ឧកញ៉ា​ វ័ន ​ប៊ុនថៃ​ផ្គើន​នឹងវិធាន​ការបង្ក្រាបប​ទល្មើស​ព្រៃឈើ​របស់រាជ​រដ្ឋាភិបាល​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ និង​មន្ត្រី​អាជ្ញាធរ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ឧកញ៉ា វ័ន ប៊ុន​ថៃ មាន​ខ្នងបង្អែក​ក្រាស់​ទើប​ហ៊ាន​បំពាន​ទៅនឹង​វិធានការ​បង្ក្រាប​បទល្មើស​ ព្រៃឈើ​ដែល​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុង​អនុវត្តន៍​ដោយ​យកចិត្តទុកដាក់​។ សកម្មភាព​ជីកដី​កប់​ឈើ​ប្រណីត​នៅក្រោយ​ឃ្លាំង​របស់ខ្លួន​ក្នុងស្រុក​ អូររាំងឪ ជា​ភស្តុតាង​បង្ហាញថា​ឧកញ៉ា វ័ន ប៊ុន​ថៃ មិន​ញញើត​ទៅនឹង​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​បទល្មើស​ ព្រៃឈើ​និង​បង្ក្រាប​បទល្មើស​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន​នោះទេ​។ ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន គួរ​មាន​វិធានការ​ទៅលើ​ឧកញ៉ា វ័ន ប៊ុន​ថៃ ជាបន្ទាន់​កុំ​ឲ្យ​ឈ្មួញ​ឈើ​រូបនេះ​ធ្វើ​អ្វីៗ​យ៉ាង​ក្រអឺតក្រទម​បន្តទៀត​។

ថ្មីៗ​នេះ​ក្នុងខណៈដែល​កម្លាំង​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុង​ចាត់វិធានការ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​នោះ ស្រាប់តែ​ឧកញ៉ា វ័ន ប៊ុន​ថៃ បន្តសកម្មភាព​ដឹកឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ងងើល​។ ប៉ុន្តែ​រថយន្ត​ដឹកឈើ​របស់​ឧកញ៉ា វ័ន ប៊ុន​ថៃ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បង្ក្រាបបាន​នៅក្នុង​ទឹកដី​ខេត្តព្រៃវែង ហើយ​រហូតមក​ដល់ពេលនេះ​មិនទាន់​ឃើញ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​ បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​ទៅលើ​ឧកញ៉ា វ័ន ប៊ុន​ថៃ តាមច្បាប់​នៅឡើយ​ទេ​។

​ឥឡូវនេះ​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​ អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ឧកញ៉ា វ័ន ប៊ុន​ថៃ បាន​ជីកដី​កប់​ឈើ​ប្រណីត​នៅ​ខាងក្រោយ​ឃ្លាំង​ស្តុក​ឈើ​របស់ខ្លួន​ក្នុងស្រុក ​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។ ទង្វើ​របស់​ឧកញ៉ា វ័ន ប៊ុន​ថៃ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា ជាការ​ផ្គើន​ទៅនឹង​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​រាជរដ្ឋាភិបាល​ យ៉ាង​គឃ្លើន​បំផុត​។ រូបភាព​នៃ​ការ​ជីកដី​កប់​ឈើ​ប្រណីត​របស់​ឧកញ៉ា វ័ន ប៊ុន​ថៃ ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។ ហេតុនេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​មាន​វិធានការ​តាមច្បាប់​ទៅលើ​ឧកញ៉ា វ័ន ប៊ុន​ថៃ ដើម្បី​ជាការ​ព្រមាន​ដល់​ឈ្មួញ​ឈើ​ដទៃទៀត​ផងដែរ កុំ​ឲ្យ​បន្ត​បំពាន​ច្បាប់​៕

wood_illegal1