សកម្មភាពបូមខ្សាច់ក្នុងព្រែកកំពត ត្រូវបានសកម្មជនបរិស្ថានអះអាងថា មិនមានច្បាប់អនុញ្ញាតអ្វីនោះទេ ពោលគឺធ្វើឡើងដោយការឃុបឃិតគ្នាជាប្រព័ន្ធ ដោយមានថៅកែម្នាក់ឈ្មោះ ហួត ជាអ្នករត់ការ បូមខ្សាច់ពីព្រែកធម្មជាតិយកទៅចាក់បំពេញដីរបស់ពួកគេ និងធ្វើអាជីវកម្មលក់បន្ត ហើយថែមទាំងចាក់ដីបំពានចំណីព្រែក ដើម្បីវាតយកដីសង់សំណង់ទៀតផង។
សកម្មជនបរិស្ថាននៅខេត្តកំពតបានរាយការណ៍មកថា ការបូមខ្សាច់ដើម្បីធ្វើអាជីវកម្ម ត្រូវគេធ្វើឡើងទាំងបើកចំហ ក្នុងភូមិសាស្ត្រគល់ស្ពានព្រែកកំពត ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ដោយមិនមានមន្ត្រីពាក់ព័ន្ធណាម្នាក់ធ្វើដឹងឮនោះឡើយ។ ប្រភពដដែលបានបញ្ជាក់ថាក្នុងភូមិសាស្ត្រខាងលើមិនគួរមានការបូម ខ្សាច់នោះទេ ព្រោះអាចបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន ខណៈឈ្មួញបូមខ្សាច់គ្មានការត្រួតពិនិត្យឲ្យបានហ្មត់ចត់ពីមន្ត្រី ជំនាញនៅឡើយ។
ចំពោះករណីបូមខ្សាច់កណ្តាលក្រុងកំពតនេះ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពតលោក សំ វិចិត្រ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមិនទាន់បានដឹងថាមានសកម្មភាពនេះនៅឡើយទេ និងចាំលោកចុះទៅមើល។ តែប្រជាពលរដ្ឋខេត្តកំពតបានអះអាងសកម្មភាពបូមខ្សាច់ ក្នុងភូមិសាស្ត្រគល់ស្ពានព្រែកកំពត ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត បានកើតឡើងច្រើនខែមកហើយ ដូច្នេះការដែលលោក សំ វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពតឆ្លើយថាចាំចុះទៅមើលនោះវាគ្រាន់តែជាពាក្យ ដោះស្រាយយករួចខ្លួនជាមួយអ្នកសារព័ត៌មានប៉ុណ្ណោះ។
បញ្ហាខាងលើនេះប្រជាពលដ្ឋក្រុងកំពតបានរិះគន់ថា បញ្ហានៅក្នុងខេត្តកំពតមានច្រើនស្អេកស្កះ តែមន្ត្រីជំនាញមិនដែលដោះស្រាយឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលានោះទេ ព្រោះបើប្រជាពលរដ្ឋមិនតវ៉ា ឬសារព័ត៌មានមិនផ្សាយរិះគន់ ពួកមន្ត្រីជំនាញមិនដោះស្រាយឡើយ។ ប្រភពដដែលបានបញ្ជាក់ថានៅក្នុងខេត្តកំពតក៏មានករណីនាំចូល ទំនិញគេចពន្ធពីប្រទេសយួនផងដែរ តែលោក ខូយ ឃុនហួរ ជាអភិបាលខេត្តមិនដែលហ៊ានសួរនាំមន្ត្រីគយ និងមន្ត្រីកាំកុងត្រូលនោះទេ ៕