ប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានអំពាវនាវឲ្យលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងមន្ទីរពាក់ព័ន្ធចាត់វិធានការជួយដោះស្រាយផលវិបាករបស់ពួកគាត់ជាបន្ទាន់ ព្រោះដីស្រែចម្ការរបស់ពួកគាត់ បានបាក់ចូលរណ្តៅដីរបស់មេឈ្មួញ ឃុត ឌីវឌ្ឍនា ជាបន្តបន្ទាប់។
តាមការអះអាងរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិរាយដប ឃុំសៀមរាប បានឲ្យដឹងថា អាជ្ញាធរខេត្តកណ្តាលនិងមន្ទីរពាក់ព័ន្ធបានចេញអាជ្ញាប័ណ្ណឲ្យឈ្មួញ ឃុត ឌីវឌ្ឍនា ជីករណ្តៅដីរាប់សិបហិកតា ដើម្បីកាយអាចម៍ដីដឹកយកទៅលក់ ដោយមិនគិតពីផលប៉ះពាល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទេ។
នៅក្នុងស្រុកកណ្តាលស្ទឹង ឈ្មួញឈ្មោះ ឃុត ឌីវឌ្ឍនា ល្បីឈ្មោះយ៉ាងខ្លាំងក្នុងការជីករណ្តៅដីជម្រៅដល់ក្បាលប្រេត ហើយដឹកជញ្ជូនតាមរថយន្តធំៗ ធ្វើអាជីវកម្មបំផ្លាញផ្លូវក្នុងភូមិដ្ឋានរបស់ប្រជាពលរដ្ឋស្រេចតែអំពើចិត្ត។ បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋរាប់រយគ្រួសារ ក្នុងភូមិរាយដប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្តែងសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះដីស្រែចម្ការ របស់ពួកគាត់ដែលនៅជាប់នឹងរណ្តៅដីជាច្រើនកន្លែងរបស់ឈ្មួញ ឃុត ឌីវឌ្ឍនា។
ហេតុនេះហើយ ទើបពួកគាត់ប្រមូលផ្តុំគ្នាតវ៉ាយ៉ាងស្វិតស្វាញដើម្បីទាមទារឲ្យបិទរណ្តៅដីនោះ កុំឲ្យប៉ះពាល់ដីស្រែចម្ការរបស់ពួកគាត់តទៅទៀត។ ទោះជាយ៉ាងណាដីស្រែចម្ការរបស់ប្រជាពលរដ្ឋនៅជាប់រណ្តៅដីនោះ កំពុងបាក់ស្រុតចូលក្នុងរណ្តៅដីរបស់មេឈ្មួញ ឃុត ឌីវឌ្ឍនា គួរឲ្យព្រួយបារម្ភ ហើយគ្មាននរណាទទួលខុសត្រូវឡើយ។
ប្រជាពលរដ្ឋរងគ្រោះបានអំពាវនាវឲ្យអាជ្ញាធរស្រុកកណ្តាលស្ទឹង និងអាជ្ញាធរខេត្តកណ្តាល ជួយអន្តរាគមន៍ធ្វើយ៉ាងណាឲ្យឈ្មួញ ឃុត ឌីវឌ្ឍនា ចេញមកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ព្រោះការជីករណ្តៅដីកន្លងមក ទុកចំណីមាត់រណ្តៅត្រឹមតែ៣ម៉ែត្រ គឺខុសពីការជូនដំណឹងដែលត្រូវទុកមាត់រណ្តៅដីពី ៧ទៅ៨ម៉ែត្រ។ ប្រជាពលរដ្ឋរងគ្រោះបានរិះគន់ថា មេឈ្មួញ ឃុត ឌីវឌ្ឍនា ដែលអាងខ្នងមន្ត្រីមានអំណាចគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយមិនគិតពីផលប៉ះពាល់ទៅលើប្រជាពលរដ្ឋឡើយ៕