លោក ​យ៉ម ​មឿន មេប​ញ្ជាកា​រវរសេ​នាតូ​ចការពា​រព្រំដែ​នលេខ៥០៦ប្រ​ព្រឹត្តអំពើ​ពុករ​លួយ?

នាយទាហាន​និង​ពលទាហាន​ដែល​ស្អប់ខ្ពើម​អំពើ​មិន​ប្រក្រតី​របស់លោក យ៉​ម មឿ​ន បាន​ឲ្យ​ដឹងថា មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៥០៦ រូបនេះ បាន​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​ខិលខូច​នាំចូល​ឈើ​គ្រញូង​ខុសច្បាប់​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​និង​បើក​ឲ្យ​មាន​បទល្មើស​ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅ​ស្រុក​ភ្នំព្រឹក​យ៉ាង​ពេញបន្ទុក​ ។ លោក យ៉​ម មឿ​ន ធ្វើ​អ្វីៗ​គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​គិតពី​ទុក្ខលំបាក​របស់​នាយទាហាន និង​ពលទាហាន​ក្រោម​ឱវាទ​នោះទេ​។ ក្នុងនាម​ជា​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៥០៦ លោក យ៉​ម មឿ​ន តែងតែ​ប្រើ​អំណាច​គាបសង្កត់​គំរាមកំហែង​លើ​នាយទាហាន​ពលទាហាន​ក្រោម​ឱវាទ​យ៉ាង​អសីលធម៌ គ្មាន​ហេតុផល បណ្តាល​ឲ្យ​នាយទាហាន​និង​ពលទាហាន​ខ្លះ​សូម​ចូលនិវត្តន៍​មុន​កំណត់ ខ្លះទៀត​សុំ​ប្តូរ​អង្គភាព ហើយក៏​មាន​អ្នក​រត់ចោលជួរ​ជា​បន្តបន្ទាប់​ផងដែរ​។

រឿងអាស្រូវ​របស់លោក យ៉​ម មឿ​ន មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ ៥០៦ ដែលមាន​ទីតាំងនៅ​ភូមិ​អូរ​កណ្តោល ភូមិ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ត្រូវ​នាយទាហាន និង​ពលទាហាន​ក្នុង​អង្គភាព​លាតត្រដាង​ជា​សាធារណៈ ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ដឹងឮ ផងដែរ​។ យោងតាម​លិខិត​មួយច្បាប់​របស់​នាយទាហាន និង​ពលទាហាន​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៥០៦ បាន​ឲ្យ​ដឹងថា លោក យ៉​ម មឿ​ន បាន​កាត់​របប​បន្ថែម​របស់​នាយករដ្ឋមន្ត្រី​ដែល​ផ្តល់​ឲ្យ​កូនទាហាន កាត់​ប្រាក់ខែ​កងទ័ព និង​យក​ដី​អង្គភាព​លក់​ស្រេច​តែ​អំពើ​ចិត្ត​។ ដូច្នេះ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ក៏ត្រូវ​ពិនិត្យមើល​បញ្ហា​នេះដែរ ដើម្បី​កុំ​ឲ្យ​លោក យ៉​ម មឿ​ន អាង​អំណាច​ធ្វើបាប​នាយទាហាន​និង​ពលទាហាន​ក្រោយ​ឱវាទ​របស់ខ្លួន ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។

​នៅក្នុង​លិខិត​របស់​នាយទាហាន​និង​ពលទាហាន​បាន​ឲ្យ​ដឹងថា លោក យ៉​ម មឿ​ន បាន​កាត់​របប​បន្ថែម​ដែល​នាយករដ្ឋមន្ត្រី ផ្តល់​ឲ្យ​កូនទាហាន បែងចែក​របស់​មិន​ត្រឹមត្រូវ ហើយ​យកទៅ​ឲ្យ​ប្រពន្ធចុង​របស់ខ្លួន​នៅ​ស្រុក​ភ្នំព្រឹក យ៉ាង​ហូរហៀ​។ របបហូបចុក​ប្រចាំថ្ងៃ​របស់​កូនទាហាន នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៥០៦ និង​គ​គាំទ្រ​មិនដែល​បាន​បើក​តាំងពី​ខែមករា ឆ្នាំ​២០១២ រហូតមកដល់​បច្ចុប្បន្ន មិនដឹងថា​លោក យ៉​ម មឿ​ន យកទៅ​ធ្វើ​អ្វី​នោះទេ​។ ជាងនេះទៅទៀត លោក យ៉​ម មឿ​ន បាន​យក​ដី​ទីតាំង​កងទ័ព​ក្នុង ខ​១​គ​២,​ខ​២​គ​២ និង ខ​១​គ​១ បែងចែក​លក់ដូរ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​បាន​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

781