មេ​រដ្ឋបាលជ​លផល​ខេត្តព្រះសីហនុ​ទទួល ផលប្រ​យោជន៍ពីអ្នក​ចិញ្ចឹមគ្រែង​ឈាមនៅ​កោះ​ខ្យង?

ប្រភពបាន​ឲ្យ​ដឹងថា លោក ឯម ភា នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្រុក​ព្រៃនប់ កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​ស្រុក​ព្រៃនប់​ក្នុងការ​បើកដៃ​ឲ្យ​ បុគ្គល​មួយចំនួន​ចិញ្ចឹម​គ្រែង​ឈាម​នៅ​តំបន់​កោះ​ខ្យង ដើម្បី​ចែក​ផលប្រយោជន៍​គ្នា​។ ការដែល​លោក ឯម ភា ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺអាច​មានការ​បើកដៃ​ពី​លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ព្រះសីហនុ​ផងដែរ ព្រោះ​កន្លងមក​លោក នេន ចំរើន គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​មិន​ខ្វល់​ពី​ទុក្ខលំបាក​របស់​ប្រជា​នេសាទ​នៅ​តំបន់​កោះ​ខ្យង​នោះទេ​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ចាត់វិធានការ​ទប់ស្កាត់​បញ្ហា​នេះ​ជាបន្ទាន់ មុន​ពេលដែល​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​ខ្យង​ធ្វើ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នាពេល ​ឆាប់ៗ​ខាងមុខ​។ ដោយហេតុថា ការចិញ្ចឹម​គ្រែង​ឈាម​នៅ​តំបន់​កោះ​ខ្យង​អាចធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ ដល់​ជីវភាព​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​បុគ្គល​មួយចំនួន​និង​ក្រុមមន្ត្រី​ពុករលួយ​។

លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ព្រះសីហនុ កន្លងមក​ល្បីឈ្មោះ​យ៉ាងខ្លាំង​ក្នុងការ​បើកដៃ​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ ឧបករណ៍​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ខេត្ត​ព្រះសីហនុ ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ឥឡូវនេះ​លោក នេន ចំរើន កំពុងតែ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ចិញ្ចឹម​គ្រែង​ឈាម​នៅ​តំបន់​កោះ​ខ្យង​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​យ៉ាងខ្លាំង​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ពិនិត្យមើល​ជាបន្ទាន់ ព្រោះ​ប្រជាពលរដ្ឋ​៨១​គ្រួសារ​នៅ​តំបន់​កោះ​ខ្យង កំពុង​ប្ដឹង​ជំទាស់​ទៅនឹង​ការសុំច្បាប់​ចិញ្ចឹម​កូន​គ្រែង​ឈាម​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​។

​ប្រជាពលរដ្ឋ​ជា​អ្នកនេសាទ​សមុទ្រ​តំបន់​កោះ​ខ្យង​៨១​គ្រួសារ បាន​ប្តឹង​ជំទាស់​ទៅនឹង​មន្ត្រី​ជំនាញ​ដែល​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​ ក្នុងការ​អនុញ្ញាត​ឲ្យ​បុគ្គល​មួយចំនួន​ចិញ្ចឹម​គ្រែង​ឈាម​ក្នុង​តំបន់​ នេសាទ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ពួកគាត់​។ ក្នុង​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​៨១​គ្រួសារ​នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បានស្នើ​សុំ​ឲ្យ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ទប់ស្កាត់​ការចិញ្ចឹម​គ្រែង​ឈាម​នៅ​តំបន់​កោះ​ខ្យង ព្រោះ​ទីនេះ​ជា​កន្លែង​ដែល​ពួកគាត់​នេសាទ​ចិញ្ចឹមជីវិត​ជា​លក្ខណៈ​គ្រួសារ​។ ប្រជាពលរដ្ឋ​បានលើកឡើង​ចំៗ​ពី​មន្ត្រី​មួយចំនួន​ដែល​ឃុបឃិត​គ្នា​ធ្វើ​ ច្បាប់​ចិញ្ចឹម​គ្រែង​ឈាម​និង​ចង់​វាតទី​យក​កន្លែង​ដែល​ពួកគាត់​ធ្លាប់​ ប្រកប​របរ​នេសាទ​ប្រចាំថ្ងៃ​ទៅ​ចិញ្ចឹម​គ្រែង​ឈាម ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ​ ៕

ST-0331