ខេត្តកំពង់ឆ្នាំង ៖ការកាប់បំផ្លាញព្រៃលិច ទឹកដុតធ្វើចំការ និងធ្វើស្រែប្រាំង នៅតាមកោះមាត់ បឹងទន្លេសាប ក្នុងទឹកដីភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ខេត្តកំពង់ ឆ្នាំង កំពុងរីកដុះដាលយ៉ាង អនាធិបតេយ្យ។ ប៉ុន្តែមន្ត្រីបរិ ស្ថាន ដែលមាន ស្នាក់ការនៅឃុំឆ្នុកទ្រូ ដែលដឹកនាំដោយ លោក អ៊ុយ ប៊ុនធន បណ្តែត បណ្តោយមិនបង្ក្រាប ឃើញតែបើកកាណូត ដើរប្រមូលលុយ ពីអ្នកកាប់ព្រៃចំការទៅវិញ ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋអ្នកធ្វើចំការនៅឃុំឆ្នុកទ្រូ ជាច្រើនអ្នកបានប្រាប់ឲ្យដឹងថាព្រៃលិចទឹកដែលជាព្រៃរនាម នៅតាមមាត់បឹងទន្លេសាប ជម្រកត្រីពងកូន និងជារនាំងសម្រាប់ទប់រលកនៅពេលមានខ្យល់ខ្លាំងនារដូវវស្សា និងជាជម្រករបស់អ្នកនេសាទត្រូវបានក្រុមទុច្ចរិកជាអ្នកមានលុយកាប់បំផ្លាញព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ នៅចំណុចកោះព្រែកទាល់កោះ ព្រែកម៉ម កោះអ្នកតាស្លែង និងកោះស្រឡះ ស្ថិតក្នុងភូមិឆ្នុកទ្រូ ស្រុកបរិបូរណ៌គ្មានឃើញមន្ត្រីជំនាញធ្វើការបង្ក្រាប ឃើញតែលោក អ៊ុយ ប៊ុនធន ដើរប្រមូលទៅវិញ ។
បើយោងតាមសំដីអ្នកធ្វើចំការនៅចំនុចព្រែកម៉ម ឈ្មោះ ទុយ អ៊ិប ភេទស្រី មានទីលំនៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូរណ៌បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាលោក អ៊ុយ ប៊ុនធន និងកូនចៅជាមន្ត្រី បរិស្ថានម្នាក់ទៀត ឈ្មោះប៊ុន សារិន ហៅរ៉ុន បានទៅគំរាម ប្រមាថចាប់គាត់ដាក់ខ្នោះនិងគម្រាម យកដាក់គុកពី១០ឆ្នាំទៅ១៥ឆ្នាំ បើគាត់គ្មានលុយឲ្យពួកគេចំនួន១០លានរៀលនោះទេ ។ប៉ុន្តែក្រោមការអង្វរកពីប្រជាពលរដ្ឋ ពួកគេទើបចុះនៅតម្លៃ១លានរៀល គ្រាន់តែពួកគាត់កាប់ល្បាស់ចំការតែប៉ុណ្ណោះ ។ចំណែកលោកយាយ តូន មានទីលំនៅភូមិឆ្នុកទ្រូ បានប្រាប់ឲ្យដឹងផងដែរថា លោក អ៊ុយ ប៊ុនធន ក៏បានមកគម្រាម យកប្រាក់ពីគាត់ចំនួន៣៥ម៉ឺនរៀល ផងដែរ។មូលហេតុដោយគាត់បានទៅកាប់ល្បាស់ព្រៃចំការរបស់គាត់។
សូមបញ្ជាក់ផងដែរថាលោក អ៊ុយ ប៊ុនធនធ្លាប់មានរឿងរ៉ាវអំពើពុករលួយស៊ីដាច់លុយកូនចៅយកលុយពីបទល្មើសនេសាទត្រូវបានកាសែតក្នុងស្រុកចុះផ្សាយផ្អើលខេត្តកំពង់ឆ្នាំងម្តងមកហើយ។ ប៉ុន្តែឃើញនៅដដែល បណ្តាលឲ្យប្រជាពលរដ្ឋក្នុងស្រុកបរិបូរណ៌ ធ្វើការិះគន់ លោក ពៅ ប៊ុនថន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ប្រហែលជាទទួលបានសំណូកសូកប៉ាន់ ពីមន្ត្រីម្នាក់និងហើយទើបគ្មានការណែនាំ និងដាក់ទោសទណ្ឌ អ្វីទាល់តែសោះ។
ពាក់ព័ន្ធ និងករណីខាងលើនេះលោក អ៊ុយ ប៊ុនធន នាយករងបរិស្ថានខេត្តកំពង់ឆ្នាំងបាននិយាយប្រាប់នៅចំពោះមុខអ្នកសារព័ត៌មានថា លោកយកប៉ុណ្ណឹងទិញឡានមិនទាន់បានផង ពីព្រោះ គាត់យកលុយទាំងអស់នេះទៅឲ្យប្រធានមន្ទីរ បរិស្ថាន សម្រាប់ជួយទិញទឹកសុទ្ធ នំប៉័ង និងសម្ភារៈផ្សេងៗនៅពេលលោកប្រធានមន្ទីរចុះទៅណែនាំប្រជាពលរដ្ឋឲ្យយល់ដឹងពីបរិស្ថាន។
ករណីខាងលើនេះ ពួកគាត់មានតែសង្ឃឹមទៅលើ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់យុត្តធម៌ជួយដល់ពួកគាត់ដែលជាប្រជាពលរដ្ឋបាននិងកំពុងរងនូវការគម្រាមគំហែងជម្រិតទារប្រាក់ ពីសំណាក់មន្ត្រីបរិស្ថានខាងលើ ជាពិសេសរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអង្គភាពប្រឆាំង អំពើពុករលួយ គួរតែចុះធ្វើការស៊ើបអង្កេត រកការពិតដើម្បីយកមន្ត្រីខិលខូច ខាងលើទៅផ្តន្ទាទោសទុកជាគំរូដល់មន្ត្រី ផ្សេងទៀត៕