យោងតាមប្រភពព័ត៌មាន ដ៏ជឿងទុកចិត្តពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ នេះថា ការដ្ឋានឈូសឆាយដី ជម្រាលភ្នំរបស់លោក ញ៉ក់ គឹមតុង ស្ថិតនៅក្នុងតំបន់ សេតេភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ សព្វថ្ងៃនេះ ពិតជាគ្មានច្បាប់ ទម្លាប់អ្វីនោះទេ ។សមត្ថកិច្ចដែលសុំមិន បញ្ចេញឈ្មោះបាន លើកឡើងថា រូបលោកបាន បញ្ជាឲ្យលោកមេភូមិ២ ទៅពិនិត្យនិងធ្វើការ ហាមឃាត់ហើយ ព្រោះ ការកកាយដីជម្រាលភ្នំបែបនេះ បានធ្វើឲ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅម្តុំនោះ និងធ្វើឲ្យប៉ះពាល់ដល់ផ្លូវវិថីសេតេនោះ ពេលមានភ្លៀងធ្លាក់ម្តងៗផងដែរ។ពលរដ្ឋរស់នៅតំបន់សេតេក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ប្រតិកម្មរិះគន់អាជ្ញាធរក្រុងព្រះសីហនុថា មានការឃុបឃិតគ្នាជាមួយលោក ញ៉ក់ គឹមតុង ធ្វើព្យុះភ្លៀងដោយមិនមានច្បាប់ទម្លាប់ដែលជាហេតុសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ។ប្រជាពលរដ្ឋរស់នៅជិតទីតាំងការដ្ឋាននោះបានចោទថា គេឃើញលោក លី វណ្ណដា អភិបាលរងក្រុងព្រះសីហនុ និងជំនាញមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តចុះទៅពិនិត្យការដ្ឋាននោះរួចហើយ ដោយឃើញមានល្បាប់ដីភ្នំហូរមកលើផ្លូវជាតិ ដោយបានជម្រាបជូនទៅតំណាងក្រុមហ៊ុននោះ ឲ្យកម្មករមកកកាយយកល្បាប់ដីចេញពីផ្លូវជាតិ និងលាងទឹកឲ្យបានស្អាតដូចដើមវិញ និងក៏បានជម្រាបជូនទៅតំណាងក្រុមហ៊ុននោះ ឲ្យសុំច្បាប់ត្រឹមត្រូវទើបអនុញ្ញាតឲ្យបន្តសកម្មភាពទៅទៀត។សូមបញ្ជាក់ថាអ្នកក្រុងព្រះសីហនុ ដែលធ្លាប់ស្គាល់ លោក ញ៉ក់ គឹម តុង បាននិយាយថា កន្លងមកក៏ដូចសព្វថ្ងៃនេះ លោក ញ៉ក់ គឹមតុង តែងធ្វើអ្វីៗនៅក្នុងទឹកដីក្រុងព្រះសីហនុ ពុំសូវអនុវត្តច្បាប់អ្វីនោះទេ ហើយតែងទទួលបានជោគជ័យជាបន្តបន្ទាប់ដោយមិនដឹងបណ្តាលមកពីហេតុអ្វី។ ពាក់ព័ន្ធនឹងករណីមិនអាចទំនាក់ទំនងសុំការពន្យល់ពីលោកអភិបាលក្រុងព្រះសីហនុបានទេ ៕