ខេត្តត្បូងឃ្មុំ ៖សមត្ថកិច្ចបានឲ្យដឹងថា រថយន្តយីឌុបទី១ ដែលក្រឡាប់បានបើកចុះចំណោទ ក្នុងល្បឿនលឿនហើយទំនងជា តៃកុងជាន់ហ្វ្រាំងបណ្ដាលឲ្យឈើប្រណិត ម៉ៃតាប់មុខជ្រុង ប្រភេទសុក្រម ហក់ចេញពីទ្រុងរថយន្ត ប្រមាណ ២០ម៉ែត្រ រីឯឈើទាំងនោះ បានបុកកម្ទេចយានដ្ឋានយីហោ គឹមឈាង បណ្ដាលឲ្យខូចខាត រថយន្តតូចចំនួន ៤គ្រឿង។អ្នកបើកបរឈ្មោះ ប្រាក់ មាញ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិថ្មីឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានស្លាប់ដោយដាច់ខ្លួនជាកំណាត់ៗ និងព្រូឈ្មោះ ចិត្ត ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិគងមហា ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមក៏បានស្លាប់ដែរ។
រថយន្តយីឌុប ដឹកឈើប្រណិត ចំនួន២គ្រឿង បានក្រឡាប់ បណ្តាលឲ្យស្លាប់មនុស្សនិងខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ដោយរថយន្តទី១បានក្រឡាប់នៅម៉ោង ១០យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ត្រង់ចំណុចភូមិជាំទ្រៀក ឃុំត្រមូងស្រុកមេមត់ បណ្ដាលឲ្យមនុស្សចំនួន ២នាក់ ស្លាប់ ។ រហូតដល់ម៉ោង ៥ជិតភ្លឺ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥រថយន្តយីឌុប មួយគ្រឿងទៀត បានក្រឡាប់ នៅចំណុចភូមិដក់ពរ ឃុំទ្រាកស្រុកមេមត់ ដោយដេកផ្ងារជើង ចេញសុទ្ធតែឈើប្រណិត តែគ្មាននរណាម្នាក់រងរបួស ទេ។
រថយន្តដែលក្រឡាប់ នាពេលទៀបភ្លឺនោះ គេដឹងច្បាស់ថាមានអ្នករត់ការចំនួន ២នាក់ ម្នាក់ឈ្មោះ ភ័ក្ត្រ និងម្នាក់ទៀតឈ្មោះ ពៅសក់បាស បានរត់ឆ្លេឆ្លា ញាប់ដៃញាប់ជើងទូរស័ព្ទចាត់ចែង រករថយន្តមកស្ទូច យកឈើចេញពី កន្លែងកើតហេតុខ្លាចលោកឧកញ៉ា លឹម ប៊ុនណា ស្ដីបន្ទោស ព្រោះអ្នកទាំង ២នាក់ជាដៃស្តាំលោកឧកញ៉ាផង និងមានតួនាទីភារកិច្ចជាអ្នកសម្របសម្រួលផ្លូវ បោះមេជូន សមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញចេញទៅលក់ប្រទេសវៀតណាម៕