ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ ខេត្តតាកែវបានឲ្យដឹងថាមានទីតាំងកុងត្រូលជជុះមួយកន្លែងរបស់នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្រោមការគ្រប់គ្រងរបស់លោក ប៉ុនប៊ុនឈាន នៅក្នុងភូមិប្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវខេត្តតាកែវ។កុងត្រូលជជុះរបស់នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃក្រោមការគ្រប់គ្រងរបស់លោក ប៊ុន ប៊ុនឈានគឺមាននគរបាល៤ទៅ៥នាក់ចាំជំរិតយកលុយពីពួកគាត់ស្រេចតែ អំពើចិត្ត។ ក្រុមឈ្មួញនិងអាជីវករបានឲ្យដឹងទៀតថាទោះបីពួកគាត់ដឹកជញ្ជូនទំនិញ បង់ពន្ធត្រឹមត្រូវឬទំនិញគេចពន្ធក៏ត្រូវតែបង់លុយតាមការកំណត់ហើយ សូម្បីតែប្រជាពលរដ្ឋដឹកជញ្ជូនកសិផលឆ្លងកាត់មុខកុងត្រូលជជុះ នោះក៏ត្រូវបង់លុយឲ្យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃក្រោមការចាត់ចែងរបស់លោក ប៉ុន ប៊ុនឈាន ដែរ។ ប្រការនេះលោក ឡាយ វណ្ណៈអភិបាលខេត្តតាកែវ មិនទាន់ចាត់វិធានការដោះស្រាយនៅឡើយទេ ហើយលោក ប៉ុនប៊ុនឈាននិងបក្ខពួកនៅតែប្រើលិខិតបេសកកម្មចេញដោយអគ្គស្នងការ នគរបាលជាតិដើម្បីប្រមូលលុយធ្វើមានធ្វើបាន ។
រឿងរ៉ាវលោក ប៉ុន ប៊ុនឈានមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំខេត្តតាកែវប្រើលិខិតបេសកកម្មដែលចេញដោយអគ្គស្នងការនគរបាល ជាតិដើម្បីប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនហើយមិនខ្វល់ពី ការរិះគន់អ្វីទាំងអស់។ បញ្ហានេះលោក ជា សុមេធីប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិគួរពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោក ប៉ុន ប៊ុនឈាន ជាបន្ទាន់ដើម្បីកុំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិ ទាំងមូល។បើមិនដូច្នេះទេលោក ប៉ុន ប៊ុនឈាន និងបក្ខពួក ៤ទៅ៥នាក់នៅតែធ្វើអ្វីៗតាមអំពើចិត្តតាមរបៀបពុករលួយដោយមិនញញើត ទៅនឹងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ។
ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញក្នុងខេត្តតាកែវបានអំពាវនាវឲ្យ លោក ជា សុមេធីប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងលោក នេតសាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការលើលោក ប៉ុន ប៊ុនឈាននិងបក្ខពួកជាបន្ទាន់កុំឲ្យប្រព្រឹត្តអំពើពុករលួយតាមដងផ្លូវ បន្តទៀត។ តាមមន្ត្រីនគរបាលក្រសួងមហាផ្ទៃបានឲ្យដឹងថាលិខិតបេសកកម្មចេញដោយ អគ្គស្នងការនគរបាលជាតិគឺតម្រូវឲ្យមន្ត្រីនគរបាលកាន់លិខិតនោះចុះ បំពេញការងារស៊ើបអង្កេតស្រាវជ្រាវតាមដានរាល់ករណីរត់ពន្ធទំនិញនិង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការបង្ក្រាបទប់ស្កាត់។ប៉ុន្តែលោក ប៉ុន ប៊ុនឈានដែលជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃចុះទៅឈរជើងនៅខេត្តតាកែវ មិនបានប្រើប្រាស់លិខិតបេសកកម្មហើយបំពេញការងារឲ្យត្រឹមត្រូវតាម តួនាទីរបស់ខ្លួននោះទេរួចកំពុងតែប្រើប្រាស់លិខិតបេសកកម្មដើម្បី ប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួន ៕