ប្រជាពលរដ្ឋរស់នៅឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរាយការណ៍មកថា សព្វថ្ងៃនេះមានរថយន្តរាប់សិបគ្រឿងកំពុងបន្តដឹកដីចេញពីរណ្តៅក្នុង មូលដ្ឋានរបស់ពួកគាត់ដែលបញ្ហានេះកំពុងបង្កផលប៉ះពាល់ដល់បរិស្ថាន ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ ប្រភពដដែលបានបញ្ជាក់ថាមន្ត្រីជំនាញផ្សេងទៀតនៅស្រុកកណ្តាលស្ទឹង ពិសេសលោក បូ ណារ៉េត អភិបាលស្រុកកណ្តាលស្ទឹង ក៏បានជ្រាបពីបញ្ហាខាងលើនេះដែរតែមិនបានចាត់វិធានការដោះស្រាយឲ្យ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពនោះទេ ហើយនៅពេលមានអ្នកសារព័ត៌មានសាកសួរពីបញ្ហាខាងលើនេះ លោក បូ ណារ៉េត តែងឆ្លើយថាកំពុងជាប់រវល់ប្រជុំជាបន្តបន្ទាប់។
ប្រធានមន្ទីរ៉ែ និងថាមពលខេត្តកណ្តាល លោក ចក់ គង់ ត្រូវបានប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង រិះគន់ថាមិនទប់ស្កាត់ការជីករណ្តៅដីខុសច្បាប់ដែលមានជម្រៅជ្រៅៗ និងធំៗជាច្រើនកន្លែង។ ប្រភពដដែលបានបញ្ជាក់ថា បញ្ហានេះបានកើតឡើងតាំងពីឆ្នាំ២០១៥ តែលោក ចក់ គង់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល មិនបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀតចុះទៅត្រួតពិនិត្យ និងទប់ស្កាត់នោះទេ បើទោះជាមានការប្តឹងផ្តល់ពីប្រជាពលរដ្ឋក៏ដោយ។
ម្ចាស់រថយន្តដឹកដីមួយរូបបានបង្ហើបថាដីដែលជីកចេញពីរណ្តៅ យក្សក្នុងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ត្រូវគេយកទៅចាក់ក្នុងការដ្ឋានសំណង់ដ៏មួយនៅក្បែរស្ពានព្រែកហូរ ក្នុងក្រុងតាខ្មៅ ហើយមន្ត្រីមួយចំនួននៅក្រុងតាខ្មៅក៏បានទទួលផលប្រយោជន៍ផងដែរ ព្រោះបើមិនបានប្រយោជន៍រថយន្តដឹកដីក៏មិនអាចដឹកចូលក្រុងតាខ្មៅ បានយ៉ាងរលូនជារៀងរាល់ថ្ងៃនោះទេ។ ប្រភពដដែលបានបញ្ជាក់ថា ការដ្ឋានសំណង់នៅក្បែរស្ពានព្រែកហូរជាកម្មសិទ្ធិរបស់ឧកញ៉ា នួន រិទ្ធី ដែលគេដឹងថាជាអ្នកមានទំនាក់ទំនងល្អជាមួយមន្ត្រីមានអំណាចនៅសាលា ខេត្តកណ្តាល។
គួរបញ្ជាក់ជាគោលការណ៍ច្បាប់ និងសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ និងបណ្តាខេត្តនានាតម្រូវឲ្យជីករណ្តៅដីជម្រៅប្រហែល៣ម៉ែត្រ ប៉ុណ្ណោះ តែភាពជាក់ស្តែងរណ្តៅដីជាច្រើនរយកន្លែងនៅជាយរាជធានីភ្នំពេញ និងតាមបណ្តាខេត្តត្រូវបានឈ្មួញជីកជម្រៅជាង១០ម៉ែត្រដល់៣០ម៉ែត្រ ក៏មានដែរ។ បញ្ហានេះភាគច្រើនបណ្តាលមកពីមន្ត្រីមូលដ្ឋាន និងមន្ត្រីជំនាញឃុបឃិតជាមួយឈ្មួញដើម្បីទទួលបានផលប្រយោជន៍ ផ្ទាល់ខ្លួន បើទោះជាដឹងថាសកម្មភាពខាងលើជាអំពើខុសច្បាប់ និងប៉ះពាល់ដល់បរិស្ថានក៏ដោយ៕