ប៉ោយប៉ែត ៖ ច្រករបៀង ជាច្រើនត្រូវបានលោក សូ ចាន់ណារី ចាត់ចែង ដាក់សាច់ ញាតិរបស់ខ្លួនជា អ្នកគ្រប់គ្រង ប្រមូលសេដ្ឋកិច្ច និងបញ្ចៀសការបែកសាយ ភាយនៃអំពើពុករលួយ ភាពមិនប្រក្រតីរបស់ សមត្ថកិច្ច ករណីបើកទូលាយ ឲ្យទំនិញគេចពន្ធហូរចូល ទំនិញបានមកពីបទ ល្មើសផ្សេងៗឆ្លងកាត់ និងពលរដ្ឋចំណាកស្រុក ទៅរកការងារធ្វើក្នុងទឹកដីថៃ ។
បញ្ជាក់ថា ច្រករបៀងបឹងសាគូរ ចុងកាស៊ីណូផ្កាយប្រាំ ជាបុស្ដិ៍គ្រប់គ្រងដោយ លោកលឹមសាវុធ ជាតំបន់បទល្មើសសេដ្ឋកិច្ច ឆ្លងកាត់ក្នុង ទ្រង់ទ្រាយធំ និងជាប្រភពសេដ្ឋកិច្ច របស់លោកសូ ចាន់ណារី សម្រាប់បុគ្គលខ្លួនឯង សាច់ញាតិ បក្ខពួក ក្រុមគ្រួសារ និងបែងចែកយកទៅបំពេញតម្រូវការថ្នាក់លើ។ ប្រជាពលរដ្ឋចំណាកស្រុក, ទំនិញខោអាវគូប ចេញពីកម្ពុជា, ទំនិញគេចពន្ធគ្រប់ប្រភេទហូរចូល, ហើយធ្លាប់មានម៉ូតូគេចពន្ធជាដើម។
ច្រករបៀងជាច្រើនកន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោក ៩១១ បានក្លាយទៅជាទីតាំងសម្រាប់ការឆ្លងកាត់ទំនិញគេចពន្ធល្មើសច្បាប់ និងប្រជាពលរដ្ឋចំណាក ស្រុក យ៉ាងអាណាធិបតេយ្យ ហើយគេក៏ដាក់ភាពសង្ស័យផងដែរថា អាចកើតឡើងដោយភាពធូររលុង ពីលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទើបលោកសូ ចាន់ណារី កំពុងទទួលផលដោយអំពើពុករលួយ លើការគ្រប់គ្រងច្រករបៀងទាំងនេះ។
បទល្មើសទាំងនេះឆ្លងកាត់ ចាត់ទុកជាប្រភពសេដ្ឋកិច្ច ដោយអំពើពុករលួយនោះរួចទៅហើយក្ដី បញ្ហាដ៏គ្រោះថ្នាក់បំផុតមួយទៀតត្រង់ថា ច្រករបៀងទាំងនេះ បានឲ្យឈ្មួញល្មើសច្បាប់នាំទំនិញជាប្រភេទសម្លៀកបំពាក់ដែលផលិតក្នុងស្រុក តាមរោងចក្រ, ប្រភេទខោអាវ និងស្បែកជើងកីឡា ដែលជនល្មើសបានប្រមូលទិញពី អំពើចោរកម្មតាមរោងចក្រ ករណីប្លន់ ពុះវះកុងទឺន័រ ត្រូវនាំចេញតាមច្រករបៀងនេះ។ បញ្ហាទាំងនេះ គឺជាអំពើខុសច្បាប់ដ៏ធ្ងន់ធ្ងរ ពីព្រោះខ្លួនជាសមត្ថកិច្ចត្រូវការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន ផ្ទុយទៅវិញ បែរជាឃុបឃិត សមគំនិតជាមួយឈ្មួញទុច្ចរិត នាំទំនិញល្មើសច្បាប់ពីតាមបណ្ដារោងចក្រឆ្លងកាត់តាមច្រករបៀងនេះយ៉ាងអណាធិបតេយ្យ។
ក្រុមមន្ដ្រីក្រសួងពាណិជ្ជកម្មបាននិយាយថា តាមបណ្ដារោងចក្រវាយណភណ្ឌកាត់ដេរ ការនាំចូលផលិតផល ពន្ធអាករជាបន្ទុករបស់រដ្ឋ ដើម្បីផលិតក្នុងស្រុក ស្រូបយកកម្លាំងពលកម្មឲ្យពលរដ្ឋខ្មែរមានការងារធ្វើ ហើយផលិតផលសម្រេចផលិតក្នុងស្រុក ពេលនាំចេញត្រូវស្នើសុំកូតា ទៅលក់ក្រៅប្រទេសបង់ពន្ធជូនរដ្ឋ។ ប៉ុន្តែមួយរយៈ មានអំពើចោរកម្ម ករណីវះប្លន់កុងទឺន័រយកខោអាវពីរោងចក្រ និងពេលដឹកចេញ ពីរោងចក្រទៅក្រៅប្រទេស ហើយត្រូវបានលេចឮថា មួយចំនួនត្រូវបានជនល្មើសឃុបឃិតគ្នាជាមួយឈ្មួញនាំចេញទៅប្រទេសថៃ ប្រទេសវៀតណាមតាមច្រករបៀង។ ក្រៅពីទំនិញនិងបទល្មើសសេដ្ឋកិច្ចផ្សេងៗឆ្លងកាត់ ក្លាយទៅជាតំបន់សេដ្ឋកិច្ចសម្រាប់លោកសូ ចាន់ណារី និងធ្វើឲ្យរដ្ឋបាត់បង់ចំណូល ក៏ដូចជាទីតាំងផ្ដល់ឲ្យឈ្មួញទុច្ចរិតនាំទំនិញពីរោងចក្រល្មើសច្បាប់ឆ្លងកាត់នោះ លោកសូ ចាន់ណារី បានចាត់ឲ្យនគរបាលមួយរូប ដែលត្រូវជាប្អូនថ្លៃរបស់គាត់ ឈ្មោះ(សិទ្ធិ) ជាអ្នកចាំប្រមូល គ្រប់គ្រងប្រភពសេដ្ឋកិច្ចជាចំហផង ៕