កាលពីវេលាម៉ោង៨យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥រថយន្តយីឌុបផ្លូវ៥របស់ឧកញ៉ា ថៃបានក្រឡាប់នៅចំណុចមុខវត្តស្រែត្រែង ភូមិក្បាលដំរី ឃុំសណ្ដាន់ស្រុកសំបូរ ខេត្តក្រចេះ លើផ្លូវជាតិលេខ៧ ចាក់ឈើប្រណីតចោលពេញផ្លូវហើយមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើនិង សមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនោះទេ។ រថយន្តដឹកឈើដែលក្រឡាប់នោះមានឈ្មោះ ធី ជាមេការគឺជាអ្នករត់ការបើកផ្លូវជាមួយសមត្ថកិច្ចពាក់ព័ន្ធយកទៅលក់នៅ ប្រទេសយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់។ប្រភពខ្លះបានឲ្យដឹងថា ក្រោយពីរថយន្តក្រឡាប់ឈ្មោះ ធីបានរត់ការយ៉ាងស្លន់ស្លោដើម្បីឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ច ពាក់ព័ន្ធជួយបិទបាំងរឿងអាស្រូវរបស់ខ្លួនភ្លាមៗតែម្តង។
អាជ្ញាធរខេត្តក្រចេះ និងមេរដ្ឋបាលព្រៃឈើខេត្តក្រចេះមិនដែលយកចិត្តទុកដាក់ទប់ស្កាត់បទល្មើស ដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ខេត្តនេះទាំងយប់ទាំងថ្ងៃនោះទេ។ ផ្ទុយទៅវិញលោក សរ ចំរ៉ុងអភិបាលខេត្តក្រចេះ និងមេរដ្ឋបាលព្រៃឈើខេត្តនេះកំពុងសម្ងំប្រមូលលុយពីឈ្មួញដឹកជញ្ជូន ឈើឆ្លងកាត់ខេត្តក្រចេះយ៉ាងសុខស្រួលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ហេតុនេះហើយទើបឧកញ៉ា ថៃនិងមេការឈ្មោះ ធីអាចប្រមូលទិញឈើនិងដឹកជញ្ជូនឈើឆ្លងកាត់ខេត្តក្រចេះតាមអំពើចិត្ត ហើយសូម្បីតែរថយន្តដឹកឈើក្រឡាប់ធ្លាក់ឈើចេញរាយប៉ាយក៏គ្មាន សមត្ថកិច្ចណាទប់ស្កាត់ដែរ។
ឈ្មួញរកស៊ីដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនមួយចំនួនបានបង្ហើបឲ្យ ដឹងថាក្រុមហ៊ុនរបស់ឧកញ៉ា ថៃ ដែលមានឈ្មោះ ធី ជាមេការបានប្រមូលទិញឈើពីបណ្ដាខេត្តភូមិភាគឦសានដឹកជញ្ជូនទៅលក់នៅ ស្រុកយួនដោយឆ្លងកាត់ខេត្តក្រចេះនិងខេត្តត្បូងឃ្មុំ ជិត២០ឆ្នាំមកហើយ។ ប្រភពបានឲ្យដឹងទៀតថាសមត្ថកិច្ចតាមដងផ្លូវក្នុងខេត្តភូមិភាគ ឦសានមិនចាត់វិធានការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់របស់ឧកញ៉ា ថៃដែលមានឈ្មោះ ធី ជាមេការនោះទេព្រោះពួកគេទទួលបានផលប្រយោជន៍ជាប្រចាំ។ជាក់ស្តែង សូម្បីតែរថយន្តដឹកឈើរបស់ឧកញ៉ា ថៃ ក្រឡាប់នៅឃុំសណ្ដាន់ស្រុកសំបូរ ខេត្តក្រចេះ កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥គ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ នោះទេព្រោះខ្លាចបាត់បង់ផលប្រយោជន៍៕