ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីបានឲ្យដឹងថាឈ្មួញធំៗនៅតែអាចកាប់ឈើនិងដឹកជញ្ជូនឈើ ចេញពីមូលដ្ឋានរបស់ពួកគាត់យ៉ាងគគ្រឹកគគ្រេងដូចកាលពីមុនដដែល ហើយឧកញ៉ា សេង ប៊ុនថៃគឺជាមេខ្លោងកាប់ឈើនិងដឹកជញ្ជូនឈើធំជាងគេនៅក្នុងស្រុកកោះ ញែក។ជាមួយគ្នានេះមានការសង្ស័យថា លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរីនិងលោក វង់ សុក្រសិរី មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបមិន ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើឲ្យស្របទៅតាមបទបញ្ជាលេខ០០២ របស់រដ្ឋាភិបាល។ ដូច្នេះលោក ឆេង គឹមសុនអគ្គនាយករដ្ឋបាលព្រៃឈើគួរពិនិត្យមើលបទល្មើសព្រៃឈើក្នុងស្រុក កោះញែកជាបន្ទាន់ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកនេះគឺជាអ្នកនៅ ពីក្រោយបទល្មើសដើម្បីផលប្រយោជន៍យ៉ាងក្រអឺតក្រទម៕
បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរីនៅតែកើតឡើងយ៉ាងពេញបន្ទុកដដែល ព្រោះលោក វង់ សុក្រសិរីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីមិនចាត់វិធានការ ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពឡើយ។ជាក់ស្តែងឈើហ៊ុបមូលប្រមាណ៦០០ ម៉ែត្រគូបនៅស្រុកកោះញែកត្រូវបានគេដឹងថា ឧកញ៉ាឈ្មោះ វីដាប្រមូលក្នុងដីសម្បទានក្រុមហ៊ុនយូនីហ្គ្រីន ដើម្បីលក់ឲ្យឧកញ៉ាសេង ប៊ុនថៃហើយដឹកជញ្ជូនទៅលក់នៅស្រុកយួនគ្មានការរំខានពីសមត្ថកិច្ច ពាក់ព័ន្ធឡើយ។ ប៉ុន្តែប្រភពខ្លួះបានឲ្យដឹងថាឈើទាំងនោះមិនមែនមានប្រភពនៅក្នុងដី សម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនយូនីហ្គ្រីនទេ គឺគែកាប់នៅក្នុងព្រៃសហគមន៍និងព្រៃការពារ។
មន្ត្រីរាជការនៅក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថាឈើហ៊ុបមូលប្រមាណ៦០០ម៉ែត្រគូបនៅក្នុងស្រុកកោះ ញែកត្រូវបានគេដឹងយកទៅលក់យ៉ាងរលូនកាលពីចុងខែធ្នូ ឆ្នាំ២០១៥ហើយអស់ទាំងស្រុងនៅសប្ដាហ៍ទី១ ខែមករា ឆ្នាំ២០១៦។ប្រភពបានឲ្យដឹងទៀតថា ឧកញ៉ា វីដា និងឧកញ៉ា សេង ប៊ុនថៃគឺជាអ្នកឃុបឃិតគ្នាលក់ឈើនិងដឹកឈើនោះចេញពីស្រុកកោះញែកហើយ មានពាក់ព័ន្ធជាមួយមន្ត្រីរដ្ឋបាលព្រៃឈើពុករលួយផងដែរ។ក្នុងនោះលោក ឈួន សិរីវឌ្ឍន៍ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកោះញែកត្រូវបានគេដឹងថា គឺជាអ្នកឃុបឃិតជាមួយឈ្មួញឈ្មោះ វីដា និង សេងប៊ុនថៃ ក្នុងការកាប់ឈើ ដឹកជញ្ជូនឈើ ចេញពីមូលដ្ឋានស្រុកកោះញែកតាមអំពើចិត្ត៕