តាមប្រតិបត្តិការរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និង បង្ក្រាបបទល្មើសព្រៃឈើ រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មិនបានធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំក្រុមប្រជាពលរដ្ឋ NGO និងមជ្ឈដ្ឋាននានាជឿជាក់ថា អ្វីៗប្រព្រឹត្តទៅប្រកបដោយ តម្លាភាពទេ ព្រោះឈ្មួញដែលរត់ពន្ធឈើរកស៊ីបទល្មើសព្រៃឈើទៅស្រុកយួន សុទ្ធតែមានខ្នងបង្អែករឹងមាំ និងនូវតែបន្តរក ក្រោមចន្លោះក្លៀកដោយអាងខ្នងបង្អែកលាក់លួចក្រោមពាក្យថា អាជ្ញាប័ណ្ណស្របច្បាប់ដដែល។
បើតាមប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំបាន គាំទ្រចំណាត់ការរបស់សមត្ថកិច្ចចម្រុះក្នុងការឆែកឆេរឃ្លាំងស្តុកឈើ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងឧកញ៉ា សឹង សំអុល ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្ត គឺឈើទាំងនោះត្រូវគេអះអាងថាជាឈើស្របច្បាប់ ទាំងអស់ ទៅបីជាដឹងថា ឈើទាំងនោះកាប់ខុសច្បាប់ចេញពីតំបន់ព្រៃការពារក៏ដោយ ។
ជាងនេះទៅទៀត ក្រុមអ្នកសង្កេតការណ៍ឯករាជ្យនិងប្រជាពលរដ្ឋទូទៅបានវាយតម្លៃថា ចំណាត់ការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ប្រហែលពុំមានប្រសិទ្ធភាព ឬហ៊ានប៉ះពាល់បង្ក្រាបឈើល្មើសច្បាប់របស់មេ ឈ្មួញទុច្ចរិត ឧកញ៉ា ទ្រី ភាព, លឹម ប៊ុណ្ណា, វ័ន្ត ប៊ុនថៃ និងបក្ខពួកឡើយ ព្រោះតែឈ្មួញអស់នោះមានខ្នងបង្អែកធំៗជាង ច្បាប់អាជ្ញាប័ណ្ណរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ទៅទៀត ដូច្នេះហើយទើបគេវាយតម្លៃថា នាយឧត្តមសេនីយ៍ប៉េអឹម ដែលជាប្រធានដឹកនាំបង្ក្រាបបទល្មើសព្រៃឈើចុងក្រោយតិចតួចនោះ អាចនិងខ្លាចខ្នងបង្អែក ឬមិនហ៊ានប៉ះពាល់តែម្តង ក៏អាចថាបាន ព្រោះថាថ្វីបើជាប្រធានបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិនោះ ប៉ុន្តែទំនងសិទ្ធិអំណាចមិនខ្លាំងលើដៃរបស់ នាយឧត្តមសេនីយ៍នោះទេ ! យ៉ាងណាក៏ត្រូវរាយការណ៍ និងធ្វើរបាយការណ៍ចំៗមុខទៅឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដដែល។ ដូច្នេះហើយទើបគេព្យាករសន្និដ្ឋានថា នូវតែពុំអាចឬគ្មានតម្លាភាពនោះ ។
ផ្ទុយទៅវិញ សកម្មភាពនោះហាក់ដូចវាយកម្ទេចឆ្នាំងបាយ អាជីវកម្មតូចៗបន្លាចប្រមូលទៅឱ្យ(ខ្លាធំស៊ី)ទុកឱ្យក្រុម ទ្រី ភាព និងក្រុមលឹម ប៊ុណ្ណា រកស៊ីល្មើសច្បាប់តែពីរបីនាក់ប៉ុណ្ណោះ ស្រួលកើបលុយកុំឱ្យបែកខ្ទង់កុំឱ្យមានការប្រកួតប្រជែងនាំបែក បញ្ហាក្នុងជំនួញកាប់បំផ្លាញព្រៃឈើយ៉ាងមហន្តរាយនេះអាចជាការពិត ។
ប្រភពប្រជាពលរដ្ឋរស់នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅពេលដែលឈើក្នុងឃ្លាំងរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងឧកញ៉ា សឹង សំអុល គឺជាឈើស្របច្បាប់ គឺប្រតិបត្តិការទប់ស្កាត់ករណីរត់ពន្ធឈើទៅស្រុកយួននឹងក្លាយទៅជា រឿងឥតន័យ។ ជាងនេះទៅទៀតការរកឃើញឈើរបស់ឧកញ៉ាជាច្រើននាក់ និងក្រុមហ៊ុនមួយចំនួន មើលទៅហាក់ដូចជាពុំមានអ្វីច្បាស់លាស់ឡើយ ព្រោះឈ្មួញដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនដូចជា ឧកញ៉ា ខ្នា ឧកញ៉ា សឹង សំអុល ឧកញ៉ា ថៃ និងឧកញ៉ា សី ជាដើម សុទ្ធតែមានខ្នងបង្អែកក្រាស់ចាំការពារគ្រប់ពេលវេលា ហើយអ្វីៗអាចដោះស្រាយដោយស្ងប់ស្ងាត់។
បញ្ហានោះដែរ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលឃ្លាំមើលប្រតិបត្តិការ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រៃឈើ បានវាយតម្លៃថា នៅទីបញ្ចប់ឈើស្របច្បាប់អាចត្រូវគេដឹកជញ្ជូនទៅលក់នៅស្រុកយួន យ៉ាង រលូនដដែល។
ឯចំណែកឈើខុសច្បាប់ដែលសមត្ថកិច្ចចម្រុះរកឃើញក្នុងឃ្លាំង មួយចំនួន និងតាមដីសម្បទានក្រុមហ៊ុនសេដ្ឋកិច្ច គឺអាចត្រូវបានប្រមូលឱ្យមេឈ្មួញ ទ្រី ភាព ដឹកជញ្ជូនទៅលក់នៅស្រុកចិន។ ជាមួយគ្នានេះក្រុមមន្ត្រីសង្គមស៊ីវិលរង់ចាំមើលជាបន្តទៀតចំពោះ វិធានការរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើបានប៉ុន្មានខ្យល់ និងប្រសិទ្ធភាពកម្រិតណា ? ។
ជាការសង្កេត ជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញឈើមូល ឈើឡាំង៤ជ្រុង និងឈើអាររួច យ៉ាងច្រើនសន្ធឹកសន្ធាប់ដែល ឈ្មួញស្តុកទុកក្នុងដីសម្បទាននៅស្រុក សំបូរខេត្តក្រចេះ និងនៅក្នុងព្រៃខេត្តមណ្ឌលគិរី ដែលសុទ្ធសឹងជាឈើខុសច្បាប់របស់ បក្ខពួកដៃជើងក្រុមឈ្មួញ ទ្រី ភាព និងក្រុម លឹម ប៊ុណ្ណា នោះឯង ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋទូទៅនិងមជ្ឈដ្ឋាននានាពុំមានជំនឿលើ ប្រតិបត្តិការរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃឈើ ក្នុងការទប់ស្កាត់សកម្មភាពរត់ពន្ធឈើទៅលក់នៅស្រុកយួននោះទេ ដោយហេតុថា ពេលស្ងប់ ស្ងាត់បន្តិចអ្វីៗអាចកើតឡើងដូចមុនដដែល។ លើសនេះទៅទៀតទំនាក់ទំនងរវាងឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ជាមួយមន្ត្រីជាន់ខ្ពស់ដែលជាខ្នងបង្អែកត្រូវបានគែបង្ហាញឱ្យដឹងជា បន្តបន្ទាប់តាមបណ្តាញទំនាក់ទំនងសង្គម(Facebook) ដូច្នេះនៅទីបំផុតបទល្មើសរត់ពន្ធឈើទៅលក់នៅស្រុកយួនពុំមាន សមត្ថកិច្ចណាអាចទប់ស្កាត់បានឡើយ ។ ដូច្នេះហើយ ទើបក្រុមមជ្ឈដ្ឋានប្រជាពលរដ្ឋ និង NGO រិះគន់ថា ហាក់ដូចជា កម្ទេចអាតូចគ្មានបង្អែកទុកលទ្ធភាពឱ្យក្រុមហ៊ុនធំខ្នង បង្អែកក្រាស់ធំ ទ្រី ភាព និងក្រុម លឹម ប៊ុណ្ណា ងាយស្រួលឱ្យមេឈ្មួញកើបលុយចែកគ្នានោះ ៕
ដោយៈ ពរនេចរ