អ្នកបើកបររថយន្តដឹកទំនិញបានឲដឹងថាសព្វថ្ងៃនេះមានប៉ុស្តិ៍មន្ត្រី ជំនាញជាច្រើនកន្លែងលើកំណាត់ផ្លូវជាតិលេខ៥ ពីមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមកកាន់ទីរួមខេត្តបន្ទាយមានជ័យ នៃក្រុងសិរីសោភ័ណព្រោះលើចម្ងាយផ្លូវមិនដល់៥០គីឡូម៉ែត្រ មានប៉ុស្តិ៍ដល់ទៅ៦កន្លែងធ្វើសកម្មភាពត្រួតពិនិត្យឲ្យឈ្មួញ ដឹកទំនិញទាំងអស់បង់លុយបង់ថ្លៃក្បាលឡាន ថ្លៃបាយ ហើយទំនិញមានពន្ធក៏ត្រូវបង់ដែរ។ប្រភពដដែលបានបញ្ជាក់ថា ការបង់លុយក្រៅផ្លូវការឲ្យមន្ត្រីគយខិលខូចខ្លះបង់ជាជើងនិងខ្លះទៀត បង់គិតជាខែចាប់ពី១៥០ដុល្លារទៅ២០០ដុល្លារ។
ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ លោក ឆែ សុធាដែលបានប្រកាសចូលកាន់តំណែងកាលពីថ្ងៃទី២៣ ខែធ្នូ ២០១៥ មិនទាន់បានមួយខែជំនួសលោក ថោង សុខាំភូ ដែលរងការរិះគន់ពីអ្នកជំនួញរឿងដាក់កុងត្រូលច្រើនកន្លែងយកលុយពី ឈ្មួយដឹកទំនិញនោះត្រូវគេដឹងថាកំពុងបង្កើតប៉ុស្តិ៍ជជុះថ្មីពីរ បន្ថែមទៀតនៅមុខតំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតនិងក្នុងឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
អ្នកជំនួញតូចធំដែលដឹកទំនិញពីប្រទេសសៀមឆ្លងកាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានរិះគន់ថាពីមុនពួកគាត់រំពឹងថាការធ្វើអាជីវកម្មរបស់ពួកគាត់អាច នឹងមានភាពប្រសើរឡើងក្រោយពីលោក ឆែ សុធា ចូលកាន់តំណែងជំនួសលោក ថោង សុខាំភូជាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យតែផ្ទុយទៅវិញមានបញ្ហាកាន់តែស្មុគស្មាញ បន្ថែមទៀតព្រោះចំនួនកុងត្រូលជជុះឬប៉ុស្តិ៍ត្រួតពិនិត្យរបស់ក្រុមគយ មានចំនួនកើនឡើង។
ចំពោះមុខបញ្ហាខាងលើនេះអ្នកជំនួញតូចធំដែលដឹកទំនិញពីប្រទេសសៀម ឆ្លងកាត់ផ្លូវជាតិលេខ៥ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យបានសំណូមពរ ឲ្យមន្ត្រីជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគប្បីត្រួតពិនិត្យ សកម្មភាពការងាររបស់ លោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករថ្មីនៃខេត្តបន្ទាយមានជ័យឡើងវិញពិសេសករណី បង្កើតប៉ុស្តិ៍ជជុះថ្មីនៅមុខតំបន់សេដ្ឋកិច្ចពិសេសនិងក្នុងឃុំ សំរោង ស្រុកអូរជ្រៅ។ ប្រភពដដែលបានបញ្ជាក់ថាបើមន្ត្រីជំនាញបំពេញការងារមិនត្រឹមត្រូវវា មិនត្រឹមតែធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋនោះទេតែវាក៏បង្កការលំបាក ដល់អ្នកជំនួញដែលរកស៊ីស្របច្បាប់ផងដែរព្រោះពួកគេក៏ត្រូវចំណាយប្រាក់ ក្រៅផ្លូវការ៕