ភ្នំពេញ៖ប្រភពបានប្រាប់ ឲ្យដឹងឲដឹង ថា មានមន្ត្រីៗមួយចំនួនដែលបម្រើការងារ T.C ជាច្រើនឆ្នាំមកហើយ នៅតាមបណ្ដាខេត្តខ្លះក៍បានដាក់ពាក្យ សុំឈប់បម្រើការងារនៅ T.C នោះដែរ… ព្រោះតែពួកគាត់មិនពេញចិត្ត ឬមិនអាចស៊ូទ្រាំ នៅធ្វើការងារ បានតទៅទៀតក្រោមការដឹកនាំ តាមរបៀប«ពស់ប្រឹងលេប, កង្កែបប្រឹងរើបំរះ»របស់អគ្គនាយកថ្មីឡាយ ម៉ារីវ៉ូជា បុរសសំបូរទៅដោយ អ្នកខឹងសម្បារ ឬអ្នកស្ពប់ខ្ពើមនោះ ។ មិនតែប៉ុណ្ណោះសូម្បីតែមន្ត្រីៗ និយោជិតខ្លះ ដែលដល់អាយុ ត្រូវចូលនិវត្តន៍ហើយក៍មិនពេញចិត្តទាល់តែសោះ ចំពោះអគ្គនាយកថ្មីឡាយ ម៉ារីវ៉ូនោះដែរ … ដោយសារតែ ពួកគាត់បានប្រាប់ថា តាមផ្លូវច្បាប់… បានអនុញ្ញាតិឲ្យពួកគាត់អាចនៅបន្ត ធ្វើការងារបាន ១ឆ្នាំទៀត… ដល់ពេលពួកគាត់បានដាក់ពាក្យ សុំបន្តការងារ គោរពជូនទៅលោកឡាយ ម៉ារីវ៉ូអគ្គនាយកថ្មីនេះ មិនស៊ីញ៉េឲ្យនោះទេ ។ តែបើមានមន្ត្រីៗណា ដាក់ពាក្យសុំឈប់ធ្វើការងារ… បែរជាអគ្គនាយកឡាយ ម៉ារីវ៉ូស៊ីញ៉េ ឲ្យភ្លាម… ដោយមិនសួរនាំពីមូលហេតុ មានសតិអារម្មណ៍អ្វីទាល់តែសោះឡើយ ។ បញ្ហានេះ ក៍បានធ្វើឲ្យកើតមាន ការប្ដឹងផ្ដល់គ្នារវាងមេកោយថ្មី និងកូនចៅទៅដល់ ឯកឧត្តមប្រាក់ សុខុនរដ្ឋមន្ត្រី ក្រសួងប្រៃស៍ណីយ និងទូរគមនាគមន៍ ព្រមទាំងស្ថាប័នសំខាន់ៗ (សុំលាក់ទុកសិន) កន្លងទៀតផង ។
បច្ចុប្បន្ន មានបុគ្គលិក មន្ត្រីបម្រើការងារ នៅទូរគមនាគមន៍កម្ពុជា (T.C) បាននិងកំពុងនាំគ្នា សម្ដែងការក្ដៅក្រហាយ ខឹងសម្បារកាន់តែខ្លាំងឡើងៗហើយ ចំពោះលោកឡាយ ម៉ារីវ៉ូ ដោយពួកគាត់បានចោទប្រកាន់ថា លោកអគ្គនាយកថ្មីនេះ តែងប្រើអំណាចរបស់ខ្លួនក្នុងការដក និងផ្លាស់ប្ដូរតំណែង មន្ត្រីៗ និយោជិត ឲ្យចេញពីការងារពីកន្លែងមួយ ទៅកន្លែងមួយ តាមអំពើចិត្ត អត់សមហេតុផល…ធ្វើឡើងអត្តនោម័ត ដោយមិនបាន សួរយោបល់អ្វី ឬមានការព្រមព្រៀងពីសាមីខ្លួនទាល់តែសោះ ដែលមិនខុសពី គំនុំសងសឹកឬបង្ខំឲ្យមន្ត្រីចាស់ចេញ ដាក់បក្ខពួកខ្លួនចូល ដើម្បីតែផលប្រយោជន៍អាថ៌កំបាំងអ្វីនោះទេ ។
ទង្វើខាងលើ ត្រូវបានបុគ្គលិក និយោជិតភាគច្រើន និយាយប្រាប់ថា វាបានកើតឡើងក្រោយពេលលោកឡាយ ម៉ារីវ៉ូឡើង ធ្វើអគ្គនាយកថ្មីនៃ ទូរគមនាគមន៍កម្ពុជា (T.C) ដែលករណីបែបនេះមិនធ្លាប់មានឡើយ កាលពីសម័យ អគ្គនាយកមុនៗ កន្លងមក ។ ជាក់ស្ដែង គ្រាន់តែលោកឡាយ ម៉ារីវ៉ូបានឡើងធ្វើជា អគ្គនាយកថ្មី T.C ភ្លាម… គាត់ (ឡាយ ម៉ារីវ៉ូ ) បាននិងកំពុងធ្វើឲ្យ កើតមានបញ្ហា បែកបាក់ផ្ទៃក្នុងកាន់តែច្រើនឡើងៗ បន្ទាប់ពីលោកអគ្គ នាយកថ្មីម្នាក់នេះបានយកមនុស្សថ្មីម្នាក់ដែរ មកពីខាងក្រៅឈ្មោះឈួន ចន្ធូឲ្យមកធ្វើជា ជំនួយការរបស់ខ្លួន កាន់កាប់ក្ដោបក្ដាប់ ការងារសំខាន់ៗផ្ដាច់មុខតែឯង យ៉ាងអាថ៌កំបាំងបំផុត… ជាពិសេស ការងារពាក់ព័ន្ធនឹងលុយកាក់… ។ ប៉ុន្តែផ្ទុយទៅវិញ មន្ត្រីៗដែលធ្វើការងារជាច្រើនឆ្នាំមកហើយៗ ជាអ្នកមានបទពិសោធន៍ ធ្លាប់ដឹងរឿងផ្ទៃក្នុងការងារច្បាស់លាស់នោះ ត្រូវបានអគ្គនាយកថ្មីឡាយ ម៉ារីវ៉ូ ព្យាយាមកម្ចាត់ចេញ ឬបង្ខំឲ្យចាកចេញ ដោយខ្លួនឯង ជាបន្តបន្ទាប់ ។
មានប្រភពខ្លះ បានខ្សិបប្រាប់ទៀតថា ការដឹកនាំតាមរបៀប«ផ្ដាច់ការ បក្ខពួកនិយម…»របស់អគ្គនាយកថ្មីឡាយ ម៉ារីវ៉ូដែល ធ្វើឲ្យបុគ្គលិក មន្ត្រីៗថ្នាក់ក្រោម នាំគ្នាស្អប់ខ្ពើមនិងខឹងសម្បារ កាន់តែខ្លាំងឡើងៗនោះ ក៍បានធ្វើឲ្យអង្គភាព T.C ខាតបង់ប្រាក់ចំណូល មិនតិចម៉ឺនដុល្លារទេ ក្នុងរយៈពេលប៉ុន្មានខែមកនេះ ។ អ្នកខ្លះ សម្ដែងការព្រួយបារម្ភថា បើឯកឧត្តមប្រាក់ សុខុនរដ្ឋមន្ត្រី ក្រសួងប្រៃស៍ណីយ និងទូរគមនាគមន៍ មិនឆាប់ដោះស្រាយ ឬដកតំណែងលោកឡាយ ម៉ារីវ៉ូចេញ ពីអង្គភាព T.C នោះជាបន្ទាន់ទេ… ខ្លាចក្រែងតែ T.C អាចនឹងត្រូវដួល រលំរលាយ លក់ឡាយឡុង ទៅឲ្យក្រុមហ៊ុនបរទេសដូចករណីក្រុមហ៊ុន ខាំមីនថែល ជាមិនខានឡើយ… ដោយហេតុថាក្នុងពេលក្រុមហ៊ុន ខាំមីនថែល ត្រូវដួលរលំនោះ គឺលោកឡាយ ម៉ារីវ៉ូធ្លាប់ធ្វើជា អគ្គនាយក ក្រុមហ៊ុន ខាំមីនថែល ។
ជាក់ស្ដែង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ មានបុគ្គលិកនិយោជិតជាច្រើននាក់ បានប្រមូលផ្តុំគ្នាតវ៉ា សម្ដែងមតិរបស់ខ្លួនជុំវិញករណីបាត់លុយ នៅក្នុងស្ថាប័ន ទូរគមនាគមន៍នេះ ដោយពួកគេទទូចឲ្យមានការស៊ើបអង្កេតស៊ីជម្រៅ ពាក់ព័ន្ធនឹងការ បាត់បង់ថវិកាជាង ២០ម៉ឺនដុល្លារអាមេរិក ដែលបានមកពីការ សងបំណុលរបស់ ក្រុមហ៊ុនទូរគមនាគមន៍មួយ ។ក្រៅពីការស៊ើបអង្កេតទៅលើ លោកសែម សំអាងដែលជាប្រធាន ផ្នែក ប្រមូលចំណូល និងបំណុល និយោជិកក៏ចង់ឃើញការស៊ើបអង្កេតធ្វើឡើង ចំពោះអ្នកពាក់ព័ន្ធមួយចំនួនទៀតដែលមានតួនាទីកាន់តែខ្ពស់ ដោយនិយោជិកលើកឡើងថា ការប្រព្រឹត្តនេះជាការបើកដៃពីថ្នាក់លើ ។
កាលនោះបុគ្គលិក ទូរគមនាគមន៍បញ្ជាក់ថា ក្នុងចំនួនលុយសរុប៦០ម៉ឺនដុល្លារ ដែលក្រុមហ៊ុនមួយឈ្មោះ ណេអូខម (NEOCOM) បានសងទៅទូរគមនាគមន៍កម្ពុជា ក្នុងរយៈពេល ២១ខែ គឺមានតែ ៣៧ម៉ឺនដុល្លារប៉ុណ្ណោះ ដែលត្រូវបានដាក់បញ្ចូល ទៅក្នុងលុយចំណូលដែលទូរគមនាគមន៍ប្រមូលបាន ហើយលុយ ២៣ ម៉ឺនដុល្លារទៀតបានបាត់ដោយមិនដឹងមូលហេតុ ។ ក្រុមហ៊ុន ណេអូខម ជំពាក់បំណុលទូរគមនាគមន៍កម្ពុជាជាង ១លាន ៤សែនដុល្លារ ហើយត្រូវបង់រំលស់ចាប់ពី១ម៉ឺន ទៅ ២ម៉ឺន ដុល្លារអាមេរិក ជារៀងរាល់ខែ ។
ទាក់ទងនឹងការចោទប្រកាន់នេះ ទាំងលោកសែម សំអាងនិងលោកខឹម តេងអឿនសុទ្ធតែ បានអះអាងថា វាជាករណីអយុត្តិធម៌ ចំពោះរូបលោកទាំងពីរពីព្រោះលុយដែលប្រមូលបាន ត្រូវពួកគាត់ប្រគល់ឲ្យ ថ្នាក់លើទាំងអស់ ។លោកសែម សំអាងដែលរងការចោទប្រកាន់ បានឲ្យដឹងថា លោកនៅតែរក្សាជំហរថា លោកមិនពាក់ព័ន្ធដដែល ព្រោះលោកបានប្រគល់ លុយទាំងនោះទៅឲ្យលោកណី សំកុលជាប្រធាននាយកដ្ឋាន ហិរញ្ញកម្ម ទទួលបន្ទុកប្រមូលចំណូល និងបំណុល ។
ទូរគមនាគមន៍កម្ពុជា គឺជាស្ថាប័នស្វយ័តចំណុះរដ្ឋផ្គត់ផ្គង់សេវាទូរស័ព្ទ និងអ៊ីនធឺណិត ដែលទទួលការគាំពារផ្នែកហិរញ្ញវត្ថុ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រមទាំងផ្នែកបច្ចេកទេស និងរដ្ឋបាលពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ទូរគមនាគមន៍កម្ពុជា មានបុគ្គលិកសរុបជាង ៦០០នាក់កំពុងបម្រើការនៅទូទាំងប្រទេស ដែលក្នុងនោះមានជាង ៤០០នាក់ធ្វើការនៅរាជធានីភ្នំពេញ និងប្រហែល ២០០ នាក់ផ្សេងទៀតនៅតាមបណ្ដាខេត្ត ។ បុគ្គលិកអង្គភាពនេះ បានឲ្យដឹងដែរថាចាប់តាំងពីការបង្កើត ស្ថាប័នទូរគមនាគមន៍កម្ពុជា នៅឆ្នាំ២០០៦បំណុលជាលុយ ដែលទូរគមនាគមន៍ មិនទាន់ប្រមូលបាន មានប្រមាណ ១៦លានដុល្លារអាមេរិក ដែលបុគ្គលិកមួយចំនួន តែងដាក់ការសង្ស័យថាអាចនឹងមានភាព មិនប្រក្រតីដទៃទៀត នៅក្នុងដំណើរការប្រមូលបំណុលដ៏ច្រើន សន្ធឹកសន្ធាប់នេះ ហើយដែលអាចជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ មួយចំនួនរបស់ស្ថាប័ន ។
ហេតុដូចខាងលើ ធ្វើឲ្យសាធារណជន បាននាំគ្នាសំណូមពរថា សូមឲ្យសម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែននិងឯកឧត្តមឱម យ៉ិនទៀងប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មេត្តាឲ្យជួយចាត់ការ ស៊ើបអង្កេតស្រាវជ្រាវ និងដោះស្រាយរឿងនេះ ដើម្បីកុំឲ្យកើតមានករណីមន្ត្រីត្រីស្អុយ ឬមន្ត្រីគ្រាប់ល្ពៅស្ងោរ ប្រភេទទី៣ឬមន្ត្រីៗ
ជុំវិញព័ត៌មានទាំងនេះ គេហទំព័រយើង បានព្យាយាម សុំការបំភ្លឺពីលោកឡាយ ម៉ារីវ៉ូនិងលោកឈួន ចន្ធូជាបន្តបន្ទាប់ដែរ… តែមិនអាចទាក់ទង បាននៅឡើយទេ… ៕