គណ​ប​ក្សស​ង្គ្រោះជា​តិធ្វើ​មហា​បាតុ​កម្ម​លើក​ទី​៤​ធ្វើ​នៅថ្ងៃ​ទី១០ ​ខែធ្នូ

គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​កាលបរិច្ឆេទ​ចាប់ផ្តើម​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៤ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆាប់ៗ​ខាងមុខនេះ​ដើម្បី​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត និង​រក​យុត្តិធម៌​សម្រាប់​កម្មករ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ដែល​សមត្ថកិច្ច​ប្រើ​អំពើហិង្សា​វាយ​បង្ក្រាប​និង​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣​។មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ផ្តើម​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ជាថ្មីទៀតឱ្យមក​ចូលរួម​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៤ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៣ ចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ហើយ​ប្រជាពលរដ្ឋ​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ត្រៀម​រួចជាស្រេច​ដើម្បី​ចូល​រួម​ក្នុង​មហា​បាតុកម្ម​នោះដែរ​។ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់លោក​ សម រង្ស៊ី កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែវិច្ឆិកា ម្សិលមិញ​នេះ​បានសរសេរថា​រូបលោក និង​លោក កឹម សុខា បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅ​សង្កាត់​បារាយណ៍ ក្រុង​ព្រៃវែង​។ លោក សម រង្ស៊ី បាន​សរសេរ​ទៀតថា នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​២០ ខែវិច្ឆិកា រូបលោក​និង​លោក កឹម សុខា នឹង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​និង​អ្នកគាំទ្រ​នៅ​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ ចំណែក​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣ រូបលោក និង​លោក កឹម សុខា ត្រូវ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នៅ​ក្រុង​ស្វាយរៀង ហើយ​នៅពេល​រសៀល​ត្រូវ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​និង​អ្នកគាំទ្រ​នៅ​ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។ មហា​បាតុកម្ម​លើក​ទី​៤ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៣ គឺជា​សំឡេង​អំពាវនាវ​ថ្មី​មួយទៀត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដើម្បីឱ្យ​អង្គការសហប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​ជាប់គាំង​នៅក្រោយ​ការ​បោះឆ្នោត​។ សម្រែក​ទាមទារ​យុត្តិធម៌​របស់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត គឺជា​រឿង​ដែល​សហគមន៍​អន្តរជាតិ ក៏ដូចជា​ប្រទេស​ម្ចាស់ជំនួយ​ត្រូវ​ពិចារណា​ឡើងវិញ ចំពោះ​ការគាំទ្រ​រដ្ឋាភិបាល​មិន​ស្របច្បាប់​របស់លោក ហ៊ុន សែន​។ មានន័យថា​សហគមន៍​អន្តរជាតិ​មិន​គាំទ្រ​រដ្ឋសភា និង​រដ្ឋាភិបាល​ឯក​បក្ស​របស់លោក ហ៊ុន សែន ដោយ​ពេញលេញ​ទេ ដែល​ប្រការនេះ​អាចធ្វើឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រឈម​នឹង​វិបត្តិ​សព្វបែបយ៉ាង​។ ជាពិសេស​ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ដោយសារតែ​អំពើពុករលួយ គឺជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​រដ្ឋាភិបាល​មិន​ស្របច្បាប់​របស់លោក ហ៊ុន សែន ព្រោះ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​ទំនិញ​លើ​ទីផ្សារ​កំពុង​ឡើងថ្លៃ​យ៉ាងគំហុក​។ ជាង​នេះទៅ​ទៀត​ការប្តេជ្ញា​កែទម្រង់​ស៊ីជម្រៅ​របស់លោក ហ៊ុន សែន បែរជា​នាំឱ្យ​អំពើពុករលួយ​រាលដាល​កាន់តែខ្លាំង​នៅក្នុង​ស្ថាប័នរដ្ឋ​សំខាន់ៗ​ក្នុងនោះ​រួមមាន​ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​អគ្គនាយកដ្ឋាន​គយ​។​ មហា​បាតុកម្ម​លើក​ទី​៤ របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ប្រាកដជា​ស្រែក​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ចុះ​ចេញពី​អំណាច​ ​៕​

20131024_0956551