សេចក្តីរាយការណ៏ពីប្រជាពលរដ្ឋឲ្យដឹងថាឈើប្រណីតនិងឈើប្រភេទលេខ១ ក្នុងខេត្តខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែងចៀសមិនផុតពីរលាយសាបសូន្យនោះឡើយ ព្រោះក្រុមហ៊ុន ទ្រី ភាព បានប្រើប្រាស់មេការជាច្រើននាក់សម្រាប់ប្រមូលទិញឈើដឹកជញ្ជូនទៅលក់ នៅប្រទេសចិន និងស្រុកយួន។ប្រជាពលរដ្ឋបន្តថា ក្រុមហ៊ុន ទ្រី ភាព មានទីតាំងស្តុកឈើដ៏ធំមួយនៅភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្ថិតនៅជាប់ទីស្នាក់ការ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី។ នៅទីនេះ មានមេការឈ្មោះ គា តែងប្រមូលទិញឈើពីប្រជាពលរដ្ឋដែលចូលទៅលួចកាប់នៅតំបន់ការពារក្នុងស្រុកកោះញែក និងស្រុកពេជ្រាដា ហើយដឹកជញ្ជូនតាមរថយន្តជាច្រើនគ្រឿងមកស្តុកទុកក្នុងទីតាំងដ៏ធំនៅសង្កាត់រមនា ក្រុងសែនមនោរម្យ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ឈើដែលឈ្មោះ គា មេការក្រុមហ៊ុន ទ្រី ភាព ប្រមូលទិញពីគ្រប់ទីកន្លែងនោះ សុទ្ធតែជាឈើប្រភេទធ្នង់ និងនាងនួន ហើយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក កែប កត់ ក៏ដូចជាអភិបាលខេត្តមណ្ឌលគិរី លោក អេង ប៊ុនហ៊ាង ត្រូវគេសង្ស័យថា ទទួលបានផលប្រយោជន៍ពីមេការរបស់ក្រុមហ៊ុន ទ្រី ភាព ទើបបណ្តោយឲ្យបទល្មើសដឹកជញ្ជូនឈើនិងបំផ្លាញព្រៃឈើបន្តកើនឡើងយ៉ាងអនាធិបតេយ្យពេញខេត្ត។
ចំណែកខេត្តរតនគិរីសេចក្តីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឈើក្នុងក្រុងបានលុង ស្រុកអូរយ៉ាដាវ ស្រុកតាវែង ស្រុកលំផាត់ ស្រុកវ៉ឺនសៃ បានឲ្យដឹងថា បទល្មើសកាប់ឈើប្រណីតនិងឈើប្រភេទលេខ១ មានសភាពកាន់តែខ្លាំងឈ្មោះ សាល ជាមេការដ៏ល្បីឈ្មោះរបស់ក្រុមហ៊ុន ទ្រី ភាព ហើយគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានប៉ះពាល់បុគ្គលនេះទេ ដោយសារតែគេបានយកឈ្មោះឧកញ៉ា ទ្រី ភាព និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលមកប្រើប្រាស់យ៉ាងគឃ្លើន។ សូម្បីតែលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក វង្ស សុកសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ក៏សម្ងំស្ងៀមមិនហ៊ានប៉ះពាល់ឈ្មោះ សាល ដែលជាមេការក្រុមហ៊ុន ទ្រី ភាព ដែរ។
ឈ្មួញរកស៊ីឈើមួយចំនួនបានឲ្យដឹងថា ក្រុមហ៊ុន ទ្រី ភាព បានបង្កើតទីតាំងស្តុកឈើជាច្រើនកន្លែងមុនពេលដឹកចេញទៅស្រុកយួននិងប្រទេសចិន។ ទីតាំងស្តុកឈើសំខាន់ៗរបស់ក្រុមហ៊ុន ទ្រី ភាព មាននៅក្នុងស្រុកវ៉ឺនសៃ ស្រុកអូរជុំ និងស្រុកអណ្តូងមាស ដោយមានមេការនិងមេការរងជាច្រើននាក់ ចាំប្រមូលទិញឈើទាំងយប់ទាំងថ្ងៃ។ ឈើប្រណីតនិងឈើប្រភេទលេខ១ នៅពេលប្រមូលបានគ្រប់ចំនួនហើយ ត្រូវដឹកយកទៅស្តុកទុកនៅចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្បែរច្រកអន្តរជាតិ អូរយ៉ាដាវ ដើម្បីនាំចេញទៅស្រុកយួនយ៉ាងរលូន។
ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ក៏បានឲ្យដឹងដែរថា មេការធំរបស់ក្រុមហ៊ុន ទ្រី ភាព ដែលសកម្មក្នុងការប្រមូលទិញឈើមានឈ្មោះស្រ៊ាងម៉េង.ឈឿនសំណាង.តុប វិរ៉ាដា ហើយមានមេការរងឈ្មោះ តាំង សុផាន់ណា ឈ្មោះ សុខ សារ៉េត និងឈ្មោះ ប៊ុន ផេង។ មេការនិងមេការរងទាំងនេះ កំពុងសកម្មក្នុងការប្រមូលទិញឈើប្រណីត និងឈើប្រភេទលេខ១ នៅក្នុងតំបន់ ១០១ ឬតំបន់ឧទ្យានជាតិវរជ័យ ហើយដឹកតាមរថយន្តធំៗ ឬតាមទូកសណ្តោងយកទៅគរទុកដូចភ្នំនៅក្បែរសាលាស្រុកសៀមប៉ាងបន្ទាប់មកគេដឹកជញ្ជូនតាមរថយន្តកែច្នៃនិងរថយន្តយីឌុបធំៗ ទៅស្តុកទុកក្នុងឃ្លាំងដ៏ធំមួយកន្លែង របស់ក្រុមហ៊ុន ទ្រី ភាព ស្ថិតនៅភូមិតាខែង ឃុំព្រែកមាស ស្រុកសៀមប៉ាង “តំបន់ស្រែគរ” ក្បែរក្រុមហ៊ុនវាយថ្ម របស់ចិន។ សកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើខុសច្បាប់របស់ក្រុមហ៊ុន ទ្រី ភាព ដែលមានការដូចរៀបរាប់ឈ្មោះខាងលើ កំពុងធ្វើឲ្យឈើប្រណីតក្នុងខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែងចៀសមិនផុតពីសេចក្តីវិនាសហិនហោចជាក់ជាមិនខាននាពេលខាងមុខនេះ៕