ខេត្ដកំពង់ចាម ៖ ទីតាំងបូមខ្សាច់ ដែលស្ថិតនៅចំណុចភូមិទី២ សង្កាត់វាលវង់ ក្រុង-ខេត្ដកំពង់ចាមបានធ្វើ អាជីវកម្មបូមដោយគ្មានច្បាប់អនុញ្ញាត ពីស្ថាប័នជំនាញ និងបណ្ដាលឱ្យបាក់ច្រាំងប៉ះពាល់ទៅនឹងលំនៅឋានរបស់ប្រជា ពលរដ្ឋជាញឹកញាប់ផងដែរ ។
លោក សេង សានិត ត្រូវបានគេដឹងថា ជាម្ចាស់ទីតាំងបូមខ្សាច់ខាង និងជាម្ចាស់ដេប៉ូខ្សាច់ដ៏ធំក្នុងក្រុងកំពង់ចាម ហើយគាត់បានបំពានទៅនឹងផ្លូវច្បាប់ លួចបូមដោយមិនមានច្បាប់អនុញ្ញាត ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រសួងធនធានទឹក និងឧតុនិយម ។
លោក សួន ឌី ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្ដកំពង់ចាមបាននិយាយថាការពិតការធ្វើអាជីវកម្មបូមខ្សាច់របស់លោក សេង សានិត ពីមុនមានច្បាប់អនុញ្ញាតមែន ប៉ុន្ដែក្រោយមកការបូមខ្សាច់ត្រូវ ស្នើរសុំការអនុញ្ញាតពីគណៈកម្មាធិការ គ្រប់គ្រងធនធានខ្សាច់នៃក្រសួងធនធាន ទឹក និងឧតុនិយម ។
លោក សួន ឌី បន្ដ ថា “ខ្ញុំបានត្រឹមតែដឹងថា សេង សានិត ដាក់ច្បាប់ទៅគណៈកម្មាធិការគ្រប់គ្រង ធនធានខ្សាច់រួចហើយ តែមិនទាន់អនុ ញ្ញាតនៅឡើយ ។
ដោយឡែកមន្ដ្រី ជំនាញក្នុងមន្ទីរនេះបាននិយាយថា លោក សេង សានិត គាត់បានបំពានទៅនឹងផ្លូវ ពីព្រោះខាងក្រសួងធនធានទឹកមិនទាន់ អនុញ្ញាតច្បាប់ផង បែរជាលួចធ្វើអាជីវកម្ម ។
លោក ចាន់ យុត្ថា នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និង ឧតុនិយមធ្លាប់មានប្រសាសន៍ថា ការ បូមខ្សាច់ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចេញសារាចរហាមឃាត់មិន អនុញ្ញាតឱ្យធ្វើអាជីវកម្មនោះឡើយ ។
លោក លន់ លឹមថៃ អភិបាលនៃគណៈ អភិបាលខេត្ដកំពង់ចាមបានមាន ប្រសាសន៍ប្រាប់ថា បើតាមខ្ញុំដឹងឈ្មោះ សេង សានិត កន្លង ទៅគាត់មានតែច្បាប់អាជីវកម្មដេប៉ូ ខ្សាច់តែប៉ុណ្ណោះ បើមានករណីបូមខ្សាច់ តាមទន្លេ ខ្ញុំនឹងឱ្យមន្ដ្រីជំនាញចុះទៅ ពិនិត្យមើលដោយផ្ទាល់ ដើម្បីមានវិធាន ការទៅតាមផ្លូវច្បាប់ ។
ពាក់ព័ន្ធនឹងករណីធ្វើអាជីវកម្មបូម ខ្សាច់ខុសច្បាប់លោក សេង សានិត បាន បញ្ជាក់ថា គាត់មានច្បាប់អនុញ្ញាតពី ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល តាំងពីឆ្នាំ២០០៩ ដែលមានរយៈពេល ៧ឆ្នាំ ប៉ុន្ដែមិនមានច្បាប់ពីគណៈកម្មាធិ ការគ្រប់គ្រងធនធានខ្សាច់នៃក្រសួងធន ធានទឹក និងឧតុនិយមនៅឡើយទេ ។
កាលពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០០៩ ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពលបានត្រឹមតែចេញលិខិតលេខ ១៩៥៣ ឧរថ-សរ-លស ទៅលោករដ្ឋ មន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង ធនធានខ្សាច់ ប៉ុន្ដែក្រសួងធនធានទឹក មិនទាន់មានការអនុញ្ញាតនៅឡើយតែ បែរជាលោក សេង សានិត នៅតែគគ្លើន លួចធ្វើអាជីវកម្មបូមខ្សាច់ បន្ទាប់ពីមាន ការណីឃុបឃិតគ្នាជាមួយមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្ដ ៕