​បែកធ្លាយ​លោក អ៊ុំ ប៉ុណ្ណា​ការ ចង​មុង​ដេញថ្លៃ​ទុកឱ្យ​លោក ហង្ស សុគា ដោយ​អូ​តូ​ម៉ា​តិច​ងាយស្រួល​កេងកឹ​បលុយ​បច្ចេកទេសចែក​គ្នា !

ថ្មីៗ​មាន​ករណី​បែកធ្លាយ​រិះគន់ថា លោក អ៊ុំ ប៉ុណ្ណា​ការ ដែល​មាន​តួនាទី​ជា​ខុទ្ទកាល័យ​រង​នៃ​ទីចាត់ការ​លទ្ធកម្ម សម្រាប់​ការវិនិយោគ​នៃ​សាលា​ខេត្តកំពង់ចាម បាន​ឃុបឃិត​បើក​កញ្ចប់​ចង​មុង​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋាន​ជា “​គោលនយោបាយ​មូលនិធិ​ជាតិ និង​មូលនិធិ​ភូមិ ឃុំ សង្កាត់​”​ទៅឱ្យ​ឈ្មោះ ហង្ស សុគា ជា​បក្ខពួក ដើម្បី​ងាយ ស្រួល​ប្រព្រឹត្ត​អំពើពុករលួយ ។ ហើយ​ដែល​គេ​ស្គាល់​ថា លោក ហង្ស សុគា ជា​នាយ​សឹក​រង​ស្រុក​ព្រៃឈរ ជា​ដៃគូ​ជិតដិត​របស់ លោក អ៊ុំ ប៉ុណ្ណា​ការ នោះ​តែម្តង ។​

​ពាក់ព័ន្ធ​នឹង​ករណី​ដេញថ្លៃ​វិនិយោគ​នៅ​ខេត្ត​កំពង់ចាម បាន​ខ្សឹប​ទម្លាយ​ព័ត៌មាន​ដ៏​រសើប​នេះ បន្ទាប់​ពី​គម្រោង​ដេញថ្លៃ ជួសជុល​ផ្លូវ ២​ខ្សែ នៅ​ឃុំ​មៀន និង​ឃុំ​ក្រូច ស្រុក​ព្រៃឈរ កាលពី​ពេល​ថ្មីៗ​នេះ ទំនង​ជា​បង្កប់​នូវ​ភាពមិនប្រក្រតី ដែល​ពួក គាត់​សង្ស័យ​ជា​ការដេញថ្លៃ​ចង​មុង​ចែកគ្នា​ស៊ី កេងប្រវ័ញ្ច​លុយ​ជាតិ ។ ហើយ​ដែល​ជា​ទូទៅ​មន្ត្រី​ក្រុមហ៊ុន​ចង​មុង​ដេញថ្លៃ​ទាំង នោះ ច្រើន​ទុក​គម្រោង​ជា​សាច់​កាប់ ។​

​ក្រុមហ៊ុន​វិនិយោគ​ទាំងនោះ បាន​ខ្សឹប​ទម្លាយ​ឱ្យដឹងទៀតថា កាលពី​ព្រឹក​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០១៥ កន្លងទៅ នេះ គឺ​សាលាឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បាន​បើក​គម្រោង​ដេញថ្លៃ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន ( មូលនិធិ​ភូមិ ឃុំ សង្កាត់​)​ដោយ​មេឃុំ​ទាំងពីរ ជា​ម្ចាស់​លទ្ធកម្ម និង​មាន​ការចូលរួម​ពី​សំណាក់ លោក អ៊ុំ ប៉ុណ្ណា​ការ នាយករង ទីចាត់ការ​វិនិយោគ​ខេត្ត​កំពង់ចាម​ជា​ប្រធាន ។

​តាម​ប្រភព​ទម្លាយ​ដូចជា ក្នុង​គម្រោង​ទី ១ នៅ​ឃុំ​មៀនបាន​ចំណាយ​ទឹកប្រាក់ ជួសជុល​ផ្លូវ​ជាង ២​គីឡូម៉ែត្រ ដែល មាន​ទឹកប្រាក់​ចំនួន ៩៣.៨៦០.៧៣០០​រៀល ។ ដូចជា គម្រោង​ជួសជុល​ផ្លូវ​ឃុំ​ក្រូច​វិញ មាន​ទឹកប្រាក់​ចំនួន ៥២.៨៦០.៧៣០ រៀល ហើយ​អ្នកមាន​សិទ្ធិ​ចូលរួម​ដេញថ្លៃ មានតែ ៤​ក្រុមហ៊ុន ចូលរួម​ដេញថ្លៃ​ជួសជុល​ផ្លូវ​ទាំង ២​ឃុំ​នោះ ដោយ​ឈ្មោះ ហង្ស សុគា មេបញ្ជាការ​សឹក​រង​ស្រុក​ព្រៃឈរ​បាន​ទទួល​គម្រោង​នោះ ពុំ​បាច់​ចំណាយ​ញើស​ឈាម​ទាល់តែសោះ ។​

​តាម​ក្រុម​អ្នកវិនិយោគ​ខាងលើ​បាន​ខ្សឹប​ឱ្យដឹងទៀតថា ការដេញថ្លៃ​នោះ​ទំនង​ជា​បង្កប់​ទៅដោយ​អំពើពុករលួយ ព្រោះ ប្រាក់​ប៉ាន់ស្មាន និង​ប្រាក់​លម្អៀង​ដែល​ដេញ​បាន​នោះ វា​ខុស​គ្នា​យ៉ាងច្រើន និង​បាន​ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់​តែ​ចំណេញ​ក្រុមហ៊ុន និង​បក្ខពួក ដែល​គេ​រៀបចំ​ជា​ប្រព័ន្ធ​ចង​មុង​ទុក​រួចជាស្រេច ។

​យោង​តាម​ទឹកប្រាក់​ប៉ាន់​ការដេញថ្លៃ​នៅ​ឃុំ​មៀន ចំនួន ៩៣.៨៦០.៧៣០០​រៀល គេ​ដេញ​ចុះ​មក​ត្រឹមតែ ៩២.៤៦៦.០០០​រៀល ធ្លាក់​តែ​ជាង ១​លាន​រៀល​ប៉ុណ្ណោះ ហើយ​ប្រាក់​ប៉ាន់ស្មាន​នៅ​ឃុំ​ក្រូច​ចំនួន​៥២.៨៦០.៧៣០ រៀល គេ​ដេញ​ចុះ​មក​ត្រឹម ៥១.៥០០.០០០​រៀល​ប៉ុណ្ណោះ គឺ​ធ្លាក់​តែ​ជាង ១​លាន​រៀល​ដូចគ្នា ។ ដូច្នេះ​ការដេញថ្លៃ​នេះ គ្មាន​គណនេយ្យភាព និង​តម្លាភាព​ទេ គឺជា​ការរៀបចំ​គម្រោង​របស់​ក្រុម​បក្ខពួក​ដែល​ខុស​ពី​ការដេញថ្លៃ កាលពី​ថ្ងៃ​ទី ១២ ខែមិថុនា ឆ្នាំ​២០១៥ លើ​គម្រោង​ជួសជុល​ផ្លូវ​នៅ​ឃុំ​មេ​ព្រីង ស្រុក​បាធាយ ខេត្ត​កំពង់ចាម​ដែរនោះ គឺ​គេ​ដេញថ្លៃ​ដ៏​មាន​តម្លា ភាព​មួយ ហើយ​រដ្ឋ​សល់​លុយ​ចំណេញ​ច្រើន គឺ​ប្រាក់​ប៉ាន់ស្មាន​ជា​ង ៤០​លាន​រៀល គេ​ដេញ​បាន​តែ​ជាង ១៥​លាន​រៀល​ប៉ុណ្ណោះ គឺ​រដ្ឋ ចំណេញ​លុយ​ច្រើន តែ​គម្រោង​ដេញថ្លៃ ២​ឃុំ​ខាងលើ​នេះ បែរ​ជា​រដ្ឋ​សល់​លុយ​តែ​ជាង ១​លាន​រៀល ក្នុង​១​គម្រោង ហើយ​អ្វី ដែល​គេ​សង្ស័យ​បំផុត​នោះ គឺ​មាន​អ្នកចូលរួម​ដេញថ្លៃ​តែ ៤​ក្រុមហ៊ុន​ប៉ុណ្ណោះ ឯ​ក្រៅពីនេះ គេ​មិន​ឱ្យ​ចូល​ដេញថ្លៃ​ទេ បិទ​ការលក់ Bid ស្ងាត់ៗ ។ ដូច្នេះហើយ​ទើប​បានជា​ក្រុមហ៊ុន​ទម្លាយ​ឱ្យ​កាសែត​ចុះផ្សាយ និង​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ការដេញថ្លៃ​នៅ​ឃុំ​មៀន និង​ឃុំ​ក្រូច ឡើង​វិញ​ផង ។​

​ដោយឡែក​ឈ្មោះ អ៊ុំ ប៉ុណ្ណា​ការ នេះ​តាម​ប្រភព​បង្ហើប​ថា គឺ​ល្បីល្បាញ​រត់ការ​ដូរ​ដាក់​ត្រូវប៉ាន់​បំផុត​ជាមួយ និង​គម្រោង​លទ្ធកម្ម​ដេញ​នានា​ក្នុង​សាលា​ខេត្តកំពង់ចាម ហើយ​ដែល​ក្នុង​ថ្ងៃនេះ​ដែរ​ការិយាល័យ​របស់​យើង​ពុំ​អាច​សុំ​ទំនាក់ ទំនង​បាន​ពី​ឈ្មោះ​ពាក់ព័ន្ធ​ខាងលើ​ឡើយ ៕
​ដោយ​ ៖ ស្ទាំង​ខ្មៅ​

hunheng_lunlimthai