ខេត្តបន្ទាយមានជ័យ ៖ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ លោក ឆែ សុធាដែលបានប្រកាសចូលកាន់តំណែង កាលពីថ្ងៃទី២៣ ខែធ្នូ ២០១៥ ជំនួសលោក ថោងសុខាំភូ មិនទាន់បានមួយខែផង រងការរិះគន់ពីអ្នកជំនួញរឿងដាក់កុងត្រូលច្រើនកន្លែង យកលុយពីឈ្មួញដឹកទំនិញ ហើយកំពុងបង្កើតប៉ុស្តិ៍ជជុះថ្មី ២កន្លែង បន្ថែមទៀត នៅមុខតំបន់សេដ្ឋកិច្ចពិសេសក្នុងភូមិសាស្ត្រ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងក្នុងឃុំសំរោងស្រុកអូរជ្រៅ ។
មន្ត្រីជំនាញគយ បានបោះទីតាំងប្រមូលលុយនៅចំណុចសាលាក្រហម តាមបណ្តោយផ្លូវជាតិលេខ៥ចន្លោះស្វាយស៊ីសុផុន ទៅប៉ោយប៉ែត កំពុងបង្កសកម្មភាពប្រដេញឡានដឹកទំនិញ អាចនឹងបង្កឲ្យមានគ្រោះថ្នាក់ ដល់អ្នកដំណើរព្រោះការប្រមូលពន្ធ និងបង់ពន្ធ មាននៅច្រកអន្តរជាតិប៉ោយប៉ែត គួរតែធ្វើនៅទីនោះឱ្យហើយ មិនចាំបាច់នាំគ្នាប្រដេញឡានដឹកទំនិញ ឡើងប្រសេចប្រសាចឡើយ ។
អ្នកជំនួញតូចធំ ដែលដឹកទំនិញ ពីប្រទេសសៀម ឆ្លងកាត់ផ្លូវជាតិលេខ៥ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានរិះគន់ថា ពីមុនពួកគាត់រំពឹងថាការធ្វើអាជីវកម្មរបស់ពួកគាត់ អាចនឹងមានភាពប្រសើរឡើង ក្រោយពីលោក ឆែសុធា ចូលកាន់តំណែង ជំនួសលោក ថោង សុខាំភូ តែផ្ទុយទៅវិញមានបញ្ហាកាន់តែស្មុគស្មាញ ព្រោះចំនួនកុងត្រូលជជុះឬប៉ុស្តិ៍ត្រួតពិនិត្យ របស់ក្រុមគយ មានចំនួនច្រើន។
បញ្ហាខាងលើនេះ អ្នកជំនួញតូចធំ ដែលដឹកទំនិញ ពីប្រទេសសៀមឆ្លងកាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានសំណូមពរឲ្យមន្ត្រីជាន់ខ្ពស់ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគប្បីត្រួតពិនិត្យ សកម្មភាពការងារ របស់លោក ឆែ សុធាប្រធានសាខាគយនិងរដ្ឋាករ ខេត្តបន្ទាយមានជ័យ ឡើងវិញផងព្រោះបើមន្ត្រីជំនាញ បំពេញការងារមិនត្រឹមត្រូវ និងធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋជាច្រើនក្នុង១ឆ្នាំៗ ៕