លោក ​ទិត្យ ណា​រ៉ុង អធិ​ការនគរបា​លក្រុង​សៀមរាប​ប្រព្រឹត្តអំពើ​ពុករលួយ​ជាចំ​ហរ?

ប្រជាពលរដ្ឋនៅក្នុង​ក្រុង​សៀមរាប ​បាន​លើកឡើងថា ដោយសារតែ​អំពើពុករលួយ​របស់លោក ទិ​ត្យ ណា​រ៉ុង និង​បក្ខពួក​នោះ​ហើយ​ទើប​បទល្មើស​ផ្សេងៗ នៅក្នុង​ក្រុង​សៀមរាប​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​ជាពិសេស អំពើ​ចារកម្ម ល្បែងស៊ីសង និង​គ្រឿងញៀន​ជាដើម​។ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់​ចំពោះ​អំពើពុករលួយ និង​ភាពមិនប្រក្រតី​ដែល​កើតឡើង​ក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ហើយ​ត្រូវ​ចាត់វិធានការ​លុបបំបាត់​ជាបន្ទាន់​បំផុត​។

អំពើពុករលួយ​របស់​លោក ទិ​ត្យ ណា​រ៉ុង និង​បក្ខពួក​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​តាមរយៈ​លិខិត​អនាមិក​ដែល​បាន​បាច​នៅខាងមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៥​។ នៅក្នុង​លិខិត​អនាមិក​បានបញ្ជាក់​ថា​លោក ទិ​ត្យ ណា​រ៉ុង និង​បក្ខពួក​បាន​យកលុយ​ប្រចាំខែ​ពី​តាម​បន់​ល្បែងស៊ីសង និង​កន្លែង​បម្រើ​ផ្លូវភេទ​លួចលាក់​នៅក្នុង​ក្រុង​សៀមរាប​។ ដូច្នេះ​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ត្រូវ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​លោក ទិ​ត្យ ណា​រ៉ុង និង​បក្ខពួក​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។​

​នៅក្នុង​លិខិត​អនាមិក​បាន​រៀបរាប់​ទៀតថា​លោក ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប ​បានតែងតាំង​មន្ត្រីក្រោមឱវាទ​នាពេល​កន្លងមក​តាមរ​បៀ​ប​បក្ខពួកនិយម ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាងនេះទៅទៀត​លោក ទិ​ត្យ ណា​រ៉ុង បាន​បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ឈ្មោះ ម៉ុក បូរ៉ា ដើរ​ប្រមូល​លុយ​តាម​បន​ល្បែង​គ្រប់​ប្រភេទ​ដូចជា ហ្គេម កន្ទុយលេខ កន្លែង​ម៉ាស្សា និង​កន្លែង​បម្រើសេវា​ផ្លូវភេទ​នៅ​ទូទាំង​ក្រុង​សៀមរាប​។ ជាពិសេស​លោក ទិ​ត្យ ណា​រ៉ុង មិន​ចាត់វិធានការ​លើ​មន្ត្រីនគរបាល​ខិលខូច​ជា​កូនចៅ​របស់ខ្លួន​ដែល​យក​កាំភ្លើង​អាកា បាញ់រះ​ជាច្រើន​គ្រាប់​ទៅលើ​អ្នក​ឆក់​ត្រី​នៅ​វាល​ប្រាំង ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​កាលពី​ថ្ងៃទី​១៣ ខែមិថុនា កន្លងទៅ​នោះទេ​ ៕

sort_NaDI