មេស្រុក​ស្ទោង អាច​ជាប់​ពាក់ព័ន្ធ​នូវ​ពីក្រោយ​ឈ្មួញ ពៅ ប៉េង​ឃីម រំលោភ​យ​កី​រដ្ឋ !

កំពង់ធំ ៖ ក្រុម​ប​ជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​បុស្ស​តា​ឯក ឃុំ​ទ្រា ស្រុក​ស្ទោង បាន​នាំគ្នា​លើក​ឡើង​ពី​មាត់​មួយ​ទៅ​មាត់​មួយ មិន​ដាច់​គ្នា​ថា ដី​នៅ​តំបន់ដូ​ប៉ា ទាំង​ដី​វាល​ក្រោម​បឹង​ទន្លេសាប និង​ដី​វាលទំនាប ពួកគាត់​បាន​សង្កេតឃើញ​មាន​ក្រុម​ឈ្មួញ បានធ្វើ​សកម្មភាព​ឈូសឆាយ​រុករាន​ទន្ទ្រាន​យ៉ាង​គគ្រឹកគគ្រេង ហាក់​គ្មាន​ការ​ខ្លាចរអា​លើ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន សោះ​។​

​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ខាងលើ​នេះ បាន​រៀបរាប់​ឱ្យដឹងថា ពួកគាត់​ជា​ប្រជាពលរដ្ឋ​ទូទៅ គ្មាន​ប្រាក់​គ្មាន​អំណាច ពុំ​មាន​នរណា​ម្នាក់​ហ៊ាន​ទៅ​ប៉ះពាល់​ដី​ត្រង់ចំណុច​តំបន់ដូ​ប៉ានោះទេ ព្រោះ​ខ្លាច​ទទួល​ទោសទណ្ឌ​ពី​ច្បាប់​។

​ផ្ទុយទៅវិញ ពួកគាត់​បែរ​ជា​សង្កេតឃើញថា មាន​ឈ្មួញ​ម្នាក់​ដែល​គេ​ដឹងថា បាន​ប្រើ​ទឹក​លុយ​យ៉ាងច្រើន ទៅធ្វើ​សកម្មភាព​ឈូសឆាយ រុករាន​ទន្ទ្រាន​ដី​ព្រៃ ដោយ​ដំបូង គេ​ប្រើ​ឱ្យ​លួច​កាប់​ឆ្ការ រួច​ហើយ​គេ​លួច​គាស​គល់ ដល់​ដំណាក់កាល​ចុងក្រោយ គេ​យក​គ្រឿងចក្រ​ទៅ​ភ្ជូរ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នោះទេ ប៉ុន្តែ​ក៏​ពុំ​មាន​នរណា​ហ៊ាន​ទៅ​ប៉ះ ឬ​ហាមឃាត់​សកម្មភាព​គេ​នោះទេ​។

​លើសពីនេះទៅទៀត នៅពេលដែល​មាន​ដំណឹង​ថា ក្រុម​អ្នកសារព័ត៌មាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​នៅ​ទីនោះ បែរជា​មាន​អ្នក​អោយ​ដំណឹង​ទៅ​ក្រុម​ឈ្មួញ​នោះ ឱ្យ​យក​គ្រឿងចក្រ​ដែល​ធ្វើ​សកម្មភាព​ឈូសឆាយ​ចេញ ដើម្បី​ជៀសវៀង​ការ​បែកធ្លាយ​ព័ត៌មាន​។​

​តាម​ប្រភព​ច្បាស់ការ​បាន​បង្ហើប​ឱ្យដឹង​ដែរ​ថា គេ​បាន​រកឃើញថា​មាន​មន្ត្រី​មួយចំនួន​បាន​ឃុបឃិត​នឹង​ក្រុម​ឈ្មួញ ទាំងនោះ ដោយ​បើកដៃ​ឱ្យ​ពួកគេ​ធ្វើ​សកម្មភាព​ស្រេច​ទំនើងចិត្ត​ឈូសឆាយ​យក​ដី​រដ្ឋ ហើយក៏​មាន​ការកោះហៅ​ឱ្យ​ឡើង​តុលាការ​ខ្លះ​ដែរ​ដើម្បី​ឱ្យ​ពួក​អ្នក ពាក់ព័ន្ធ​ទាំង​នោះ​បំភ្លឺ​ពី​រឿងនេះ និង​ដើម្បី​ជា​ការព្រមាន​ឱ្យ​រាងចាល ប៉ុន្តែ​គេ​នៅ​សង្កេតឃើញថា សកម្មភាព​នោះ​នៅតែ​បន្ត​ដដែល​។​

​បើ​តាម​ប្រជាពលរដ្ឋ​ឱ្យដឹងថា ឈ្មោះ ពៅ ប៉េង​ឃីម ជា​ម្ចាស់​ហាង​លក់​គុយទៀវ​មួយ​កន្លែង​នៅ​ផ្សារ​ស្ទោង បាន​យក​គ្រឿងយន្ត​មក​ឈូសឆាយ​ដី​នៅ​តំបន់​ដូន​ប៉ា​នោះ​យ៉ាង​គឃ្លើន ហាក់​មាន​ការសហការ​គ្នា​យ៉ាង​ល្អ​រវាង​ក្រុម​ឈ្មួញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួន ដោយ​ពុំ​ខ្លាចញញើត​ពី​សំណាញ់​ច្បាប់​សូម្បី​បន្តិច​នោះឡើយ​។​

​ឯ​លោក​ព្រឹម រដ្ឋា អភិបាល​ស្រុក​ស្ទោង បាន​បដិសេធ​ចំពោះ​ករណី​ឈូសឆាយ​ដី​រដ្ឋ​នេះ​ថា លោក​ពុំ​បានដឹង​ទាល់តែសោះ ថា​ដី​នៅ​តំបន់​នោះ​ត្រូវ​គេ​ឈូសឆាយ​។ ហើយ​បែរជា​និយាយ​យ៉ាង​ប្រហើ​រថា ចាំ​មើល​លោក​សួរ​ទៅ​មេឃុំ​ទ្រា​សិន ។​/

ukrabun_imchhunlim