កណ្ដាល៖ ការដ្ឋានបូមខ្សាច់ដោយប្រើសាឡង់ មួយគ្រឿង ត្រូវបានកូនប្រុសលោកឌុល គឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃធ្វើសកម្មភាពយ៉ាងគឃ្លើននៅចំណុចភូមិកោះ ផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល ។
សាឡង់បូមខ្សាច់ដែលសុទ្ធសឹងប្រើប្រាស់កម្មករជនជាតិវៀតណាមបានលួច បូមខ្សាច់ទាំងយប់ទាំងថ្ងៃហើយ មិនមានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាប ឡើយព្រោះខ្លាចអំណាចកូនប្រុសលោកឌុល គឿន ដែលតែងតែយកអំណាចទៅកៀបសង្កត់រដ្ឋអំណាច នៅតាមមូលដ្ឋាន ។
ប្រជាពលរដ្ឋ និយាយថាឈ្មោះ គឿន ភារម្យ មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងហាផ្ទៃនិងជាកូនបង្កើតលោក ឌុល គឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាអ្នកកាងឬជាម្ចាស់សាឡង់បូមខ្សាច់អត់ ច្បាប់ដ៏ធំប្រចាំស្រុកកៀនស្វាយមួយនេះ ។
ប្រជាពលរដ្ឋ បញ្ជាក់ថាឈ្មោះ គឿន ភារម្យ នេះបានបើកកន្លែងឬបនល្បែងរាប់មិនអស់នៅស្រុកកៀនស្វាយដូចជាបន ល្បែងជល់មាន់ ល្បែងស៊ីសងជាដើម ហើយភាគច្រើននៃមុខរបរ របស់គេគឺល្មើសច្បាប់ ។ ករណីដូចសាឡង់បូមខ្សាច់នៅចំណុចឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នេះគឺឈ្មោះគឿន ភារម្យបានចុះធ្វើសកម្មភាពបូមយូរខែហើយ ខណៈដែលម្ចាស់អាជីវកម្មបូម ខ្សាច់ដទៃទៀតត្រូវអាជ្ញាធរចុះបង្ក្រាប ប៉ុន្តែសាឡង់បូមខ្សាច់ខុសច្បាប់របស់ឈ្មោះគឿន ភារម្យនេះ មិនមានអាជ្ញាធរ ថ្នាក់ណាហ៊ានក្អកនោះឡើយ ។
ប្រជាពលរដ្ឋ និយាយថាគ្រាន់តែប្រជាពលរដ្ឋរកស៊ីនេសាទត្រីខុសច្បាប់ បន្តិចបន្តួចក្រុមអាជ្ញាធរចុះបង្ក្រាបយ៉ាងចាស់ដៃ ប៉ុន្តែពេលក្រុមកូនមន្ត្រីធំរកស៊ីល្មើសច្បាប់ទ្រង់ទ្រាយធំវិញ គឺពួកគេសម្ងំស្ងៀមព្រោះខ្លាចអំណាចអ្នកធំ ។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរបង្ក្រាបបទល្មើសឲ្យបាន ស្មើភាពគ្នា កុំបង្ក្រាបបានតែប្រជាពលរដ្ឋតូចតាចចំណែកអ្នកធំរកស៊ីល្មើសតាមអំពើ ចិត្តដូច្នេះវាយុត្តិធម៌ពេកសម្រាប់សង្គមកម្ពុជា ។
ប្រជាពលរដ្ឋបានអះអាងថាការធ្លាក់សន្លឹកឆ្នោតរបស់គណបក្សប្រជាជន កម្ពុជានៅស្រុកកៀនស្វាយ មួយចំណែកធំគឺអាស្រ័យដោយអ្នកធំកូនអ្នកធំអាងអំណាចហើយដើរធ្វើ ព្យុះធ្វើភ្លៀងរកស៊ីបទល្មើសតាមអំពើចិត្តនោះឯង ។ មិនតែប៉ុណ្ណោះអាជ្ញាធររិតបន្តឹងនិងជាន់កតែប្រជាពលរដ្ឋរកស៊ីតូចតាច សម្រាប់តែចិញ្ចឹមក្រពះទៅវិញ ។ ប្រហែលជាអាជ្ញាធរត្រូវដងត្រូវផ្លែជាមួយឈ្មោះគឿន ភារម្យ ទេដឹងបានជាស្ងាត់ស្ងៀមដូច្នេះនោះ ៕