ខេត្តប៉ៃលិន:ប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានឲ្យដឹងថា ឈ្មួញឈ្មោះ សេង គីម បានប្រើគ្រឿងចក្រកាយដីភ្នំ និងប្រើរថយន្តដឹកជញ្ជូនធ្វើអាជីវកម្ម យ៉ាងពេញបន្ទុកដោយពុំមានមន្ត្រីអាជ្ញាធរ ស្រុក និងអាជ្ញាធរខេត្ត ចាត់វិធានការទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋសង្ស័យថា មន្ត្រីអាជ្ញាធរស្រុក និងអាជ្ញាធរខេត្ត ក៏ដូចជាលោក អ៊ី ហឿន ប្រធានមន្ទឺររ៉ែ និងថាមពលខេត្តប៉ៃលិន ទទួលបានផលប្រយោជន៍ជាប្រចាំពីឈ្មួញឈ្មោះ សេង គីម ទើបបណ្ដោយឲ្យឈ្មួញរូបនេះធ្វើអ្វីៗតាមអំពើចិត្ត។ ចំណែកមេឃុំស្ទឹងកាច់ពុំមានសិទ្ធិទប់ស្កាត់សកម្មភាពរបស់មេឈ្មួញ សេង គីម នោះទេព្រោះឈ្មួញរូបនេះមានខ្នងបង្អែករឹងមាំ និងមានទំនាក់ទំនងល្អជាមួយអាជ្ញាធរខេត្ត។
ប្រភពពីប្រជាពលរដ្ឋក្នុងឃុំស្ទឹងកាច់ បានឲ្យដឹងថា ដីភ្នំមួយកន្លែងនៅចំណុចផ្សារព្រុំ កំពុងជិតរលាយបាត់រូបរាងដោយសារឈ្មួញឈ្មោះ សេង គីម ប្រើគ្រឿងចក្រជីកកកាយ និងដឹកជញ្ជូនធ្វើអាជីវកម្មខុសច្បាប់យ៉ាងគគ្រឹកគគ្រេងអស់រយះពេលជា យូរមកហើយ។ ដីភ្នំនោះគឺជាដីរដ្ឋដែលត្រូវអ្នកមានលុយរំលោភយកធ្វើជាកម្មសិទ្ធិ ហើយដោយមានការឃុបឃិតពីមន្ត្រីអាជ្ញាធរស្រុក និងមន្ត្រីអាជ្ញាធរខេត្ត ទើបឈ្មួញឈ្មោះ សេង គីម អាចជីកកកាយ និងដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងរលូន។ រថយន្តធំៗរបស់ឈ្មួញឈ្មោះ សេង គីម ដឹកជញ្ជូនអាចម៍ដីលក់បានធ្វើឲ្យ ខូចផ្លូវក្នុងឃុំស្ទឹងកាច់ ជាបន្តបន្ទាប់ ប៉ុន្តែមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់បែរជាសម្ងំស្ងៀមធ្វើ មិនដឹងមិនឭអ្វីទាំងអស់។
ទាក់ទងនឹងបញ្ហាខាងលើនេះប្រជាពលរដ្ឋសង្ស័យថា លោក អ៊ី ហឿន ប្រធានរ៉ែ និងថាមពលខេត្តប៉ៃលិន ទទួលបានផលប្រយោជន៍ពីឈ្មួញឈ្មោះ សេង គីម ជាប្រចាំទើបបណ្ដោយឲ្យបទល្មើសជីកកកាយដីភ្នំ ធ្វើអាជីវកម្មយ៉ាងមហន្តរាយ។ ប្រជាពលរដ្ឋក្នុងឃុំស្ទឹងកាច់បានលើកឡើងថា ដីភ្នំក្នុងមូលដ្ឋានរបស់ពួកគាត់ត្រូវឈ្មួញជីកកកាយឲ្យក្លាយទៅជា រៀបស្មើ ហើយរំលោភយកធ្វើជាកម្មសិទ្ធិដោយគ្មានការទប់ស្កាត់ពីមន្ត្រី អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនោះទេ។ លោក កែវ សុធា អភិបាលខេត្តប៉ៃលិន ក៏ប្រហែលជាទទួលបានផលប្រយោជន៍ពីបទល្មើសជីកកាយដីភ្នំធ្វើអាជីវកម្ម ខុសច្បាប់យ៉ាងពេញបន្ទុកនោះដែរ ទើបសម្ងំស្ងៀមធ្វើមិនដឹងមិនឭអ្វីទាំងអស់ចំពោះ ការបំផ្លាញធនធានធម្មជាតិយ៉ាងមហន្តរាយនាពេលបច្ចុប្បន្ន៕