ប្រជាពលរដ្ឋដែលតាមដានបទល្មើសបំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វភ្នំឱរ៉ាល់បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក យ៉ង ភិរម្យ និងបក្ខពួកទេនោះ គ្មាននរណាអាចចូលទៅកាប់ឈើប្រណីតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បានឡើយ។ សព្វថ្ងៃនេះ សកម្មភាពដឹកជញ្ជូនឈើប្រណីត ឈើប្រភេទលេខ១ និងឈើប្រភេទលេខ២ នៅតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេង ហើយលោក យ៉ង ភិរម្យ គិតគូរតែរឿងផលប្រយោជន៍ប៉ុណ្ណោះ មិនខ្វល់ពីមហន្តរាយព្រៃឈើឡើយ។ ឈ្មួញដែលចូលទៅកាប់ឈើនិងដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រូវតែបង់លុយតាមការកំណត់របស់លោក យ៉ង ភិរម្យ ទើបមិនប្រឈមនឹងការបង្ក្រាប ហើយប្រសិនបើឈ្មួញណាហ៊ានគេចវេះមិនបង់លុយនោះ ប្រាកដជាត្រូវគេបង្ក្រាបយកស្នាដៃបង្ហាញថ្នាក់លើជាមិនខាន។
ប្រភពពី ប្រជាពលរដ្ឋនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្នឈើប្រណីតក្នុងដែនជម្រកសត្វភ្នំឱរ៉ាល់ ត្រូវបានក្រុមឈ្មួញចូលទៅកាប់អារច្រៀកនិងដឹកជញ្ជូនធ្វើអាជីវកម្មខុសច្បាប់យ៉ាងពេញបន្ទុក។ បញ្ហានេះកើតឡើងដោយសារតែលោក យ៉ង ភិរម្យ នាយកដែនជម្រកសត្វភ្នំឱរ៉ាល់ គឺជាអ្នកប្រព្រឹត្តអំពើពុករលួយបើកដៃឲ្យឈ្មួញធំៗដែលជាជនល្មើសចូលទៅកាប់ឈើនិងដឹកជញ្ជូនចេញយ៉ាងរលូន។ បញ្ហានេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានត្រូវពិនិត្យមើលជុំវិញភាពហិនហោច នៃព្រៃឈើក្នុងដែនជម្រកសត្វភ្នំឱរ៉ាល់ជាបន្ទាន់បំផុត ហើយត្រូវតែចាត់វិធានការតាមច្បាប់ទៅលើលោក យ៉ង ភិរម្យ ផងដែរ។
ក្រុមឈ្មួញដែលកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃដែនជម្រកសត្វភ្នំឱរ៉ាល់នោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ជឿង ថេង ជាមន្ត្រីយោធាភូមិភាគ៣ និងឈ្មោះ ណុប ឌី ដែលតែងតែធ្វើសកម្មភាពដឹកឈើទាំងយប់ទាំងថ្ងៃ ចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់មកស្តុកទុកនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ មុនពេលដឹកជញ្ជូនមកចែកចាយតាមដេប៉ូក្នុងខេត្តកំពង់ស្ពឺនិងបណ្តាស្រុកមួយចំនួន។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ដើម្បីអាចចូលទៅកាប់ឈើនិងដឹកជញ្ជូនឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្រុមឈ្មួញត្រូវបង់លុយឲ្យលោក យ៉ង ភិរម្យ ក្នុង១ខែ ជាង១ពាន់ដុល្លារ ជាថ្នូរនៃការមិនបង្ក្រាប។ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក៏ត្រូវគេសង្ស័យថាទទួលផលប្រយោជន៍ពីលោក យ៉ង ភិរម្យ ជាប្រចាំផងដែរ ទើបបណ្តោយឲ្យនាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់រូបនេះធ្វើអ្វីៗតាមអំពើចិត្ត ៕