បែកធ្លាយរឿងអាស្រូវពុករលួយបក្ខពួកនិយមរបស់លោក មឹង វីរិយា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត តាកែវ ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈ ។ ហើយក៏បានទម្លាយអំពាវនាវឱ្យលោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគួរតែចាត់វិធានការដោះស្រាយ ផងដែរ។ ក៏ប៉ុន្តែរហូតដល់ពេលនេះគេពុំឃើញ លោក អ៊ិត សំហេង ឆ្លើយតបទៅនឹងសំណើរបស់មន្ត្រីភាគច្រើននៅក្នុងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ នោះទេ ។
ផ្ទុយទៅវិញបញ្ហានោះ ហាក់ដូចជាមានអាថ៌កំបាំងយ៉ាងម៉េចមិនដឹង។ មជ្ឈដ្ឋានខ្លះសង្ស័យថា លោក អ៊ិត សំហេង ជាប់ពាក់ ព័ន្ធផលប្រយោជន៍ជាមួយលោក មឹង វីរិយា ទើបបណ្តោយឱ្យមន្ត្រីរូបនេះ នៅបន្តកាន់តំណែងជាប្រធានមន្ទីរការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តតាកែវយ៉ាងក្រអឺតក្រទម។
ទោះជាយ៉ាងណា ឬដោយសារតែភាពព្រងើយកន្តើយរបស់លោក អ៊ិត សំហេង ទើបមន្ត្រី ២៤រូប ក្នុងចំណោមជាង ៣០រូប នៅក្នុងមន្ទីរការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ បាននាំគ្នាផ្តិតមេដៃលើលិខិតផ្ញើជូនលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦។ លិខិតនោះបានស្នើឱ្យលោករដ្ឋមន្ត្រី អ៊ិត សំហេង ដកហូតតំណែងលោក មឹង វីរិយា ចេញពីប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ ដោយរៀបរាប់នូវអំពើអាក្រក់១០ចំណុចរបស់លោក មឹង វីរិយា។
យោងតាមនៅក្នុងលិខិតរបស់មន្ត្រីទាំង២៤រូបបានលើកឡើងថា« យើងខ្ញុំ ទាំងអស់គ្នា សូមអង្វរដ៏ទទូចដល់ ឯកឧត្តម រដ្ឋមន្ត្រីមេត្តាដកលោក មឹង វីរិយា ហើយជំនួសដោយអ្នកដែលមានចិត្តចេះស្រឡាញ់និងគោរពឱ្យតម្លៃដល់ បុគ្គលិក ក្រោមឱវាទ ពីព្រោះទង្វើរាល់ថ្ងៃរបស់លោក មឹង វីរិយា បានធ្វើកន្លងមកយើងខ្ញុំពិតជាមិនអាចអនុគ្រោះនិងទទួលយក បានទេ។ យើងខ្ញុំមានតែទទូចអង្វរឯកឧត្តមដើម្បីសម្រួលភារកិច្ចលោក មឹង វីរិយា ចេញពីមន្ទីរការងារខេត្តតាកែវ ហើយដោយក្តីសង្ឃឹមរង់ចាំនៅចម្លើយយល់ព្រមពីឯកឧត្តម យើងខ្ញុំសូមអធ្យាស្រ័យដ៏ខ្ពង់ខ្ពស់ដោយយើងខ្ញុំមិនអាចចូលបម្រើ ការងារបានទេចាប់ពីពេលនេះតទៅ ព្រោះថាយើងខ្ញុំមានការភ័យខ្លាចអំពីសុវត្ថិភាពនិងបញ្ហាផ្សេងៗដែល គាត់បានគំរាមកន្លងមក»។
ជុំវិញបញ្ហាខាងលើនេះមន្ត្រីរាជការមន្ទីរការងារខេត្តតាកែវ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ ធ្លាប់ធ្វើលិខិតសុំឱ្យលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដកហូតលោក មឹង វីរិយា ចេញពីតំណែងម្តងរួចមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ លោក អ៊ិត សំហេង បែរជារក្សាភាពស្ងប់ស្ងៀម។ ប្រភពពីមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហើបថាប្រហែលលោក អ៊ិត សំហេង ជាប់ពាក់ព័ន្ធផលប្រយោជន៍ជាមួយលោក មឹង វីរិយា ទើបមិនហ៊ានដកមន្ត្រីរូបនេះចេញពីតំណែង ហើយទុកឱ្យវិបត្តិក្នុងមន្ទីរការងារខេត្តតាកែវ រាលដាលកាន់តែខ្លាំងពេញបន្ទុកបែបនេះ។
ផ្ទុយទៅវិញ ដោយសារតែកើតភាពអសកម្មបែបនេះ ក្រុមមន្ត្រីសង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយនោះ ជាបន្ទាន់ផង ក្នុងនាមជាសេនាធិការ និងការងារចំពោះមុខ ៕
ដោយ ៖ តាកែវ