ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១៥ ក្រសួងរ៉ែ និងថាមពល បានរៀបចំកិច្ចប្រជុំរវាង ថ្នាក់ដឹកនាំក្រសួងជាមួយនឹងអាជីវករធ្វើ អាជីវកម្មបូមខ្សាច់ ដើម្បីបញ្ជាក់ប្រាប់ ពីនីតិវិធីចូលរួមដេញថ្លៃធ្វើ អាជីវកម្មខ្សាច់ដែលក្រុមហ៊ុនបានចាត់ទុកថា ក្រសួងកំពុងលេង ៣សន្លឹក ស៊ីឡាករដ្ឋាភិបាល ។
បើតាមគម្រោង ក្រសួងរ៉ែនិងថាមពល បានកំណត់យកវេលាម៉ោង៣រសៀលថ្ងៃ ទី២៩ ខែឧសភា ឆ្នាំ២០១៥ សម្រាប់ជា កាលបរិច្ឆេទដេញថ្លៃ ប៉ុន្តែក្នុងកិច្ចប្រជុំ នេះ ខាងក្រសួងបានលើកពេលកំណត់ យកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ វេលា ម៉ោង៨ព្រឹកវិញ សម្រាប់ដេញថ្លៃធ្វើឡើង នៅភោជនីយដ្ឋានទន្លេបាសាក់២ ស្ថិត ក្នុងខណ្ឌចំការ មន ។
ផ្ទុយទៅវិញ អាជីវករជាច្រើន បានលើកឡើងជា សំណួរទៅកាន់ថ្នាកដឹកនាំក្រសួងរ៉ែនិង ថាមពល ដើម្បីឱ្យចម្លើយ ឆ្លើយតប ចម្ងល់របស់គាត់ ដោយផ្តោតសំខាន់ ឆ្ងល់ថា ហេតុអ្វីក៏អង្គភាពកំពង់ផែ ស្វយ័តភ្នំពេញ មិនមានការដាក់ ដេញថ្លៃជាមួយក្រុមហ៊ុនចំនួន៥៥ដែលត្រូវ ដេញថ្លៃនោះឬចងមុងទុកប្រព្រឹត្តអំពើពុករលួយួនោះ ។
ពេលនោះ ទុកលោក ឌិត ឌីណា អ្នកនាំពាក្យ ក្រសួងរ៉ែនិងថាមពលបានថ្លែងថា ករណី កំពង់ផែស្វយ័តភ្នំពេញមិនត្រូវបានដេញ ថ្លៃ គឺធ្វើឱ្យរដ្ឋចំណេញលើការស្តារផ្លូវ នាវាចរ ពីព្រោះការស្តារផ្លូវនាវាចរ រដ្ឋត្រូវចំណាយលុយ។ ដូច្នេះបើកំពង់ផែ គាត់មានគ្រឿងចក្រស្តារឱ្យគាត់ធ្វើចុះ នោះមិនចាំបាច់រដ្ឋត្រូវចំណាយលុយ ផង។ លោកឌិត ឌីណា បន្តថា ហើយ គាត់យកខ្សាច់ជារឿងរបស់គាត់ចុះនៅពេលដែលលោក ឌីណា ឆ្លើយ ដូច្នេះ បានន័យថា គាត់ឆ្លើយឱ្យរួចតែពីមាត់ប៉ុណ្ណោះ ព្រោះអ្វីៗទៅតាមផែនការដែលគេរៀបចំចងមុងទុករួចទៅហើយ ។
តាមក្រុមអាជីវករបានលើកឡើងទៀតថា ពួកគាត់នៅតែមានឆន្ទៈប្រកបដោយ ស្មារតី អនុវត្តទៅតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល និងច្បាប់ផ្សេងៗ ទៀត ប៉ុន្តែពួកគាត់ឆ្ងល់ថា តាំងពីលោក ស៊ុយ សែម ឡើងកាន់តំណែងជារដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មរ៉ែនិងថាមពលថ្មី និង ក្រោយមកជារដ្ឋមន្ត្រីក្រសួងរ៉ែនិងថាម ពល ពុំដែលឃើញមានការធ្វើអាជីវកម្ម ខ្សាច់ ឬរ៉ែមាសឱ្យដេញថ្លៃទេ ? ។ នេះជារឿងពិតដែលមន្ត្រីបកអាក្រាត ពីរឿងគន្លងជារដ្ឋមន្ត្រី និងគន្លងជា អគ្គនាយកកំពុងផែស្វយ័តភ្នំពេញនោះ ។
មិនតែប៉ុណ្ណោះក្រុមអាជីវករជាច្រើនបាននាំគ្នាខ្សឹបខ្សៀវ ថា ថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល និយាយទៅកើតជុំវិញ បញ្ហា ផ្តល់ឱ្យកំពង់ ផែស្វយ័តភ្នំពេញធ្វើអាជីវកម្ម ហើយ ពួកគាត់ត្រូវតែដេញថ្លៃ គឺពុំមានតម្លា ភាព ហើយក៏គ្មានសេចក្តីសម្រេចពីរាជ រដ្ឋាភិបាលណាមួយដែលបញ្ជាក់ថា អង្គ ភាពរបស់រដ្ឋ ត្រូវតែមានសិទ្ធិដោយមិន បាច់ដេញថ្លៃ និងមានអាទិភាពធ្វើអាជីវ កម្មជាងអាជីវករ និងក្រុមហ៊ុនឯកជន នោះឡើយ ។
ជាងនេះទៅទៀត ក្រុមអាជីវករបាននិយាយចំអកឡកឡឺយថា នៅក្នុងកិច្ចប្រជុំគណៈអធិបតី គឺមាន ក្រសួងរ៉ែនិងថាមពល ដែលចូលរួមមក ពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនោះតំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលជាគណៈអធិបតីផងនោះ ក៏បានឆ្ងល់ជុំវិញចំណាត់ការរបស់ ក្រសួងរ៉ែនិងថាមពលចាត់ចែងឱ្យមាន ការដេញថ្លៃ ទៅលើការធ្វើអាជីវកម្ម ខ្សាច់។ ប៉ុន្តែខាងក្រសួងបានឆ្ងល់រួចក៏ សួរទៅកាន់ខាងក្រសួងរ៉ែនិងថាមពល ថា “ជាធម្មតារាល់ការដេញថ្លៃ ដែលមាន លក្ខណៈស្របច្បាប់ លុះណាតែធ្វើឡើង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ ចុះហេតុអ្វីក៏ខាងក្រសួងរ៉ែនិងថាមពល ដេញថ្លៃ ហើយខាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុអត់ដឹងអីសោះ ? ករណីនេះ ថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល ហាក់ ដូចជាមិនមានធ្វើការដោះស្រាយ គ្រាន់ តែលោក ឌិត ឌីណា បញ្ជាក់យ៉ាងខ្លីថា “រឿងហ្នឹងចាំយើងធ្វើជាលក្ខណៈផ្ទៃក្នុងជាក្រោយ ”គាត់ Lobby ធ្វើហីហាក់ដូចជា ដឹងថា រឿងហ្នឹងបែបខុសច្បាប់ដែរ តែនាំគ្នាបិទបាំងបំពានច្បាប់ទៅ ។
បញ្ហានេះ ក្រុមអាជីវករបាននិយាយថា កុំថាឡើយ តែក្រុមអាជីវករនាំគ្នាឆ្ងល់ រឿងករណី ដេញថ្លៃនេះសូម្បីតែខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏មិនយល់ដែរ ហើយទុក រឿងនេះ ទៅពិភាក្សាគ្នាក្រោយ ដោយ ការលាក់បាំងជាមួយបងប្អូនអាជីវករទៅវិញ ។ ហើយដែលបញ្ហានេះ គេគិតថា ទំនងអង្គភៅពប្រឆាំងអំពើ ពុករលួយមិនទុកឱ្យអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ហ៊ី បាវី និងលោក ស៊ុយ សែម រដ្ឋមន្ត្រីរ៉ែ និងថាមជិះសេះ លែងដៃប្រព្រឹត្តអំពើពុករលួយ ជាន់ឈ្លីកំណែទម្រង់ច្បាប់ របស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះទេ ។/
ដោយ ៖ ស ជាតិ