ខេត្តមណ្ឌលគិរី៖សេចក្តីរាយការណ៏ពីខេត្តមណ្ឌលគិរីឲ្យដឹងថាចំពោះការបាត់បង់ព្រៃឈើធម្មជាតិដោយពុំមានការទប់ស្កាត់ទៅលើឧកញ៉ា លាង ច័ន្ទមុន្នី អតីតគឺជាមេការប្រមូលទិញឈើឲ្យក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ប្រចាំខេត្តរតនគិរី ឥឡូវលេចមុខមកធ្វើសកម្មភាពប្រមូលទិញឈើនៅក្នុងខេត្តមណ្ឌលគិរីវិញ។ក្រោយពីដីសម្បទានសេដ្ឋកិច្ចចំនួន២កន្លែងក្នុងតំបន់ឧទ្យានវីរៈជ័យត្រូវបានក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព ប្រគល់ជូនរដ្ឋវិញហើយនោះ។ ប្រភពបានទម្លាយឲ្យដឹងថា លោកឧកញ៉ា លាង ច័ន្ទមុន្នី បានទទួលសិទ្ធិពីក្រុមហ៊ុនក្នុងការប្រមូលទិញឈើនៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរីគ្រាដែលក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព កំពុងមានកេរ្តិ៍ឈ្មោះពុំសូវល្អទាំងក្នុងប្រទេស និងឆាកអន្តរជាតិទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ បង្កមហន្តរាយព្រៃឈើនៅក្នុងប្រទេសកម្ពុជានោះ។ ប៉ុន្តែទោះជាយ៉ាងណាព័ត៌មាននេះមិនអាចស្វែងរកសុំការបកស្រាយពីលោក ឧកញ៉ា ទ្រី ភាព ហើយនិងលោកឧកញ៉ា លាង ច័ន្ទមុន្នី បាននៅឡើយទេ។
សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរីបន្តថា លោកឧកញ៉ា លាង ច័ន្ទមុន្នី បានធ្វើការពង្រាយកូនកញ្ច្រែងជាច្រើននាក់ដើម្បីដើរប្រមូលទិញឈើអនាធិបតេយ្យខុសច្បាប់ដែលប្រជាពលរដ្ឋលួចកាប់ពីក្នុងព្រៃ និងធ្វើសកម្មភាពដឹកជញ្ជូនចេញពីតំបន់អភិរក្សជីវៈចម្រុះសីម៉ា តំបន់ឧទ្យានវីរៈជ័យ និងតំបន់សត្វព្រៃភ្នំព្រិចជារៀងរាល់ថ្ងៃយកទៅស្តុកទុកក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនដាយណាមដែលគេគិតថា ព្រៃតំបន់អភិរក្សខាងលើកំពុងតែរងនូវការកាប់បំផ្លាញខ្លាំងឡើងពុំឃើញមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរខេត្តទាល់តែសោះ។
ប្រជាពលរដ្ឋអះអាងថាមិនយូរប៉ុន្មានទេព្រៃឈើនៅក្នុងដែនអភិរក្សជីវៈចម្រុះសីម៉ា ហើយនិងតំបន់សត្វព្រៃភ្នំព្រិចនឹងប្រឈមនឹងការបាត់បង់អស់គ្មានសល់ជាមិនខាន។ ហើយបញ្ហានេះលោក អេង ប៊ុនហៀង អភិបាលខេត្តមណ្ឌលគិរី និងលោក កែប កត់ នាយរដ្ឋបាលព្រៃឈើក៏ទទួលផលប្រយោជន៏នេះផងដែរទើបគ្មានការបង្រ្កាប។
សូបញ្ជាក់ថា កន្លងមកក្រុមមេការលោកឧកញ៉ា ទ្រី ភាព តែងតែប្រើប្រាស់ឈ្មោះ និងឥទ្ធិពលអំណាចរបស់ក្រុមហ៊ុនក្នុងការរកស៊ីប្រមូលទិញឈើដែល ប្រជាពលរដ្ឋលួចកាប់ខុសច្បាប់តម្លៃថោកៗដើម្បីយកមកលក់ឲ្យក្រុមហ៊ុន លោកឧកញ៉ា ទ្រី ភាព ធ្វើឲ្យសមត្ថកិច្ច និងមន្ត្រីជំនាញនាំគ្នាខ្លាចឡើងរួញខ្លួនគ្រប់គ្នាមិនហ៊ានប៉ះពាល់នោះឡើយ ៕