សម្បុក​​បន​ល្បែង​ស៊ីសង​បៀ​រ ​អាប៉ោង​ កន្ទុយ​លេខ ​និង​ពេស្យា​ចារ បើក​​យ៉ា​ង​គ​គ្រឹកគ​គ្រេង​​បង្ក​ឱ្យ​​មាន​ចោរ​លួច ​ចោរប្លន់​ ព្រោះតែ​​មិន​ប​ង្ក្រាប !

សម្បុក​បន​ល្បែងស៊ីសង​បៀ​រ អាប៉ោង កន្ទុយលេខ និង​បនពេស្យាចារ (​ហៅថា ស្រីខូច​)​បើក​យ៉ាង​គគ្រឹកគគ្រេង ស្ថិត​នៅក្នុង​ស្រុក​ស្អាង ខេត្ត​កណ្តាល បង្ក​ឱ្យ​មាន​បទល្មើស​ចោរលួច ចោរប្លន់ ចោរ​លួច​គាស់​ផ្ទះ​ជា​ច្រើន​ករណី នាំឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ស្អាង​សព្វថ្ងៃនេះ​មាន​ការព្រួយបារម្ភ​ ភ័យខ្លាច​យ៉ាង​ខ្លាំង​ណាស់ ដោយសារ​សមត្ថកិច្ច មិនមាន​វិធានការ​បង្ក្រាប ។​

​ប្រភព​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្អាង​បាន​ឱ្យដឹងថា កន្លងមក​ថ្មីៗ​នេះ​មាន​ករណី​ចោរប្លន់ អ្នក​ចិញ្ចឹម​មាន់ និង​លក់​មាន់​ម្នាក់​នៅ​ចំណុច​ក្បែរ​ដី​ចំការ​របស់​លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល ស្ថិតក្នុង​ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល យក​បាន​លុយ​ចំនួន​ជាង បី​ម៉ឺន​ដុល្លារ​អាមេរិក គេច​ខ្លួន​ដោយ​សុវត្ថិ ភាព កាលពី​ថ្ងៃ​ទី ២៥ ខែ​មីនា ឆ្នាំ​២០១៤ វេលា​ម៉ោង ១​ៈ​០០​នាទី​រសៀល ជនរងគ្រោះ​ឈ្មោះ សន គីម​សាយ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ស្នង ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល ក្រោយ​បាន​លក់​មាន់​ហើយ​នោះ ។

​ពាក់ព័ន្ធ​នឹង​ករណី​ដែល​កើតឡើង​ជា​ច្រើន​នៅក្នុង​ស្រុក​ស្អាង​នេះ គឺ​បណ្តាលមកពី​ភាព​ធូររលុង​អាជ្ញាធរ និង​សមត្ថកិច្ច​ប៉ូលិស​តែម្តង ដែល​បាន​បណ្តែតបណ្តោយ​ឱ្យមាន​ការបើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជាពិសេស​គឺ​បទ ពេស្យាចារ (​ហៅ​ស្រីខូច​) និង​កន្ទុយលេខ បៀ​រ អាប៉ោង និង​ជួញដូរ​គ្រឿងញៀន​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន អាជ្ញាធរ និង​សមត្ថកិច្ច​ប៉ូលិស​គ្មាន​ចំណាត់ការ​បង្ក្រាប​នោះ​ទេ ដូចជា ករណី​បទល្មើស​កើតឡើង​នោះ គឺ​នៅក្នុង​ឃុំ​រការ​ខ្ពស់ ឃុំ​ព្រែក​គយ ឃូំ​ស្អាង​ភ្នំ ឃុំ​ស្វាយ​ប្រទាល ឃុំ​សិត្បូ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ចំណុច​ឃុំ​ទាំងអស់នេះ គឺ​សំបូរ​ទៅ​ដោយ​ការបើក​ល្បែងស៊ីសង​ដូចខាងលើ ដែល​បង្ក​ឱ្យ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​មានការ ព្រួយបារម្ភ​ភ័យខ្លាច​ជា​ខ្លាំង​ក្នុង​ការរស់នៅ​សព្វថ្ងៃនេះ ដូចជា កើតឡើង​នូវ​អំពើហិង្សា​ក្នុង​គ្រួសារ​ចោរលួច ចោរប្លន់ ចោរ​លូច​គាត់​ផ្ទះ​ដោយសារ​តែ​ចាញ់ល្បែង ឬ​គ្មាន​លុយ​ទិញ​ញៀន​ជក់​នោះ ។

​តាម​ប្រភព​បាន​បន្ត​ឱ្យដឹងទៀតថា ការបើក​ល្បែងស៊ីសង​ពាលា​អាវ៉ាសែ​បៀ​រ អាប៉ោង កន្ទុយលេខ បាន​ដោយ សុខ​ស្រួល​នេះ​បាន​ដោយសារតែ​មាន​ការឃុបឃិត​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ប៉ូលិស ជាពិសេស​គឺ​លោក​អធិការ ស្រុក​ស្អាង​តែម្តង ។ ហើយ​ដែល​បញ្ហា​នេះ​ត្រូវបាន​គេ​មើលឃើញ​អធិការ​ស្រុក​ស្អាង​មិន​ខ្វល់ និង​រំលោភ​ទៅលើ​អភិបាលកិច្ច ល្អ​ភូមិ​-​ឃុំ សុវត្ថិភាព​ធ្វើយ៉ាងណា​ឱ្យ​តែ​បាន​លុយ​ខែ​ហូរ​ចូល​ហោប៉ៅ ។​

​បើ​តាម​ប្រភព​ពី​មន្ត្រី​តូចតាច​ម្នាក់​សុំ​មិន​បញ្ចោ​ញ​ឈ្មោះ​បាន​ ឱ្យដឹងថា សង្ស័យ​មេ​កន្ទុយលេខ​ទាំងអស់​ក្នុង ស្រុក​ស្អាង បាន​បង់លុយ​ឱ្យ​លោក​អធិការ​ប្រចាំខែ​អស់ហើយ បានជា​គ្មាន​ញញើត​សមត្ថកិច្ច​ប៉ូលិស​សោះ ជួនកាល មេ​ឆ្នោត​ចូល​លក់​ដល់ ក្នុង​ប៉ុស្តិ៍​ប៉ូលិស​ទៀត​ផង គឺ​វា​ផ្ទុយ​ពី​គោលនយោបាយ​៩​ចំណុច​ភូមិ –​ឃុំ​មាន​សុវត្ថិភាព​របស់ ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យ​មាន ប្រសិទ្ធិភាព​នោះទេ ។​/ ដោយ​ ៖ ជ្រៃ​ធំ​

mao-phirun