ខេត្តកែប ៖ ក្រុមប្រជាពលរដ្ឋនិងក្រុមសហគមន៍ប្រជានេសាទបាននាំគ្នារិះគន់ពីភាពអសកម្ម របស់មន្ត្រីជលផល ខេត្តកែបឈ្មោះ ភឺន ផល្លាជានាយ ផ្នែកជលផលខេត្តកែបថា កំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ដែលមិនគួរថ្នាក់លើមើលរំលងនោះទេ ។
យោងសេចក្តីរាយការណ៍ពិស្តារ មួយបានឱ្យដឹងថា មានបទល្មើសក្រុមទូកនេសាទ ដែលកំពុងធ្វើ សកម្មភាពនៅលើផ្ទៃ សមុទ្រកែប ភាគច្រើន កំពុងប្រើប្រាស់ ឧបករណ៍នេសាទ ខុសច្បាប់ដូចជា ទូកអូសគួ ទូកប្រើខ្សែភ្លើងឆក់ ធ្វើឱ្យប៉ះពាល់ដល់មច្ឆាជាតិ ជាច្រើន រួមមាន ក្តាម បង្គា ត្រីដែលនៅតូចៗត្រូវពួកគេលួចនេសាទធ្វើឱ្យប៉ះពាល់ និងស្ទើរ តែផុតពូជ ជាពិសេសត្រីធំៗ មិនអាចបង្កកំណើតបាន ។
តាមទូកប្រើឧបករណ៍នេសាទខុសច្បាប់ទាំងនេះមាននៅតំបន់ អង្កោល ព្រែក តានេនក្នុងភូមិសាស្ត្រខេត្តកែប ហើយ កំពុងធ្វើសកម្មភាព យ៉ាងអនាធិបតេយ្យ ហើយក៏ មិនដែលឃើញមន្ត្រីជលផលចុះមកបង្ក្រាបម្តងណាសោះ។
បើយោងតាមប្រភពបានអោយដឹងថា ទូកប្រើឧបករណ៍នេសាទ ខុសច្បាប់នៅព្រែកតានេន មានចំនួន ៤៧គ្រឿង ត្រូវបាន បង់លុយឱ្យ ទៅ លោក ភឺន ផល្លានាយផ្នែករដ្ឋបាលជលផល ខេត្តកែប ក្នុងទូកនីមួយៗចំនួន ៤០ទៅ ៦០ម៉ឺនរៀលក្នុងមួយខែ ។
ភាពមិនប្រក្រតីខាងលើ ក្រុមប្រជាពលរដ្ឋនិងក្រុមសហគមន៍ប្រជានេសាទបាននាំគ្នារិះគន់ពីភាព អសកម្មរបស់មន្ត្រីជលផល ខេត្តកែបឈ្មោះ ភឺន ផល្លាជានាយ ផ្នែកជលផលខេត្តកែប កំពុងប្រព្រឹត្តអំពើពុករលួយ ។
មានការលើកឡើងថា ការនេសាទល្មើសច្បាប់បែបនេះ តើ លោក ណៅ ធួក ដែលជានាយកនៃ នាយកដ្ឋានរដ្ឋបាលជលផលដឹងដែរឬទេ ? មេត្តាជួយពិនិត្យ ចំពោះសកម្មភាពរបស់លោក ភឺន ផល្លានេះផង ព្រោះថា ករណីឃុបឃិតបណ្តោយ ឱ្យមានបទល្មើសនេសាទក្នុងតំបន់ខេត្តកែបនេះ កើតមានជាយូរឆ្នាំមកហើយ ដលគួរតែលោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ពិនិត្យពីលើនាយកដ្ឋានជលផលផង ។/
ដោយ ៖ នាយសម្បើម