុម​អ្នក សារព័ត៌មាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​តំបន់​នោះ ក៏​ត្រូវបាន​ក្រុម​លោក មាស ម៉ាតៈ​, កែវ សេន​, ទូច សា​រុម ស្ទាក់​បាញ់ និង​ជំ​ពាម​កៅស៊ូ​គ្រាប់​ដែក មាន​កាំបិត ពូថៅ មក​លើ​ក្រុម​ខ្ញុំ ហើយ មាស ម៉ាតៈ​, នេះ​បាន​បញ្ជា​ឱ្យឈ្មោះ ចេក ដុត​ឡាន​ពួក​ខ្ញុំ​ចោល​ឱ្យ​អស់ ព្រោះ​មេ​គេ​ធំ​ណាស់ ។

​ហើយ​នៅ​ថ្ងៃទី ២៦ ខែ​មីនា ឆ្នាំ​២០១៥ ឯកឧត្តម អាំ ផល្លី​ន បាន​ដាក់​ពាក្យបណ្តឹង​ចំពោះ​ក្រុម​សារព័ត៌មាន អង្គការ​ដែល​ចុះ​ទៅ​យក​ព័ត៌មាន​ថា គំរាម​ចាប់ចង​ប្រជាពលរដ្ឋ​ដោយ​ប៉ូលិស​យក​អាវុធ​ភ្ជង់​ផងដែរ ។ លោក អាំ ផល្លី​ន និយាយ​គ្មាន​ស្គាល់​បាប​បុណ្យ​សោះ អ្នកសារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​មាន​កាំភ្លើង​ដូច​ខាង​លោក​ឬ ? ពួក​ខ្ញុំ​រក្សា​សេចក្តីសុខ អង្វរ​មនុស្ស​បិទមុខ​ទាំងនោះ ទើប​ស្គាល់​សន្តាន​ពួក​ទមិឡ​នេះ​ថា ធ្វើបាប​ប្រជាពលរដ្ឋ របស់​សម្តេច​តេជោ​ណាស់ ។​

​លោក ទូច ណូ​រ៉ា ប្រធាន​សមាគម​សារព័ត៌មាន​ឃ្លាំ​មើល​កម្ពុជា មានប្រសាសន៍ថា ថ្ងៃ​នោះ​លោក​រន្ធត់​ណាស់ ព្រោះ​លោក​ជិះ​គោយន្ត​មុខ​គេ ពេល​ដល់​ឃើញ​មនុស្ស​ជាច្រើន​ពាក់​ម៉ាស​មុខ ទាញ​កាំបិត ពូថៅ បាញ់​ជំ​ពាម​កៅស៊ូ ហើយ​សំ​ឡុង​ដុត​គោយន្ត​ចោល និង​មាន​ម្នាក់​ស្រែក​បញ្ជា​ថា កាប់ និង​បាញ់​ឱ្យ​ងាប់​ឱ្យអស់ ព្រោះ​មេ​យើង​ទទួលខុស ត្រូវ​ទេ ក្នុងនោះ​យើង​ស្គាល់​ដោយ​ក្នុង​ចំណោម​មនុស្ស​បិទមុខ​នោះ ក៏​មាន​មនុស្ស​ស្មោះត្រង់​ដែរ ដោយ​គាត់​ប្រាប់ថា គេ​ជួល​ឱ្យ​មក​ទេ ដោយ​ឱ្យ ៣០០០០​រៀល ម្នាក់ ដើម្បី​ឱ្យ​វាយ​អ្នកកាសែត ជាពិសេស​សម្លាប់​ឈ្មោះ គឿន ហើយ​ម្នាក់ទៀត ជា​ជំនួយការ​ភូមិ តែ​លោក​មិន​ហ៊ាន​ទេ ចេះ​តែ​មក​តាម​គេ​ទៅ ដើម្បី​ប្រាក់ ។

​លោក ទូច ណូ​រ៉ា មានប្រសាសន៍​ទៀត​ថា លោក​ធ្វើ​កាសែត​ជិត ២០​ឆ្នាំ​ហើយ មិន​ដែល​ជួប​រឿង​អញ្ចឹងទេ ហើយ​លោក​បាន​ធើ​របាយការណ៍​ជូន​លោក​ព្រះរាជអាជ្ញា​ខេត្ត​កំពត ក៏​ដូច​អភិបាលខេត្ត​ហើយ ។ ហើយ​លោក​ជឿ ជា​ក់ថា សម្តេចនាយក​រដ្ឋមន្ត្រី និង​ចាត់ការ​ចំពោះ​មន្ត្រី​នោះ ដែល​បញ្ជា​ឱ្យ​ឈ្មោះ មាស ម៉ាតៈ​, កែវ សេន​, ទូច សា​រុម ធ្វើបាប​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​មិនខានឡើយ ។​

​លោក បឿ​ង រដ្ឋា ចាងហ្វាង​កាសែត​យុវជន​តេជោ លោក​មានប្រសាសន៍ថា កាលពី​ថ្ងៃ​ទី ១៣ ខែ​មេសា ឆ្នាំ ២០១៥ លោកជំទាវ ហ៊ាង គន្ធិ និង​ឯកឧត្តម អាំ ផល្លី​ន បាន​ធ្វើ​ពិធី​ជប់លៀង​មួយ​នៅ​ក្រុង​កំពត ហើយ​យាយ​ធី គាត់​មាន​ប្រសាសន៍​ប្រាប់​អ្នកចូលរួម​ថា ចូលឆ្នាំ​ខ្មែរ​ហើយ​នេះ​គាត់​និង​ឱ្យ​តុលាការ​ចាប់​ពួក​អ្នកកាសែត​នេះ​ ដាក់គុក ឱ្យអស់ ក្នុងនោះ​មាន​លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​, លោក ទូច ណូ​រ៉ា ប្រធាន​សមាគម​សារព័ត៌ មាន​ឃ្លាំ​មើល​កម្ពុជា​, លោក បឿ​ង រដ្ឋា ចាងហ្វាង​កាសែត យុវជន​តេជោ​, លោក ពេ​ជ គឿន ប្រធាន​ស្នាក់ការ​អង្គការ អភិរក្ស​ព្រៃឈើ អភិវឌ្ឍន៍​ធនធានធម្មជាតិ​ប្រចាំ​ខេត្ត​កំពត និង​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​ចុះ​ទៅ​យក​ព័ត៌មាន​ថ្ងៃទី ២៤ ខែ​មីនា ឆ្នាំ​២០១៥ នោះ ។

​ចំពោះ​ពាក្យ​គំរាម​របស់​យាយ​ធី​នេះ អ្នកសារព័ត៌មាន និង​ត្រៀម​ខ្លួន​ជាស្រេច ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់ ហើយ​ក៏​យើង​ដឹង​ដែរ​ថា លោក ឯក ឆេង​ហួត ជា​ព្រះរាជអាជ្ញា​យុត្តិធម៌​ម្នាក់​ដែល​ប្រជាជន​ទូទៅ​ទទួល​ស្កាល់​នូវ ចំណាត់ការ​របស់​លោក​មិន​ដូច​យាយ​ធី ពោល​អំនួត​ទេ ។

​សម្តេច​តេជោ ធ្លាប់​មាន​ប្រសាសន៍​ហើយ​ថា មន្ត្រី​ទាំងអស់​ត្រូវ​ដុសក្អែល​មុជទឹក​ឱ្យ​ស្អាត ដើម្បី​បំរើ​ប្រជាជន ហើយ​សម្តេច និង​កាត់​សាច់​ស្អុយ​ចោល​ហើយ ព្រោះ​មន្ត្រី​ទាំងនេះ​កំពុង​ធ្វើបាប​ប្រជាជន សម្តេច​ណាស់ ដី​សម្តេច​ចែក ឱ្យ​ប្រជាជន​សោះ ហ៊ាន​មក​សំឡុត​គំរាម​បណ្តេញ​ប្រជាជន​ចេញ​ឱ្យ​វេទនា​“​នេះ​ឬ​មន្ត្រី​ល្អ​” ។

​យើង​រង់ចាំ​មើល​តើ​លោក ជឹង ផល្លា ដែល​ប្រើ មាស ម៉ាតៈ​, កែវ សេន ធ្វើបាប​ប្រជាជន​ធ្វើឱ្យ​កិត្តិយស​គណបក្ស​ប្រជាជន​បាត់បង់​សន្លឹកឆ្នោត​ ក្នុងស្រុក​ឈូក​សន្ធឹកសន្ធាប់​នោះ លោក​និង​ចាត់ការ​យ៉ាងណា ? ព្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ដីធ្លី​រស់នៅ​ឃុំ​ស្ទឹង​គែ​វ ឃុំ​ព្រៃ​ថ្នង់ ឃុំ​ថ្មី ឃុំ​ត្រពាំង​ភ្លាំង ជា​ពិសេស​បងប្អូន​ដែល​កាន់សាសនា​អី​ស្លាម ដែល​លោក​រង​ការគាបសង្កត់​ពី​ឈ្មោះ មាស ម៉ាតៈ​, កែវ សេន ដែល​យក​អំណាច​អភិបាលរង ជឹង ផល្លា មក​ប្រើ​យ៉ាងណា ? តើ​លោក ជឹង ផល្លា ហ៊ាន​ចាត់ការ​ទេ ? ហ៊ាន ឬ​មិន​ហ៊ាន​…. ? ៕

kompot_land-4