ក្រោយពេលលោក ថោង សុខាំភូព្យាយាមបិទបាំងអំពើអាក្រក់របស់ខ្លួនហើយបើកការវាយប្រហារព្រមាន និងប្រមាថអ្នកកាសែតយ៉ាងកំរោលនោះបែរជាលោក គោស៊ុំ សារឿត បានលើកសរសើរទទួលស្គាល់ស្នាដៃលោក ថោង សុខាំភូ។ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានប្រើវេទិកានោះវាយប្រហារលើអ្នកកាសែត ហើយអះអាងថាករណីកុងត្រូលគយគឺលោកបានស៊ីញ៉េឲ្យដាក់នៅគោលដៅដើម្បី បង្កើនការរកចំណូលពន្ធគយ និងទប់ស្កាត់បទល្មើសរត់ពន្ធ។ចំណុចនេះបង្ហាញឲ្យឃើញថា កន្លងមកលោក គោស៊ុំ សារឿតឃុបឃិតប្រព្រឹត្តអំពើពុករលួយក្នុងរឿងបង្កើតកុងត្រូលជជុះនៅ ចំណុចផ្លូវលេខ៥០ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
នៅក្នុងពិធីប្រកាសតែងតាំងលោក ឆែ សុធាចូលកាន់តំណែងជាប្រធានសាខាគយខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះធ្វើឲ្យមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យដឹងថា លោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ និងលោក ថោង សុខាំភូអតីតប្រធានសាខាគយខេត្តបន្ទាយមានជ័យគឺជាអ្នកឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។ លោក ថោងសុខាំភូ បានយកវេទិកានៃការផ្ទេរតំណែងនោះដើម្បីបិទបាំងអំពើពុករលួយ របស់ខ្លួនហើយបើកការវាយប្រហារលើអ្នកសារព័ត៌មានដែលហ៊ានលាតត្រដាង អំពើអាក្រក់របស់ខ្លួនផងដែរ។ ចំណែកលោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ក៏ខំប្រឹងជួយបិទបាំងអំពើពុករលួយដល់ឆ្អឹងរបស់លោក ថោង សុខាំភូ ។
អំពើពុករលួយដល់ឆ្អឹងរបស់លោក ថោង សុខាំភូនិងការឃុបឃិតប្រព្រឹត្តអំពើពុករលួយរបស់លោក គោស៊ុំ សារឿតក្នុងការបង្កើតកុងត្រូលជជុះនាពេលកន្លងមកគឺជារឿងមិនអាចបិទបាំង បានឡើយព្រោះឈ្មួញអាជីវករនិងអ្នករត់តាក់ស៊ីបានធ្វើបាតុកម្មបិទផ្លូវ ជាតិលេខ៥ជាច្រើនលើកមកហើយ។មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យបានវាយតម្លៃទុកជាមុនថា នៅពេលលោក ឆែ សុធាមកកាន់តំណែងជាមេគយខេត្តបន្ទាយមានជ័យ គឺលោក គោស៊ុំ សារឿតអាចឃុបឃិតប្រព្រឹត្តអំពើពុករលួយតាមរយៈការបង្កើតកុងត្រូលជជុះ ដូចមុន។ បញ្ហានេះក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានគួរចាត់វិធានការទប់ស្កាត់ជាមុនដើម្បីកុំឲ្យ អភិបាលខេត្តបន្ទាយមានជ័យនិងមេគយថ្មីខេត្តបន្ទាយមានជ័យឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត ៕