ទី​តាំងស្តុក​ឈើ​របស់ឈ្មួញ​យួនឈ្មោះ ​យាយ​ព្រឿង​សមត្ថកិ​ច្ចមិន​ទាន់​ឆែក

សកម្មជន​ការពារ​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ថ្មីៗ​កន្លងទៅនេះ​សមត្ថកិច្ច​ចម្រុះ​បាន​ឡោមព័ទ្ធ​និង​ឆែកឆេរ​ទីតាំង​ស្តុក​ ឈើ ព្រមទាំង​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា និង​ឈ្មួញ​មួយចំនួន​នៅក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង​។ ក៏ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​បាន​បើក​ប្រតិបត្តិ​ការពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​នៅ​ក្រុង ​ស្ទឹងត្រែង ហើយ​បែរជា​មើលរំលង​មិន​ហ៊ាន​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​របស់​ឈ្មួញ​ យួន​ឈ្មោះ យាយ​ព្រឿង និង​យាយ​បូ​ង នោះទេ​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​គ្មាន​ជំនឿ​ចំពោះ​ប្រតិបត្តិ​ការបង្ក្រាប​ បទល្មើស​ព្រៃឈើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឡើយ ព្រោះ​មកដល់ពេលនេះ​ឈ្មួញ​ធំៗ និង​ឈ្មួញ​យួន​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅ​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​ ​.។

មួយ​រយៈពេល​កន្លងទៅ​នេះ សមត្ថកិច្ច​ចម្រុះ​បាន​ឆែកឆេរ​ទីតាំង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន​មួយចំនួន​ នៅក្នុង​ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និង​ខេត្តស្ទឹងត្រែង​ជាដើម ហើយ​រកឃើញ​ឈើ​ខុសច្បាប់​រាប់ពាន់​ម៉ែត្រគូប​។ ក៏ប៉ុន្តែ​មិនទាន់​ឃើញ​សមត្ថកិច្ច​ចម្រុះ​មិនទាន់​ឆែកឆេរ​ទីតាំង​ស្តុក​ឈើ និង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​នៅក្នុង​ក្រុង​ស្ទឹងត្រែង របស់​ឈ្មួញ​ឈ្មោះ យាយ​ព្រឿង ដែលជា​ជនជាតិ​យួន​នៅឡើយ​ទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​និង​ក្រុម​សង្គម​ស៊ីវិល ក៏ដូចជា​មជ្ឈដ្ឋាន​នានា​មិនសូវមាន​ជំនឿ​លើ​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​ ចម្រុះ​ក្នុងការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ ក៏ដូចជា​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​នៅឡើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ការពារ​ព្រៃឈើ​មួយចំនួន​បានលើកឡើង​ថា ប្រតិបត្តិការ​របស់​ស​ម​ត្ថ​កិច្ច​ចម្រុះ​មួយ​រយៈពេល​កន្លងទៅនេះ មិនទាន់មាន​លទ្ធផល​គួរ​ឲ្យ​ជឿជាក់​នៅឡើយ​ទេ ព្រោះ​អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែលមាន​ងារ​ជា​ឧកញ៉ា ជា​មន្ត្រីជាន់ខ្ពស់ មន្ត្រី​យោធា និង​ឈ្មួញ​ជនជាតិ​យួន មិន​ត្រូវបាន​បញ្ចេញ​អត្តសញ្ញាណ​ពួកគេ​នៅឡើយ​។ សកម្មជន​ការពារ​ព្រៃឈើ​បាន​ឲ្យ​ដឹង​ទៀតថា ពួកគេ​ពុំមាន​ជំនឿ​លើ​យន្តការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះទេ​ទោះបី​សមត្ថកិច្ច​ចម្រុះ​រកឃើញ​ឈើ​ខុសច្បាប់ និង​ភាពមិនប្រក្រតី​នៃ​បទល្មើស​ដឹកជញ្ជូន​ឈើ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។ ជាក់ស្តែង​មកដល់ពេលនេះ​សមត្ថកិច្ច​ចម្រុះ​មិន​ហ៊ាន​ប៉ះពាល់​ឧកញ៉ា និង​ឈ្មួញ​យួន​មួយចំនួន​ដែល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ យ៉ាង​អនាធិបតេយ្យ​នាពេល​កន្លងមក​នោះឡើយ​៕

wood_stoengtreng_tamtoek