មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋនៅឃុំចុងផ្លាស់ និងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ពួកគាត់តែងតែឃើញរថយន្តបង្កុងនិងរថយន្តកែច្នៃរាប់សិបគ្រឿងដឹកឈើ ចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច ទៅកាន់ទីតាំងដីសម្បទានក្រុមហ៊ុនដាយថាន់ និងក្រុមហ៊ុនមួយចំនួនទៀតដែលមានទីតាំងជាប់ព្រំប្រទល់រវាង ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ក្នុងនោះសកម្មភាពដឹកឈើចូលក្នុងដីសម្បទានរបស់ក្រុមហ៊ុនដាយថាន់ មានបរិមាណច្រើនលើសលប់ ហើយក្រុមហ៊ុននេះត្រូវបានគេដឹងថា ជាប់ពាក់ព័ន្ធនឹងបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច យ៉ាងមហន្តរាយទៀតផង។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ព្រោះបច្ចុប្បន្នឈើប្រណីតដូចជា ធ្នង់ បេង នាងនួន សុក្រំ ផ្ចឹក ស្ទើរតែលែងមានសេសសល់ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចតទៅទៀតហើយ។
ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកែវសីមា បានឲ្យដឹងថា ព្រៃអភិរក្សក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចកំពុងប្រឈមនឹងការ កាប់រំលំអារច្រៀកដឹកជញ្ជូនធ្វើអាជីវកម្មខុសច្បាប់យ៉ាងអនាធិបតេយ្យ ពុំមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាប នោះទេ។ ប្រភពបានឲ្យដឹងថា លោក សំរ៉ង់ ឌីវិចិត្រ នាយកដែនជម្រកសត្វព្រៃភ្នំព្រេច គឺជាអ្នកបើកដៃឲ្យឈ្មួញធ្វើសកម្មភាពកាប់ឈើប្រណីតនិងឈើប្រភេទលេខ ១ដឹកចេញពីដែនជម្រកសត្វព្រៃភ្នំព្រេចយ៉ារលូន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យមើលបញ្ហានេះផង ព្រោះព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចកំពុងប្រឈមនឹងសេចក្ដី វិនាស។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់បានអះអាងថា ពួកគេចូលមកអាររំលំដើមឈើធំៗក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំ ព្រេច ហើយដឹកចូលទៅក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនដាយថាន់ ដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ ប្រភពបានឲ្យដឹងទៀតថា លោក សំរ៉ង់ ឌីវិចិត្រ នាយកដែនជម្រកសត្វព្រៃភ្នំព្រេច គឺជាអ្នកបើកដៃឲ្យពួកគេចូលកាប់ឈើដល់ចំណុចកណ្ដាលនៃដែនជម្រកសត្វ ភ្នំព្រេចតែម្តង។ ឈ្មួញធំៗមួយចំនួនបានប្រាប់អ្នកសារព័ត៌មានថា ពួកគេត្រូវរ៉ូវជាមួយលោក សំរ៉ង់ ឌីវិចិត្រ ទើបអាចចូលកាប់ឈើនិងដឹកជញ្ជូនឈើដោយសេរី ហើយមន្ត្រីរដ្ឋបាលព្រៃឈើ ក៏ជាប់ពាក់ព័ន្ធនឹងផលប្រយោជណ៍៕