ក្នុងហេតុការណ៍ហិង្សានៅច្រកប៉ោយប៉ែតរសៀលថ្ងៃទី២៥ ខែឧសភា នេះ ដំបូងឡើយមានសមត្ថកិច្ចប្រមាណ១០០នាក់ទៅរារាំងកម្មករអូសរទេះមិនឲ្យធ្វើការតវ៉ា ហើយដោយសារតែលោក ឈួន ហៃ មិនចេញមុខដោះស្រាយទើបកម្មករឈានដល់ការគប់ដុំថ្មទៅលើស្នាក់ការគយ។ នៅពេលដែលមានអំពើហិង្សាកើតឡើងកាន់តែខ្លាំង សមត្ថកិច្ចបានបាញ់កាំភ្លើងឡើងលើចំនួនជាង ១០គ្រាប់ ដើម្បីគំរាមកម្មករឲ្យបញ្ឈប់អំពើហិង្សា ហើយរថយន្ត៦គ្រឿងនៅបរិវេណស្នាក់ការគយរងការខូចខាតយ៉ាងដំណំ។ នៅក្នុងហេតុការណ៍នេះលោក ឈួន ហៃ ជាអ្នកទទួលខុសត្រូវធំជាងគេ ព្រោះលោក ឈួន ហៃ ជាអ្នកបញ្ជាឲ្យកូនចៅជំរិតយកលុយពីកម្មករអូសរទេះដូចជាក្រុមចោរចាប់ជំរិត ហេតុនេះហើយ ទើបកម្មករអត់ធ្មត់តទៅទៀតលែងបាន ហើយអំពើហិង្សាកើតឡើងគួរឲ្យសោកស្តាយ។
ការតវ៉ារបស់កម្មករអូសរទេះនៅច្រកប៉ោយប៉ែតនារសៀលថ្ងៃនេះ បានឈានទៅកើតមានអំពើហិង្សាយ៉ាងក្តៅគគុកដោយសមត្ថកិច្ចបានបាញ់ជាង១០គ្រាប់ដើម្បីទប់ស្កាត់អំពើហិង្សាផងដែរ។ ក្រុមកម្មករអូសរទេះបានតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៥ ហើយបានគប់ដុំថ្មទៅលើទីស្នាក់ការគយនិងរដ្ឋាករក្រុងប៉ោយប៉ែត បណ្តាលឲ្យខូចខាតយ៉ាងដំណំ ហើយរថយន្តចំនួន៦គ្រឿង ត្រូវរងការខូចខាតផងដែរ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីអ្នករងរបួសនៅឡើយទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈដ្ឋានប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត បានលើកឡើងថា លោក ឈួន ហៃ ប្រធានស្នាក់ការគយច្រកប៉ោយប៉ែតជាអ្នកទទួលខុសត្រូវធំជាងគេចំពោះអំពើហិង្សាដែលបានកើតឡើង។ ដោយហេតុថា បើលោក ឈួន ហៃ មិនបើកដៃឲ្យកូនចៅក្រោមឱវាទជំរិតយកលុយពីកម្មករអូសរទេះតាមអំពើចិត្តទេនោះ ក៏គ្មានការតវ៉ាឈានដល់កើតអំពើហិង្សានៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នេះដែរ។ ជាងនេះទៅទៀត អាជ្ញាធរក្រុងប៉ោយប៉ែត និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏មានចំណែកទទួលខុសត្រូវផងដែរ ព្រោះកម្មករអូសរទេះតវ៉ាជាច្រើនលើកមកហើយ រឿងសមត្ថកិច្ចគយជំរិតយកលុយហួសហេតុ ប៉ុន្តែអាជ្ញាធរមិនចេញមុខជួយដោះស្រាយដល់ពួកគាត់ ៕