មិនគួរឱ្យជឿ ខណៈដែលគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស ព្រៃឈើ កំពុងចាត់វិធានការទប់ស្កាត់ សកម្មភាពរត់ពន្ធឈើទៅស្រុកយួននោះ មានសេចក្តីរាយការណ៍ថា រថយន្តបង្កុងជាច្រើនគ្រឿង សម្រុកដឹកឈើចេញ ពីតំបន់ព្រៃការពារWWFមក ស្តុកទុកក្នុងដីចម្ការកៅស៊ូក្រុមហ៊ុនឌីធីស៊ី(DTC) របស់ឧកញ៉ា លក្ខណ៍។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា បានឱ្យដឹងថា ដីចម្ការកៅស៊ូរបស់ឧកញ៉ា លក្ខណ៍ មានទីតាំងនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ហើយក្រុមជនល្មើសបានដឹកឈើចូលទៅទីតាំងដីចម្ការកៅស៊ូនោះ ដោយពុំមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។
មកទល់ពេលនេះប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកពេជ្រា ដា បានឱ្យដឹងថា សកម្មភាពរថយន្តបង្កុងដឹកឈើ ចូលទីតាំងដីចម្ការកៅស៊ូរបស់ឧកញ៉ា លក្ខណ៍ នៅឃុំពូជ្រៃ បានកើតឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឱ្យអភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ ចាត់វិធានការលើឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងឧកញ៉ា សឹង សំអុល ដែលល្បីខាងដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួន។
ឈើភាគច្រើនត្រូវបានគេដឹកចេញពីតំបន់ព្រៃការពារWWF ចូលទៅបរិវេណដីក្រុមហ៊ុនឌីធីស៊ី ហើយទាំងមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតមិនហ៊ានប៉ះពាល់ឡើយ។ នៅក្នុងខេត្តមណ្ឌលគិរី នរណាក៏ស្គាល់ឈ្មោះឧកញ៉ា លក្ខណ៍ ដែរព្រោះឈ្មួញរូបនេះរកស៊ីដឹកជញ្ជូនឈើទៅលក់នៅស្រុកយួន និងនាំប្រេងសាំងគេចពន្ធមកលក់ចែកចាយក្នុងខេត្តមណ្ឌលគិរីជាយូរ មកហើយ។
បើតាមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើ ក្នុង ខេត្តមណ្ឌលគិរី បានអំពាវនាវឱ្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស ព្រៃឈើ បើកការស៊ើបអង្កេតនៅក្នុងដីចម្ការកៅស៊ូរបស់ឧកញ៉ា លក្ខណ៍ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ជាបន្ទាន់។
ផ្ទុយទៅវិញ ដោយហេតុថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះមានសកម្មភាពដឹកឈើតាមរថយន្តបង្កុង ជាច្រើនគ្រឿង ចូលទៅក្នុងតំបន់នោះ ដោយមានការបើកដៃពីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ទើបអ្វីៗអាចប្រព្រឹត្តទៅ ដោយរលូនគ្មានឧបសគ្គ។
ប្រសិនបើមិនទប់ស្កាត់បទល្មើសព្រៃឈើរបស់ឧកញ៉ា លក្ខណ៍ ទេនោះមានន័យថា យុទ្ធនាការ បង្ក្រាបឈ្មួញរត់ពន្ធឈើទៅលក់នៅស្រុកយួនគឺជារឿងឥតន័យ ព្រោះឧកញ៉ា លក្ខណ៍ នៅតែអាចធ្វើអ្វីៗតាមអំពើចិត្ត ដោយអាងខ្នងបង្អែកពី លឹម ប៊ុណ្ណា ហៅឧកញ៉ា ខ្នា នោះ ៕
ដោយ ៖ រាជសីហ៍