លោក ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ត្រូវគេសង្ស័យថា ទទួលបានផលប្រយោជន៍ពីលោក ជិន សុផាត ជាប្រចាំទើបបើកដៃឲ្យនាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច រូបនេះធ្វើអ្វីៗតាមអំពើចិត្តលោក ជិន សុផាត នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ និងដឹកជញ្ចូនទំនិញខុសច្បាប់ផ្សេងៗឆ្លងកាត់ផ្លូវជាតិលេខ៥ នៃខេត្តកំពង់ ឆ្នាំង ដើម្បីផលប្រយោជន៍យ៉ាងសុខស្រួលដោយសារតែលោក ជិន សុផាត ជាអ្នកនៅពីក្រោយខ្នងក្រុមឈ្មួញដឹកជ ញ្ចូនឈើខុសច្បាប់បែបនេះហើយទើបកន្លងមកនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង មិនសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងការបង្ក្រាបបទល្មើសដឹកជញ្ចូនឈើខុសច្បាប់។
កាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ រថយន្តធំៗ២គ្រឿងដឹកអុសដែលជាប្រភេទឈើមិនទាន់គ្រប់អាយុត្រូវ បានមន្ត្រីរដ្ឋបាលព្រៃឈើឃាត់ចាប់ពេលដឹកឈើចេញពីភូមិក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ឆ្លងកាត់តាមផ្លូវកៅស៊ូ ក្រាំងតាមុំ ឆ្ពោះមកភូមិព្រៃខ្មែរ។ ប្រភពបានឲ្យដឹងថា រថយន្តដឹកអុសនោះជារបស់ឈ្មួញឈ្មោះ ណុង ណាក់ ដែលជាអ្នករត់ការប្រមូលទិញកូនឈើមិនទាន់គ្រប់អាយុទៅដាក់តាមរោងចក្រ និងឡឥដ្ឋ នៅខេត្តកំពង់ឆ្នាំង និងបណ្ដាខេត្តមួយចំនួនទៀត។ ឈ្មួញឈ្មោះ ណុង ណាក់ ត្រូវបានគេដឹងថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក ជិន សុផាត នាយការិយាល័យនគរបាលប្រឆាំងបតល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ទើបកន្លងមកឈ្មួញរូបនេះអាចដឹកជញ្ចូនឈើយ៉ាងអនាធិបតេយ្យ។ ឈើទាំងនោះត្រូវបានគេដឹងថាដឹកចេញពីដែនជំរកសត្វភ្នំឱរ៉ាល ដោយមានឃុបឃិតជាមួយសមត្ថកិច្ចពុករលួយពីគ្រប់ស្ថាប័ន ។
ប្រភពពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងមួយចំនួន បានឲ្យដឹងថា ក្រោយពេលមានការចាប់ឈើរបស់ឈ្មួញឈ្មោះ ណុង ណាក់ រួចមកមានការកោះប្រជុំជាបន្ទាន់ ដោយមានមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ឈ្មោះ ជន ថារិទ្ធ និងលោក ជិន សុផាត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ចូលរួមផងដែរ។ ក្រោយបញ្ចប់កិច្ចប្រជុំគេឃើញលោក ជិន សុផាត ប្រាប់ទៅឈ្មួញឈ្មោះ ណុង ណាក់ ឲ្យបញ្ឈប់សកម្មដឹកឈើមួយរយៈសិន ព្រោះសមត្ថកិច្ចចេញចាប់ហើយ។ តាមរយៈសកម្មភាពនេះមានន័យថា លោក ជិន សុផាត ជាប់ពាក់ព័ន្ធបទល្មើសយ៉ាងច្បាស់ក្រឡែត ដូច្នេះលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់ដើម្បីកុំឲ្យប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូល៕