កំពង់ឆ្នាំង ៖ ការកាប់បំផ្លាញព្រៃលិច ទឹកដុតធ្វើចំការ និងធ្វើស្រែប្រាំង នៅតាមកោះមាត់ បឹងទន្លេសាប ក្នុងទឹកដីភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង ដុះ កំពុងរីកដុះដាលយ៉ាង អនាធិបតេយ្យ។ ប៉ុន្តែមន្ត្រីបរិ ស្ថាន ដែលមាន ស្នាក់ការនៅឃុំឆ្នុកទ្រូ ដែលដឹកនាំដោយ លោក អ៊ុយ ប៊ុនធន បែរជាបណ្តែតបណ្តោយមិនបង្ក្រាប ឃើញតែបើកកាណូត ដើរប្រមូលយកលុយ ពីអ្នកកាប់ព្រៃចំការទៅវិញ ។
តាមប្រភពពីប្រជាពលរដ្ឋអ្នកធ្វើចំការនៅឃុំឆ្នុកទ្រូ ជាច្រើនអ្នកបានប្រាប់ឱ្យដឹងថាព្រៃលិចទឹកដែលជាព្រៃរនាម នៅតាមមាត់បឹងទន្លេសាប ជម្រកត្រីពងកូន និងជារនាំងសម្រាប់ទប់រលកនៅពេលមានខ្យល់ខ្លាំងនារដូវវស្សា និងជាជម្រក របស់អ្នកនេសាទត្រូវបានក្រុមទុច្ចរិតជាអ្នកមានលុយកាប់បំផ្លាញព្រៃលិចទឹករានយកដីយ៉ាងអនាធិបតេយ្យ នៅចំណុចកោះ ព្រែក ទាល់កោះ ព្រែកម៉ម កោះអ្នកតាស្លែង និងកោះស្រឡះ ស្ថិតក្នុងភូមិឆ្នុកទ្រូ ស្រុកបរិបូរណ៌ដែលគេ គ្មានឃើញមន្ត្រី ជំនាញមួយណាចុះធ្វើការបង្ក្រាប ឃើញតែលោក អ៊ុយ ប៊ុនធន ម្នាក់គត់ដើរប្រមូលលុយទៅវិញ ។
បើយោងតាមសំដីអ្នកធ្វើចំការនៅចំណុចព្រែកម៉ម ស្រុកបរិបូរណ៌បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា គឺឈ្មោះ អ៊ុយ ប៊ុនធន និងកូនចៅជាមន្ត្រី បរិស្ថានម្នាក់ទៀត ឈ្មោះប៊ុន សារិន ហៅរ៉ុន បានទៅគំរាម ប្រមាថចាប់គាត់ដាក់ខ្នោះនិងគម្រាម ដាក់គុកពី១០ឆ្នាំទៅ១៥ឆ្នាំ បើគាត់គ្មានលុយឱ្យពួកគេ ចំនួន ១០លានរៀលជាថ្នូរនោះទេ ។ ប៉ុន្តែក្រោមការអង្វរកពី ប្រជាពលរដ្ឋ ពួកគេទើបចុះនៅតម្លៃ១លានរៀល គ្រាន់តែពួកគាត់កាប់ ល្បាស់ចំការតែប៉ុណ្ណោះ ។
ឯចំណែកលោកយាយ តូន មានទីលំនៅភូមិឆ្នុកទ្រូ បានប្រាប់ឱ្យដឹងផងដែរថា លោក អ៊ុយ ប៊ុនធន ក៏បានមកគម្រាម យកប្រាក់ពីគាត់ចំនួន៣៥ម៉ឺនរៀលផងដែរ ។ មូលហេតុដោយគាត់បានទៅកាប់ល្បាស់ព្រៃចំការរបស់គាត់។
ក្រៅពីនោះជនរងគ្រោះឱ្យដឹងទៀតថា គឺឈ្មោះ អ៊ុយ ប៊ុនធន ធ្លាប់មានរឿងរ៉ាវអំពើពុករលួយស៊ីដាច់លុយកូនចៅយកលុយ ពីបទល្មើសនេសា ទត្រូវបានកាសែតក្នុងស្រុកចុះផ្សាយផ្អើលខេត្តកំពង់ឆ្នាំងម្តងមកហើយ។ ប៉ុន្តែឃើញនៅដដែល បណ្តាលឱ្យប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៌ ធ្វើការិះគន់ លោក ពៅ ប៊ុនថន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ប្រហែលជាទទួលបានសំណូកសូកប៉ាន់ ពីមន្ត្រីម្នាក់និងហើយទើបគ្មានការណែនាំ និងដាក់ទោសទណ្ឌ អ្វីទាល់តែសោះ។
ពាក់ព័ន្ធ និងករណីខាងលើនេះលោក អ៊ុយ ប៊ុនធន នាយករងបរិស្ថានខេត្តកំពង់ឆ្នាំង បាននិយាយប្រាប់នៅចំពោះមុខអ្នក សារព័ត៌មានថា លោកយកប៉ុណ្ណឹងទិញឡានមិនទាន់បានផង ពីព្រោះ គាត់យកលុយទាំងអស់នេះទៅឱ្យប្រធានមន្ទីរ បរិស្ថាន សម្រាប់ជួយទិញទឹកសុទ្ធ នំប៉័ង និងសម្ភារៈផ្សេងៗនៅពេលលោកប្រធានមន្ទីរចុះទៅណែ នាំប្រជាពលរដ្ឋឱ្យយល់ដឹងពីបរិស្ថាន (Sic) ។
យោងករណីខាងលើនេះ ពួកគាត់មានតែសង្ឃឹមទៅលើ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់យុត្តិ ធម៌ជួយដល់ពួកគាត់ដែលជាប្រជាពលរដ្ឋ បាននិងកំពុងរងនូវការគម្រាមគំហែងជម្រិតទារប្រាក់ ពីសំណាក់មន្ត្រី បរិស្ថានខាងលើ ជាពិសេសរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអង្គភាពប្រឆាំង អំពើពុករលួយ គួរតែចុះធ្វើការស៊ើបអង្កេត រកការពិតដើម្បីយកមន្ត្រីខិលខូច ខាងលើទៅផ្តន្ទាទោសទុកជាគំរូដល់មន្ត្រី ផ្សេងទៀត ។ ពីព្រោះថា បើគ្មានការទប់ស្កាត់ ឬព្រមានទេ អាចឱ្យនាំឱ្យខូចឈ្មោះដល់ថ្នាក់ខេត្ត និងក្រសួងមន្ទីរទៀតក៏អាចថាបាន ។/ ដោយ ៖ អារក្ខទឹក