ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសម្ដែងនូវការហួសចិត្ត ស្របពេលដែលសកម្មភាពដឹកជញ្ជូនឈើមកស្តុកក្នុងផ្ទៃអាងកើតមានឡើងជាច្រើនឆ្នាំកន្លងមករហូតដល់ពេលបច្ចុប្បន្ននេះ។ ប្រភពដដែលបានបញ្ជាក់ថា ឈើមុខកាត់ប្រមាណជាង ១ម៉ែត្រ និងតូចជាងនេះ ឬឈើប្រភេទលេខ១ លេខ២ និងលេខ៣ ត្រូវបានឈ្មួញខិលខូចដឹកជញ្ជូនមកស្តុកទុកក្នុងតំបន់ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ រួចកែច្នៃអារច្រៀក។ ប្រជាពលរដ្ឋមូលដ្ឋានដែលបានចុះតាមដានបញ្ហានេះ បានពន្យល់ថា ឈើ គឺត្រូវបានយកមកអារច្រៀកក្នុងតំបន់ផ្ទៃអាងឲ្យទៅជាឈើស្របច្បាប់ដោយមិនចាំបាច់បង់ពន្ធ ឬក៏បង់ពន្ធក្នុងតម្លៃទាប។
ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងបានអះអាងថា សកម្មភាពដឹកជញ្ជូនឈើចេញក្រៅតំបន់ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ដោយក្រុមហ៊ុន លោក លឹម ប៊ុណ្ណា ហៅ ឧកញ៉ា ខ្នា ដែលបានធ្វើឡើងតាំងពីឆ្នាំ២០១៣មកនោះ នៅតែបន្តដឹកតាមរថយន្តយីឌុបធំៗចេញទៅលក់នៅប្រទេសយួន រហូតដល់បច្ចុប្បន្ន ដែលអ្នកភូមិព្រួយបារម្ភថា ព្រៃឈើនឹងហិនហោចអស់ដោយសារតែក្រុមឈ្មួញនេះ។ ប្រភព បានបញ្ជាក់ថាបើសមត្ថកិច្ចពិតជាមានភាពស្អាតស្អំ និងមានសមត្ថភាពពិតប្រាកដស្របតាមជំនាញ និងកាតព្វកិច្ចរបស់ខ្លួន ហើយមានឆន្ទៈបង្ក្រាបបទល្មើសព្រៃឈើ ម្ល៉េះឈ្មួញលឹម ប៊ុនណ្ណា និងបក្ខពួកមិនអាចធ្វើសកម្មភាពដូចសព្វថ្ងៃនោះទេ។
សកម្មជនព្រៃឈើនៅខេត្តស្ទឹងត្រែង បានដាក់ការទទួលខុសត្រូវករណីកាប់បំផ្លាញព្រៃឈើនៅក្រៅផ្ទៃអាងតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ទៅលើអាជ្ញាធរខេត្ត និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ថាមិនបានផ្តល់ដំណឹងជាក់លាក់ទាក់ទិនការកំណត់ព្រំប្រទល់តំបន់ផ្ទៃអាងឲ្យសង្គមស៊ីវិលជ្រាប រួមទាំងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះ និងសហគមន៍ជាដើម។ ប្រភពដដែលបានបញ្ជាក់ថាភាពមិនច្បាស់លាស់ក្នុងការកំណត់ទីតាំងផ្ទៃអាង គឺជាចេតនាឆ្លៀតឱកាសផ្សំគំនិតរបស់មន្ត្រីជំនាញ និងអ្នកមានអំណាចក្នុងខេត្តស្ទឹងត្រែង ក្នុងការបំផ្លាញធនធានព្រៃឈើដ៏ធំសម្បើមនៅក្នុងខេត្តមួយនេះ ៕