ប្រជាពលរដ្ឋចំនួន៤ភូមិ ឋិតក្នុងឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងទៅនឹងអំពើរបស់អាជ្ញាធរឃុំស្វាយជ្រំ ដែលប្រើប្រាស់ល្បិចកលបង្កការរាំងស្ទះដល់ការអនុវត្តន៍គម្រោងអភិវឌ្ឍន៍ស្តារប្រឡាយមេមួយខ្សែប្រវែង២គីឡូម៉ែត្រ ចេញពីទំនប់អាងទឹកធារាសាស្ត្រ២០ឧសភា ហៅស្រះអង្កាម យកមកស្រោចស្រពស្រែប្រាំងរបស់អ្នកភូមិ រួមមាន ភូមិថ្មកែវ ភូមិស្វាយចេក ភូមិក្រាំងប្រស្វាយ និងភូមិក្នុង ដោយអង្គការមួយដើម្បីបម្រើឲ្យផលប្រយោជន៍របស់ក្រុមហ៊ុនលោកឧកញ៉ាម្នាក់ ដែលមានគម្រោងចុះប្រមូលទិញដីធ្លីនៅតំបន់នោះប្រមាណ៣.០០០ហិកតា (បច្ចុប្បន្នទើបប្រមូលទិញបានចំនួន២០០ហិកតា) ។លោកឧកញ៉ាដែលបានចាត់តំណាងរបស់ខ្លួនឲ្យចុះប្រមូលទិញដីធ្លីពីក្រុមប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយពាក់ព័ន្ធនឹងការអាក់ខានអភិវឌ្ឍន៍គម្រោងស្តារប្រឡាយមេប្រវែង២គីឡូម៉ែត្រ យកទឹកមកស្រោចស្រពដីស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន៤ភូមិនោះ មានឈ្មោះ សុខ ប៊ុន ។
ប្រភពព័ត៌មានពីក្រុមអ្នកភូមិបានឲ្យដឹងថា ការណ៍ដែលអាជ្ញាធរមូលដ្ឋានប្រើល្បិចធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍន៍គម្រោងស្តារប្រឡាយមេយកទឹកមកស្រោចស្រពដីស្រែអ្នកភូមិដ៏គួរឲ្យសោកស្តាយនោះ គឺមកពីមន្ត្រីអាជ្ញាធរមូលដ្ឋានសមគំនិតជាមួយក្រុមហ៊ុនលោកឧកញ៉ា សុខ ប៊ុន មានមហិច្ឆតាចង់ប្រមូលទិញដីធ្លីពីអ្នកភូមិក្នុងតម្លៃថោកជាមុន ពីព្រោះពួកគេយល់ឃើញថា បើមានការអភិវឌ្ឍន៍នោះ គឺដីធ្លីអ្នកភូមិនឹងឡើងថ្លៃ ពិបាកក្នុងការប្រមូលទិញ (Sic!) ។ លើសពីនេះ អាជ្ញាធរមូលដ្ឋានមានបំណងរៀបចំគម្រោងបង្វែរទិសដៅការអភិវឌ្ឍន៍ស្តារប្រឡាយ ទៅរកទីតាំងដីធ្លីដែលក្រុមហ៊ុនលោកឧកញ៉ា សុខ ប៊ុន ប្រមូលទិញបានពីអ្នកភូមិ និងកំពុងឈូសឆាយបានប្រមាណ៤០ហិកតានោះរួចហើយទៀតផង (Resic!) ។
ក្រុមប្រជាពលរដ្ឋបាននិយាយឲ្យដឹងដែរថា ក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ ប៊ុន បាននិងកំពុងធ្វើសកម្មភាពឈូសឆាយប៉ះពាល់ទៅដល់ដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូនផងដែរ ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយពួកឈ្មួញម្ចាស់គ្រឿងចក្រស៊ីឈ្នួលឈូសឆាយដីឲ្យក្រុមហ៊ុនលោកឧកញ៉ា សុខ ប៊ុន បានបញ្ជាក់ថា មានតម្លៃឈ្នួល៣៨០ដុល្លារអាមេរិកក្នុង១ហិកតា(ដីព្រៃ៣០០ដុល្លារអាមេរិកក្នុង១ហិកតា និងដីវាល៨០ដុល្លារអាមេរិកក្នុង១ហិកតា) ។
លោក សោម វីន អភិបាលនៃគណៈអភិបាលស្រុករលាប្អៀរ និងលោក អ៊ូ សុភ័ណ្ឌ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា សកម្មភាពឈូសឆាយដីធ្លីរបស់ក្រុមហ៊ុនលោកឧកញ៉ា សុខ ប៊ុន នោះ មិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវនៅឡើយទេ ។
លោក សុខ ប៊ុន ដែលជាឈ្មួញមានលុយកាក់ម្នាក់នោះ ត្រូវបានតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/១០១០/៧៥៩ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១០ ។
ពាក់ព័ន្ធទៅនឹងដំណើរការរាំងស្ទះគម្រោងអភិវឌ្ឍន៍ស្តារប្រឡាយមេយកទឹកស្រោចស្រពដីស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន៤ភូមិ ឋិតក្នុងឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តាមការអះអាងរបស់អ្នកភូមិនោះ សារព័ត៌មានគតិជាតិមិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោកឧកញ៉ា សុខ ប៊ុន និងលោក យី ភួន មេឃុំស្វាយជ្រំបាននៅឡើយ គិតត្រឹមថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន ៕