ការពិត​ទេ ! ឧកញ៉ា អាន ម៉ារ​ឌី កាប់​ឈើ​ក្រោមរូបភាព​ដី​សម្បទាន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ !

​គេ​ពុំ​ច្បាស់​ទេ​ថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ អាន​ម៉ារ​ឌី​គ្រុប របស់​ឧកញ៉ា អាន ម៉ារ​ឌី ត្រូវបាន​គេ​ដឹងថា ទទួលបាន ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​រាប់ម៉ឺន​ហិកតា​នៅក្នុង​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ សម្រាប់​ដាំ​កៅស៊ូ​។ ក៏​ប៉ុន្តែ​ជាក់ស្តែង​ក្រុមហ៊ុន​របស់ ឧកញ៉ា អាន ម៉ារ​ឌី ដាំ​កៅស៊ូ​បាន​តិច​ជាង​៥០០​ហិកតា​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ប្រើប្រាស់​រូបភាព​ដី​សម្បទា​ន​សេដ្ឋកិច្ច​ដើម្បី​កាប់ ឈើ​និង ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​។​

​ជាក់ស្តែង​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឧកញ៉ា អាន ម៉ារ​ឌី ត្រូវបាន​គេ​រកឃើញ​ស្តុក​ទុក​ឈើ​ជា​ច្រើន​ក្នុង ពេល​ថ្មីៗ​នេះ​។​
​តាម​ប្រភព​ពី​មន្ត្រី​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​របស់​គណៈកម្មកា​រ ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បានឱ្យដឹងថា នៅក្នុង​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ឧកញ៉ា អាន ម៉ារ​ឌី មាន​រោងចក្រ​អារច្រៀក​ឈើ​ចំនួន​២​កន្លែង ហើយ​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​យី​ឌុប​មិនតិចជាង​១០​គ្រឿង​ទេ​ដែល​ចូល​ទៅ ដឹកឈើ​ចេញពី​រោងចក្រ​នោះ​។​

​ថ្មីៗ​គេ​បាន​រកឃើញថា ក្រុមហ៊ុន​ឧកញ៉ា អាន ម៉ារ​ឌី មិន​បាន​ដាំ​កៅស៊ូ​ដូច​អ្វី​ដែល​មានចែង​ក្នុង​កិច្ចសន្យា​ជាមួយ​ក្រសួង​ កសិកម្ម និង​រាជរដ្ឋាភិបាល​នោះទេ ហើយ​គេ​បែរជា​ធ្វើ​សកម្មភាព​កាប់​ឈើ​ដឹក​ចេញពី​ព្រៃ​ឡង់​យកមក​អារច្រៀក ក្នុង​រោងចក្រ​របស់​ខ្លួន ហើយ​ដឹកជញ្ជូន​ចេញ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ រារាំង ឡើយ​។​

​ប្រភព​បាន​ឱ្យដឹងទៀតថា ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ឧកញ៉ា អាន ម៉ារ​ឌី នៅក្នុង​ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ហើយ​ទីតាំង​នោះ​ក្លាយជា​តំបន់អបគមន៍​ជា​យូរ​មក​ហើយ ព្រោះ​មាន​ការ​យាម​កាន​យ៉ាង​តឹងតែង​មិនឱ្យ​អ្នកសារព័ត៌មាន​ចូល បានទេ​។​

​ដោយឡែក​ថ្មីៗ​នេះ គេ​បាន​ឃើញ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ថ្លែង​ការពា​រថា ក្រុមហ៊ុន​នេះ​ពុំ​មាន​ការកាប់​ឈើ​ខុសច្បាប់ ទេ ។ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​បើក​ការ​ស៊ើប អង្កេត​ជាបន្ទាន់ ព្រោះ​ឧកញ៉ា អាន ម៉ារ​ឌី កាប់​ឈើ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ជា​យូរ​មក​ហើយ ធ្វើឱ្យ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១ ក្នុងព្រៃ​ឡង់ នៃ​ខេត្ត​កំពង់ធំ ស្ទើរតែ​វិនាស​សាប​សូន្យ ។​

​ទោះយ៉ាងណា ប្រសិនបើ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិន​ហ៊ាន​ចាត់ការ​លើ​មេ​ឈ្មួញ អាន ម៉ារ​ឌី ទេ​នោះ​គឺ​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នឹង​ក្លាយជា​រឿង​ឥតន័យ ជាមិនខាន តែ​យ៉ាងណាក៏ដោយ​ក៏​គេ​សង្ស័យថា កន្ទេល​ធំ​អាច​មាន​បទល្មើស​បន្លំ​ដេក ដែល​គួរ​គណៈកម្មការ​ថ្នាក់​ជាតិ​ដាក់​ការសង្ស័យ​ស៊ើបអង្កេត​ពី​ជម្រៅ​ផង ។​/
​ដោយ​ ៖ វេ​ហ៌ា​

1455837_771301759584990_5606784448003550851_n