រដ្ឋធានីថៃប្រឈមបាតុកម្មនយោបាយប្រជែងគ្នា

បាតុករគាំទ្រ និងប្រឆាំងរដ្ឋាភិបាល រាប់ម៉ឺននាក់ ត្រូវ​ចេញ​មក​ជួបជុំ​​​នៅ​ក្រុង​បាងកក នៅថ្ងៃ អាទិត្យនេះ នៅ​ពេល​ប្រទេស ថៃប្រឈម ការ​ប្រឆាំង​​តវ៉ានយោបាយ​តាម​ដង​ផ្លូវធំ បំផុតចាប់​តាំងពីការបង្ក្រាបបាតុកម្មដ៏បង្ហូរឈាមនៅឆ្នាំ ២០១០ ។ អាជ្ញាធររំពឹងថា អ្នកតវ៉ាប្រឆាំងរដ្ឋា​ភិបាល​ប្រមាណ៧០.០០០នាក់នឹងចេញមកតាម ដងផ្លូវនៅរសៀល នេះ និងសមាជិកចលនាអាវក្រហម​ដែលគាំទ្រ​រដ្ឋាភិបាល​រាប់​ពាន់នាក់ ទៀត ក៏គ្រោង​នឹងជួបជុំនៅ​ទីកន្លែងមួយ​ទៀតនៅ​ក្នុងរដ្ឋធានី​ដដែលដើ ម្បីគាំទ្រ​រដ្ឋាភិបាល​របស់នាយក​រដ្ឋមន្ត្រី​យីង​ឡាក់ ។

ធីតា ថាវ៉នសេត មេដឹកនាំក្រុមអាវក្រហម បាននិយាយ កាលពីថ្ងៃសៅរ៍ថា “ក្រុមអាវ​ក្រហម​ក៏ត្រូវ​បង្ហាញ​កម្លាំង របស់យើង ដើម្បីការពារ​លទ្ធិប្រជាធិបតេយ្យ ។យើងនឹង​ធ្វើការ​ជួបជុំ ដោយ​អហិង្ស និងមិនចង់បាន​ការ​ប្រឈម​មុខទេ ដូច្នេះ បើមាន​អំពើហិង្សា​ណាមួយ​ ​វាមិនត្រូវ​បានបង្កឡើងដោយក្រុមអាវ ក្រហមទេ” ។

ប៉ូលិសកំពុងត្រៀមកម្លាំងប្រតិកម្មរហ័សដើម្បី ដោះស្រាយការវិវត្តន៍ភ្លាមៗណាមួយនៅថ្ងៃអាទិត្យនិងថ្ងៃចន្ទ នៅពេលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកាន់តែបង្កើនសម្ទុះ ។ កន្លែងជួបជុំធំនៅថ្ងៃនេះគឺផ្លូវធំរ៉ាតចាដាមឺន ហើយបាតុកម្មដែលដឹកនាំដោយគណបក្សប្រឆាំង ត្រូវរំពឹងថានឹងបំបែកជាក្រុមតូចៗដើម្បីដង្ហែរពេញក្រុងទៅកាន់ ទីតាំង១២នៅថ្ងៃចន្ទ។

ក្នុងពេលជាមួយគ្នា ក្រុមអាវក្រហមជួបជុំនៅកីឡដ្ឋានមួយ ដើម្បីបង្ហាញការគាំទ្ររដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ។

នៅពេល គណបក្សប្រជាធិបតេយ្យអំពាវនាវអោយមនុស្ស១លាននាក់ចូលរួមបាតុកម្មនេះ ប៉ូលិសរំពឹងថាមនុស្ស៧០.០០០នាក់នឹងបង្ហាញខ្លួននៅក្រុងបាងកក ។ ប៉ូលិសកំពុងបារម្ភខ្លាចក្រែងមានក្រុមជនទី៣ ឆ្លៀតឱកាសបង្កអំពើហិង្សាក្នុងហ្វូងបាតុកម្ម ដែលអាចនាំអោយបាតុករត្រូវប្រឈមជាមួយប៉ូលិស ។ ក្នុងពេលជាមួយគ្នា អ្នកវិភាគជាច្រើនជឿថា ការជួបជុំតវ៉ា ដែលធំបំផុតចាប់តាំងពីឆ្នាំ២០១០ មិនងាយនឹងចប់ឆាប់ៗទេ ។

លោក ធីទីណាន់ ពង់ស៊ូដធីរ៉ាត នៅសកលវិទ្យាល័យជូឡាឡុងកន បាននិយាយថា “យើងនឹងឃើញភាពតានតឹងបន្តកើនឡើង។អ្នកប្រឆាំងតវ៉ានឹង រដ្ឋាភិបាលខ្លាំងល្មមដើម្បីរារាំងគោលនយោបាយរបស់រដ្ឋាភិបាល។ខ្ញុំ គិតថាយើងកំពុងចាប់ផ្តើមមើលឃើញវដ្តបោះឆ្នោតថ្មីមួយ” ។

ស៊ូ ថេប ធឿកស៊ូបាន អ្នកយុទ្ធសាស្ត្រជើងចាស់របស់គណបក្សប្រជាធិបតេយ្យ ដែលបានលាឈប់ពីសមាជិកសភាដើម្បីមកដឹកនាំយុទ្ធនាការប្រឆាំង រដ្ឋាភិបាល បានប្រកាសថាថ្ងៃអាទិត្យនេះជា”ទិវាប្រយុទ្ធធំ”មួយនៅក្នុងយុទ្ធនា ការទម្លាក់រដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ ។ ពួកអ្នករៀបចំបានទាក់ទងហាងអាហារល្បីៗចំនួន៥០នៅ៥០សង្កាត់នៃ ក្រុងបាងកកដើម្បីបំរើអាហារដល់អ្នកចូលរួមប្រឆាំងតវ៉ា។  រោងធំៗចំនួន៣០ទៀត ត្រូវបានសង់ដើម្បីផ្តល់អាហារដោយឥតគិតថ្លៃដល់មនុស្សមកពី៤តំបន់នៃ ប្រទេសថៃ៕

ab138