ខេត្តឧត្តមានជ័យះ តាមប្រភពព័ត៌មានពីខេត្តសៀមរាបបានឲ្យដឹងថាក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើ បាននិងកំពុងតែសម្រុក កាប់បំផ្លាញព្រៃឈើ ស្ទើររលាយហិនហោច ពីក្នុងបរិវេណក្រុមហ៊ុន និងក្រៅក្រុមហ៊ុន ហើយពួកគេតែងតែ ប្រើប្រាស់រថយន្តខ្នាតយក្សធំៗ ដឹកជញ្ជូនឈើរាប់សិបតោន លើសទម្ងន់ពីច្បាប់កំណត់ ដែលជាការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរបំផុតទៅលើ ផ្លូវជាតិ ផ្លូវថ្នល់ ឬផ្លូវលំនានា ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ។ទង្វើអស់ទាំងនេះ ត្រូវប្រជាពលរដ្ឋ បាននិយាយថា វាជាការផ្គើន ឬប្រមាថមើលងាយចំពោះបទបញ្ជា របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលយ៉ាងច្បាស់ក្រឡែតដែលមិនត្រូវអត់ឱនឲ្យបានឡើយ ។
ប្រភពបានរាយការណ៍មកថា កន្លងមកក្រុមហ៊ុន សុខ សំណាង ស្អីគេនោះ មិនមានអាជ្ញាប័ណ្ណអ្វីដែលរាជរដ្ឋាភិបាល បានប្រគល់ឲ្យក្នុងការ វិនិយោគផ្នែកវិស័យកសិកម្ម និងឧស្សាហកម្មដំណាំកៅស៊ូនោះទេ ប៉ុន្តែក្រុមហ៊ុននេះ បានឃុបឃិតគ្នា ជាមួយក្រុមហ៊ុន ២ទៀត គឺក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើ ដែលមានទីតាំងនៅស្រុកអន្លង់វែង និងស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យដើម្បីចែកលាភ សក្ការៈគ្នាចំណេញ កេងលើរាជរដ្ឋាភិបាលកម្ពុជាតែម្ដង ។បានន័យថា ក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើ ដែលទទួលបានសិទ្ធិ វិនិយោគស្របច្បាប់ ពីរាជរដ្ឋាភិបាលកម្ពុជា បែរជាមិនព្រមយក ច្បាប់អនុញ្ញាតនោះទៅអនុវត្តដោយខ្លូនឯង ទៅតាមកិច្ចសន្យាជាមួយ រាជរដ្ឋាភិបាលកម្ពុជាទេ។
ផ្ទុយទៅវិញ ពួកគេបានឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ លក់អាជ្ញាប័ណ្ណនោះ បន្តទៅឲ្យក្រុមហ៊ុន សុខ សំណាង យកទៅធ្វើអាជីវកម្មកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ ស្ទើររាល់យប់ថ្ងៃទៅវិញ ។ប្រភពបានបញ្ជាក់ទៀតថា ក្រោយពីក្រុមហ៊ុន សុខ សំណាង បានទទួលសិទ្ធិស្ងាត់ៗ ពីក្រុមហ៊ុនដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើ រួចមក ក្រុមហ៊ុន សុខ សំណាង ក៏បាន
ចាប់ផ្តើមសម្រុក កាប់បំផ្លាញព្រៃឈើ និងប្រមូលទិញឈើ ក្រៅបរិវេណក្រុមហ៊ុន ដូចជាឈើលេខ១, ឈើលេខ២ រួមទាំងឈើគ្រញូងផងដែរ (មានប្រជាពលរដ្ឋខ្មែខ្លះ បានឡើងទៅលួចកាប់ឈើ នៅក្នុងទឹកដីថៃធ្វើឱ្យទាហានថៃបាញ់ សម្លាប់ជាបន្តបន្ទាប់) ។ ឈើទាំងឡាយ ដែលក្រុមហ៊ុននេះ កាប់បាននិងប្រមូលទិញបាន គេតែងតែដឹកជញ្ជូនចែកចាយ លក់នៅតាមបណ្តាខេត្ត-ក្រុងផ្សេងៗ ដូចជាខេត្តសៀមរាប, បន្ទាយមានជ័យ,បាត់ដំបង, កំពង់ធំ, កំពងចាម, ព្រៃវែង, ស្វាយរៀង និងខេត្តមួយទៀត ។មន្ត្រីសាធារណការ ដែលបានត្រឹមតែថា… តែមិនសូវហ៊ានចាប់នោះ បាននិយាយថា មានផ្លូវជាតិ ផ្លួវលំជាច្រើន ត្រូវបានខូចខាត យ៉ាងធ្ងន់ធ្ងរ ជាបន្តបន្ទាប់ ដោយសារតែឡានដឹកឈើ លើសទម្ងន់តួយ៉ាង ក្រុមហ៊ុនសុខ សំណាងនេះឯងដែលរំលោភច្បាប់
ចរាចរណ៏ជាងគេ។ពាក់ព័ន្ធនឹងបញ្ហានេះ មានមជ្ឈដ្ឋានជាច្រើន បាននិយាយថា នៅក្នុងសម័យតេជោនេះគេមិនដឹងថា តើមានក្រុមហ៊ុន ចំនួនប៉ុន្មានទេ ដែលរត់ការបានសិទ្ធិ វិនិយោគលើដីសម្បទាន អភិវឌ្ឈន៍ស្អីៗត្រឹមត្រូវ ពីរាជរដ្ឋាភិបាលហើយ ពួកគេបែរជាយកឡៃសិន (License) នោះ ទៅគួកជេរលក់បន្តទៅឲ្យក្រុមហ៊ុនផ្សេងៗ ជាភាគីទី២ ឬទី៣ទៀត ដែលមិនមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់សោះទៅវិញ? តើទង្វើបែបនេះ អាចចាត់ទុកថា ជាការក្បត់ទំនុកចិត្ត ឬជាការរំលោភបំពាន ឬជាការក្បត់កិច្ចសន្យា ជាមួយរាជរដ្ឋាភិបាលដែរឬទេ? ឬមួយរាជរដ្ឋាភិបាល ជាអ្នកអនុញ្ញាតិឲ្យធ្វើបែបនេះ?បើធ្វើអញ្ចឹងបានតាមចិត្ត ប្រហែលជាអាណត្តិនេះ នឹងមានអ្នកមានលុយច្រើន បើកជាក្រុមហ៊ុនមួយ ក្នុងការបម្រើសេវាកម្មរត់ការ និងលក់ឡៃសិន គ្រប់ប្រភេទហើយ ។
ផ្ទុយទៅវិញ បើមិនអីចឹងទេ រាជរដ្ឋាភិបាល ត្រូវតែដកយកសិទ្ធិ ពីក្រុមហ៊ុនទាំងនោះ មកវិញទាំងអស់។ ហើយក៍ត្រូវដាក់ទោសពៃរ៍ ឲ្យធ្ងន់ធ្ងរទៅលើ ម្ចាស់ក្រុហ៊ុនតាំងនោះដែរដូចជាក្រុមហ៊ុនដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ទំរីង រ៉ាប់ប៊ើ ដែលបានលក់សិទ្ធិ កាប់ឈើ ប្រមូលទិញឈើ និងដឹកជញ្ជូនឈើ ទៅឲ្យក្រុមហ៊ុន សុខ សំណាង៕