សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំស្រែឈូក បានឲ្យដឹងថាពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ក្រុមហ៊ុនប៊ិញភឿក១បានដុតបំផ្លាញឈើនៅក្នុងបរិវេណដីសម្បទាន របស់ខ្លួនហើយមានកប់លាក់ទុកមួយចំនួនផងដែរ។ គិតត្រឹមថ្ងៃទី២១ ខែមករាឆ្នាំ២០១៦ មិនទាន់មានសមត្ថកិច្ចចម្រុះនិងកម្លាំងរបស់គណៈកម្មការជាតិដើម្បី ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើចុះទៅដល់ដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនប៊ិញភឿក១នៅឡើយទេហើយឈើជាច្រើន៦ទៅ៧កន្លែង ផ្សេងគ្នាត្រូវបានគេដុតបំផ្លាញឲ្យក្លាយទៅជាផេះ។ បញ្ហានេះប្រជាពលរដ្ឋក្នុងភូមិចក់ចារ ឃុំស្រែឈូកស្រុកកែវសីមា ខេត្តមណ្ឌលគិរីចាំមើលចំណាត់ការរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ទៅលើក្រុមហ៊ុនប៊ិញភឿក១ដែលដុតឈើចោលនិងកប់លាក់ឈើដើម្បីបំបិទ ភស្តុតាង។
ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់យួនឈ្មោះប៊ិញភឿក១ហាក់ដូចជា ផ្គើនទៅនឹងចំណាត់ការរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និង បង្ក្រាបបទល្មើសព្រៃឈើ យ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។ក្រុមហ៊ុនយួនមួយនេះបានទទួលដី សម្បទានសេដ្ឋកិច្ចនៅក្នុងភូមិចក់ចារឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីប៉ុន្តែមិនបានដាំដំណាំកសិ-ឧស្សាហកម្មឲ្យស្របទៅតាម កិច្ចសន្យាជាមួយរដ្ឋាភិបាលកម្ពុជានោះទេ។ផ្ទុយទៅវិញក្រុមហ៊ុនប៊ិញភឿ ក១ បានធ្វើសកម្មភាពកាប់ឈើខុសច្បាប់ដឹកជញ្ជូនយកទៅលក់នៅស្រុកយួនយ៉ាង ពេញបន្ទុកនាពេលកន្លងមកដោយឃុបឃិតជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ច ពុករលួយ។
ទាក់ទងនឹងបញ្ហាខាងលើនេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ជាពិសេសលោកជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមាហាក់ដូចជាព្យាយាមលាក់បាំងតួលេខ បរិមាណឈើដែលក្រុមហ៊ុនប៊ិញភឿក១ដុតបំផ្លាញបំបិទភស្តុតាង។ ហេតុនេះហើយទើបមជ្ឈដ្ឋាននានារង់ចាំមើលចំណាត់ការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើទៅលើក្រុមហ៊ុនយួនមួយនេះ ដែលហ៊ានផ្គើនយ៉ាងគឃ្លើនបំផុតទៅនឹងវិធានការទប់ស្កាត់បទល្មើស បំផ្លាញព្រៃឈើ ៕