ក្រុម​ហ៊ុន ​ស៊ីវ ហ្គិ​ច កំពុង​ឈូ​សបំផ្លាញ​ព្រៃអភិរ​ក្សសហគ​មន៍ក្បាលរ​មាសយ៉ាង​អានាធិប​តេ​យ្យ

ប្រធាន​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ឃុំ​ក្បាល​រមាស បាន​លើកឡើងថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​គឺជា​ក្តីបារម្ភ​សម្រាប់​សហគមន៍​ជនជាតិដើម​ភាគតិច ដែល​អាស្រ័យ​ផល​ធនធានធម្មជាតិ ព្រោះ​ក្រុមហ៊ុន​ឈូសឆាយ​ដីព្រៃ​ឲ្យ​ទៅជា​វាល សម្រាប់​ដាំ​កៅស៊ូ​អស់​១​ម៉ឺន​ហិកតា​ទៅហើយ ដែលជា​ឧបសគ្គ​ចម្បង​ដល់​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ជនជាតិ​ដើម​ភាគតិច​។ ប្រជា​សហគមន៍ ក៏បាន​អំពាវនាវ​ឲ្យ​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង​ជួយ​ការពារ​ព្រៃ​សហគមន៍​របស់​ពួកគាត់​ផងដែរ ដើម្បី​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​បាន​អាស្រ័យ​ផល​ពី​ធនធានធម្មជាតិ​។ ប្រធាន​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ក្នុង​ឃុំ​ក្បាល​រមាស បាន​រិះគន់ថា រដ្ឋាភិបាល​បានផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​នៅក្នុង​ឃុំ​ក្បាល​រមាស គឺជា​ប្រភេទ​ដីព្រៃ​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ ហើយ​ក្រុមហ៊ុន​ទាំងនោះ​កាប់​ឈើ​លក់​យកលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដោយ​មិនទាន់​ឃើញ​អភិវឌ្ឍន៍​ ​។

​  កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ កន្លងទៅ​ថ្មីៗ​នេះ សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឃាត់​គ្រឿងចក្រ​២​គ្រឿង របស់​ក្រុមហ៊ុន ស៊ីវ ហ្គិ​ច (Saiv Kheck) ដោយសារតែ​ក្រុមហ៊ុន​នេះ ឈូសឆាយ​ដីព្រៃ​អភិរក្ស​សហគមន៍​ក្បាល​រមាស​។ ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង ប្រមាណ​៥០​នាក់ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ បាន​ជួបជុំគ្នា​នៅ​ទីតាំង​ស្រែ​គាស់ ភូមិ​ក្បាល​រមាស ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ដើម្បី​រង់ចាំ​តំណាង​ក្រុមហ៊ុន ស៊ីវ ហ្គិ​ច ចូលមក​ដោះស្រាយ​។ ប្រជា​សហគមន៍​អះអាងថា តំណាង​ក្រុមហ៊ុន​ត្រូវធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ និង​មាន​ស្នាម​មេដៃ​ជាមួយ​សហគមន៍ ច្បាស់លាស់ ទើប​អ្នកភូមិ​សម្រេច​ប្រគល់​គ្រឿងចក្រ​ឲ្យ​ក្រុមហ៊ុន​វិញ​។

តំណាង​ជនជាតិដើម​ភាគតិច​ព្នង បាន​និយាយថាពួកគាត់​ព្រួយបារម្ភ​ខ្លាច​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ឈូសឆាយ​ដីព្រៃ អភិរក្ស​របស់​សហគម​ន៍ ហេតុនេះហើយ​ទើប​ពួកគាត់​ឃាត់​គ្រឿងចក្រ​ទុកជាមុន ដើម្បី​ការពារ​ព្រៃ​សហគមន៍​សម្រាប់​ផលប្រយោជន៍​កូនចៅ​ជំនាន់​ក្រោយ​។ ប្រធាន​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នៅ​ឃុំ​ក្បាល​រមាស លោក ស្រៀ​ន ជឿន បាន​ប្រកាន់​ជំហរ​ថា តំណាង​ក្រុមហ៊ុន​ត្រូវធ្វើ​កិច្ចសន្យា​ផ្តិតមេដៃ ជាមួយ​សហគមន៍ ថែមទាំង​មាន​អាជ្ញាធរ​មូលដ្ឋាន​ដឹងឮ​ជាមុនសិន ទើប​សហគមន៍​សម្រេច​ប្រគល់​គ្រឿងចក្រ​ជូន​ក្រុមហ៊ុន​វិញ ហើយ​បើ​នៅតែមាន​សកម្មភាព​រំលោភ​បំពាន​តទៅទៀត គឺ​ពួកគាត់​ប្តេជ្ញា​ការពារ​ព្រៃ​សហគមន៍​៕

OLYMPUS DIGITAL CAMERA