មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាសហគមន៍ការពារព្រៃឈើក្នុង ខេត្តរតនគិរី បានលើកឡើងថាការតែងតាំងលោក កែប កត់ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីនៅពេលនេះគឺជារឿងលេងសើចរបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។លោក កែប កត់ដែលធ្លាប់ល្បីល្បាញខាងបើកដៃឲ្យឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើពី ខេត្តមណ្ឌលគិរី ទៅលក់នៅស្រុកយួននោះប្រាកដជាប្រើប្រាស់វិធីដដែលដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន។ដូច្នេះព្រៃឈើដែលនៅសេសសល់ ជាពិសេសឈើប្រណីតក្នុងព្រៃសហគមន៍ព្រៃការពារ ព្រៃដែនជម្រកសត្វ និងឧទ្យានជាតិវីរៈជ័យទំនងចៀសមិនផុតពីរលាយសាបសូន្យដោយសារលោក កែប កត់បើកដៃឲ្យឈ្មួញកាប់រំលំអារច្រៀកដឹកជញ្ជូនទៅលក់នៅស្រុកយួន ។
កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ លោក កែប កត់អតីតនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីត្រូវបានតែងតាំងជានាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីវិញធ្វើឲ្យមានការហួសចិត្តយ៉ាងខ្លាំង ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋទូទៅបានលើកឡើងថា ពេលលោក កែប កត់ធ្វើជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីគឺបទល្មើសបំផ្លាញ ព្រៃឈើក្នុងខេត្តមណ្ឌលគិរី កើតឡើងយ៉ាងពេញបន្ទុកដូច្នេះពេលលោក កែប កត់ពេលទទួលបានតំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីគឺអាចធ្វើ ឲ្យបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តរតនគិរី រាលដាលកាន់តែខ្លាំងជាងមុនជាមិនខាន។
មួយរយៈពេលចុងក្រោយនេះ បទល្មើសដឹកជញ្ជូនឈើពីខេត្តរតនគិរីទៅលក់នៅស្រុកយួនតាមច្រកព្រំដែន អូរយ៉ាដាវក៏ដូចជាច្រករបៀងក្នុងស្រុកអណ្តូងមាស និងស្រុកអូរយ៉ាដាវកំពុងកើតឡើងយ៉ាងពេញបន្ទុក ព្រោះលោក វង់ សុក្រសិរីអតីតនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីមិនចាត់វិធានការ បង្ក្រាបឡើយ។ ដូច្នេះពេលដែលលោក កែប កត់មកធ្វើជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ជំនួសលោក វង់ សុក្រសិរីគឺអាចឃុបឃិតជាមួយឈ្មួញធំៗនិងឈ្មួញយួនដែលដឹកជញ្ជូនឈើទៅ លក់នៅស្រុកយួន ដើម្បីប្រមូលលុយធ្វើមានធ្វើបានយ៉ាងសុខស្រួលជាមិនខាន។ប្រជាពលរដ្ឋ គ្មានជំនឿថា លោក កែប កត់អាចទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើក្នុងខេត្តរតនគិរីបានទេព្រោះ មន្ត្រីរូបនេះធ្លាប់ជាមេខ្លោងនៅពីក្រោយបទល្មើសបំផ្លាញព្រៃឈើដ៏ធំ ក្នុងខេត្តមណ្ឌលគិរី៕